COVID-19
អន្តរជាតិ
វៀតណាម សុំ​ការយោគយល់​ពី​ប្រទេស​នានា​ក្នុងការ​អនុវត្ត​វិធានការ​ទប់ស្កាត់ Covid-19
25, Mar 2020 , 9:39 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Lê Thị Thu Hằng ក្នុងសន្និសីទសារព័ត៌មានកន្លងមក។ រូបភាព AFP
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Lê Thị Thu Hằng ក្នុងសន្និសីទសារព័ត៌មានកន្លងមក។ រូបភាព AFP
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​អះអាងថា​ការអនុវត្ត​វិធានការ​រឹតបន្តឹង​លើ​ការការពារ និង​ទប់ស្កាត់​វីរុស Covid-19 កន្លងមក ពុំមាន​ការរើសអើង​ឡើយ​។ ក្រុង​ហាណូយ បញ្ជាក់​ផងដែរ​ថា គ្រប់ការ​អនុវត្ត​ទាំងអស់ គឺ​ដើម្បី​ធានា​ពី​សុវត្ថិភាព និង​សុខភាព​របស់​ប្រជាជន​វៀតណាម និង​ជនបរទេស​នៅក្នុង​ទឹកដី​វៀតណាម​ប៉ុណ្ណោះ​។

 
​ឆ្លើយតប​នឹង​សំណួរ​បស់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​២០ ខែមីនា ថា​តើ​មានកា​រើសអើង​ចំពោះ​ជនបរទេស​ឬទេ​ក្នុងការ​អនុវត្ត​វិធានការ Covid-19 អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​ឲ្យ​ដឹងថា គ្រប់​ក្រសួង និង​រដ្ឋបាល​គ្រប់​តំបន់​របស់​វៀតណាម បាន​អនុវត្ត​វិធានការ​ដោយយោង​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​ប្រជាជន​វៀតណាម និង​ជនបរទេស​នៅ​វៀតណាម​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Vietnam News លោកស្រី​អ្នកនាំពាក្យ Le Thi Thu Hang បាន​គូសបញ្ជាក់ថា វិធាន​ការដែល​វៀតណាម​អនុវត្ត ក៏​ឈរលើ​ការវិវត្ត​នៃ​វីរុស និង​គោលការណ៍​សុខភាព​អន្តរជាតិ ពោលគឺ​ពុំមាន​ការរើសអើង​ឡើយ​។ លោកស្រី សង្កត់ធ្ងន់ថា ការត្រួតពិនិត្យ​សុខភាព និង​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​លើ​អ្នក​សង្ស័យ​ពី​ការឆ្លង​វីរុស ត្រូវអនុវត្ត​ដូចគ្នា​។​
 
​ជុំវិញ​ការអនុវត្ត​វិធានការ​រឹតបន្តឹង​នានា​លើ​ជនបរទេស លោកស្រី  Le Thi ថ្លែងថា ការអនុវត្ត​បែបនេះ មិនមែន​មានតែ​វៀតណាម​នោះទេ ក៏ប៉ុន្តែ​បណ្តា​ប្រទេស និង​អធិបតេយ្យ​របស់​ពិភពលោក ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏បាន​អនុវត្ត​ស្រដៀង​គ្នា​ដែរ​។  
 
​ជាមួយនឹង​ការអះអាង​នេះ រដ្ឋាភិបាល​វៀតណាម តាមរយៈ​អ្នកនាំពាក្យ​រូបនេះ បាន​សុំ​ការយោគយល់ និង​កិច្ចសហប្រតិបត្តិការ​ពី​បណ្តា​ប្រទេស និង​អធិបតេយ្យ ក្នុងការ​អនុវត្ត​គោលនយោបាយ និង​វិធានការ​របស់ខ្លួន ដែល​អាច​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​ខ្លះ​ជាមួយនឹង​ដៃគូ​។ វៀតណាម ប្តេជ្ញា​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​លើ​ស្ថានភាព និង​ផ្លាស់ប្តូរ​គោលនយោបាយ​អ​នុ​វត្ត​របស់ខ្លួន​៕ 

Tag:
 វៀតណាម​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com