COVID-19
អន្តរជាតិ
លោកស្រី​ការី ឡាំ​៖ ហុងកុង មិនអាច​ទ្រាំទ្រ​នឹង​បាតុកម្ម​បាន​ទៀតឡើយ​
09, Jun 2020 , 8:39 pm        
រូបភាព
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ AFP
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ AFP
​ប្រមុខ​ដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ បាន​អះអាងថា ទីក្រុង​ហុងកុង មិនអាច​ទ្រាំទ្រ​បាតុកម្ម​បាន​ទៀតឡើយ​។ ការលើកឡើង​របស់​ប្រមុខ​ហុងកុង​នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ ធ្វើឡើង​ស្របពេល​ក្រុមបាតុករ​ហុងកុង ប្រារព្ធ​ធ្វើ​ខួប ១​ឆ្នាំ​នៃ​បាតុកម្ម​នៅក្នុង​ទីក្រុង​។​


​តាមរយៈ​សន្និសីទកាសែត​ប្រចាំ​សប្តាហ៍ លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើងទាំងអស់គ្នា អាច​មើលឃើញ​ពី​ផលវិបាក ដែល​យើង​បាន​ឆ្លងកាត់​ពី​អតីតកាល​រួចមកហើយ និង​ដោយសារ​ស្ថានភាព​អាក្រក់​ទាំងនេះ យើង​នៅមាន​បញ្ហា​ជាច្រើន​ទៀត ត្រូវ​ដោះស្រាយ​»​។ ការលើកឡើង​របស់​ប្រមុខ​ហុងកុង​រូបនេះ ធ្វើឡើង​ចំពេល​ខួប ១​ឆ្នាំ​នៃ​បាតុកម្ម​ក្នុង​ទីក្រុង​ហុងកុង ដោយសារតែ​សេចក្តីស្នើច្បាប់​បត្យាប័ន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្នុងន័យនេះ លោកស្រី​ការី ឡាំ បាន​អំពាវនាវ​ឲ្យ​សមាជិកសភា​ហុងកុង​ទាំងអស់ រៀន​ពី​កំហុស ដែល​ហុងកុង​មិនអាច​ទ្រាំទ្រ​បាន​។ ទាក់ទិន​នឹង​បញ្ហា​ខាងលើ ប្រមុខ​ដឹកនាំ​ហុងកុង ទំនងជា​ចង់​សំដៅ​ដល់​បាតុកម្ម​នាពេល​កន្លងមក ហើយ​នៅពេល​ខាងមុខ បាតុកម្ម អាច​នឹង​បន្ត​កើតមាន​ទៀត​ប្រឆាំង​ការបង្កើត​ច្បាប់​សន្តិសុខ​ជាតិ និង​ច្បាប់​ដែល​ដាក់ទោស​អ្នក​មិន​គោរព​ភ្លេង​ជាតិចិន​។ 
 
​កាលពី​ឆ្នាំមុន​ក្នុង​ខែមិថុនា​នេះ ប្រជាជន​ហុងកុង​ជាច្រើន​ម៉ឺន​នាក់ បាន​ចេញមក​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋបាល​ហុងកុង លុបចោល​សេចក្តីស្នើច្បាប់​បត្យាប័ន​។ បើទោះបីជា​សេចក្តីស្នើច្បាប់​ត្រូវបាន​លុបចោល​ក៏ដោយ ក៏​បាតុកម្ម​ហុងកុង​នៅតែ​បន្ត​កើតមាន​រហូត​ដែរ ទល់​តែ COVID-19 បាន​អុកឡុក​នៅក្នុង​ទីក្រុង​មួយ​នេះ ទើប​បាតុករ​ហុងកុង​ផ្អាក​បណ្តោះអាសន្ន​។ 
 
​សេចក្តីស្នើច្បាប់​ភ្លេងជាតិ​ចិន ដែល​ត្រូវបាន​សភា​ហុងកុង អនុម័ត​ក្នុងពេល​កន្លងមកនេះ បូក​រួមទាំង​ការអនុម័ត​ផែនការ​សេចក្តីស្នើច្បាប់​ស​ន្តិ​សុខ​ជាតិ​ហុងកុង ពី​សំណាក់​សភា​ប្រជាជន​ចិន បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​មាន​សារជាថ្មី បើទោះបីជា​ស្ថិតក្នុង​កាលៈទេសៈ COVID-19 ក៏ដោយ​។ 
 
​ក្នុង​ថ្ងៃ​ខួប ១​ឆ្នាំ​នៃ​បាតុកម្ម​ក្នុង​ក្រុង​ហុងកុង​នេះ ប្រជាជន​ជាច្រើន​នាក់​ចេញមក​ជួបជុំគ្នា​នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា​នេះ​ជាថ្មី ហើយ​នៅ​ថ្ងៃទី​១១ ខែមិថុនា ប្រជាជន​ហុងកុង នឹង​ជួបជុំ ដើម្បី​ប្រារព្ធ​ខួប​បាតុកម្ម ១​ឆ្នាំ​។ ក្រៅពីនេះ​ប្រជាជន​ហុងកុង ក៏បាន​ប្រកាស​ពី​គម្រោង​ធ្វើ​ប្រជាមតិ នៅ​ថ្ងៃទី​១៤ ខែមិថុនា ខាងមុខ​ផងដែរ ដើម្បី​សម្រេច​ពី​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រឆាំងនឹង​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​៕ 

Tag:
 ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com