ភ្នំពេញ៖ ក្រសួងកំពុងសិក្សាផ្លូវច្បាប់ជាតិ និងអន្តរជាតិ ជាមួយអន្តរក្រសួង លើករណីការយករចនាបទ្មប្រាសាទអង្គរវត្ត ទៅរចនាលើសណ្ឋាគារ Le Palais នៅក្នុងប្រទេសថៃ។ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ការសិក្សានេះមិនត្រូវការពេលយូរឡើយ តែលោកក៏មិនបានបញ្ជាក់ច្បាស់ ថានឹងបញ្ចប់នៅពេលណាដែរ។ ទោះជាយ៉ាងណា អ្នកវិភាគថា ការយករចនាប័ទ្មប្រាសាទអង្គរវត្ត រចនាលើសណ្ឋាគារ Le Palais នៅក្នុងប្រទេសថៃ មានផលវិជ្ជមាន និងអវិជ្ជមាន។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៧នេះថា អ្វីដែលសណ្ឋាគារ Le Palais ធ្វើខុសគឺមិនបានសុំច្បាប់កម្ពុជា មុនយករចនាបទ្មប្រាសាទខ្មែរទៅសាងសង់ក្នុងសណ្ឋាគាររបស់ខ្លួន។ យ៉ាងណាក៏ដោយ លោកថាភាគីកម្ពុជានៅសិក្សាផ្នែកច្បាប់បន្ថែមទៀត ចំពោះការសាងសង់នេះ។
សូមស្ដាប់ប្រសាសន៍របស់លោក ឡុង ប៉ុណ្ណាសិរីវត្ថ៖
លោក ឡុង ប៉ុណ្ណាសិរីវត្ថ បញ្ជាក់បន្ថែម៖«អ្វីដែលជាអវិជ្ជមានគឺគាត់មិនសុំយើង។ ប៉ុន្តែយើងនៅសិក្សាបន្តទៀត ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ ផ្នែកសេដ្ឋកិច្ច ផ្នែកពាណិជ្ជកម្ម គឺមានជ្រុងដែលត្រូវជជែក ដែលត្រូវលើកទៅខាងភាគីថៃ។ យើងតែងតែជំរុញឱ្យបណ្ដាប្រទេស ដែលជាសមាជិកនៃអនុសញ្ញាទាំងអស់ ជួយផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌របស់យើង។ យើងធ្វើអ្វី យើងមើលជ្រុងវិជ្ជមាន និងជ្រុងអវិជ្ជមាន។ បើវិជ្ជមានច្រើនជាងយើងទទួលយក តែបើអវិជ្ជមានយើងត្រូវប្រាប់ទៅគេ ធ្វើបែបនេះមួយបែបនោះ២»។
ដោយសារសណ្ឋាគារ Le Palais បានសាងសង់ក្នុងទឹកដីថៃ ដូច្នោះហើយ ការធ្វើអ្វីមួយ ត្រូវសិក្សាលើផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងសិក្សាផ្លូវច្បាប់ពាក់ព័ន្ធផ្សេងៗទៀត។ នេះបើតាមលោក ឡុង ប៉ុណ្ណាសិរីវត្ថ ដែលបានបន្ថែមថា ការសិក្សាផ្លូវច្បាប់នេះ មិនត្រូវការប្រើពេលយូរទេ ប៉ុន្តែលោកក៏មិនអាចបញ្ជាក់ច្បាស់ថា វានឹងបញ្ចប់នៅពេលណាដែរ។
សូមស្ដាប់ប្រសាសន៍របស់លោក ប៉ុណ្ណាសិរីវត្ថ៖
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែម៖«យើងត្រូវដោះស្រាយ ដោយធ្វើការសិក្សាទៅលើបទដ្ឋានគតិយុត្តិជាតិនិងអន្តរជាតិ និងគតិយុត្តិផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងអ្វីដែលជាការប្រព្រឹត្តិឡើង របស់ម្ចាស់សណ្ឋាគារ។ ក្រសួងនឹងសិក្សា ប្រមូលព័ត៌មានទាំងអស់ហ្នឹង ហើយយើងនឹងអញ្ជើញអន្តរក្រសួង ដើម្បីជជែកពិភាក្សា រកយន្តការដោះស្រាយ តាមផ្លូវការទូត។ ប៉ុន្តែដោះស្រាយតាមផ្លូវណានោះ យើងត្រូវដោះស្រាយតាមដំណាក់ យើងមិនទាន់អាចនិយាយអ្វីដោយផុយៗបានទេ»។
ជុំវិញបញ្ហាខាងលើនេះ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាន់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដែរថា ការយករចនាបទ្មប្រាសាទអង្គរវត្ត ទៅរចនាលើសណ្ឋាគារ Le Palais នៅក្នុងប្រទេសថៃ អាចមានផលវិជ្ជមាន និងអវិជ្ជមាន។ ចំពោះផលវិជ្ជមានការសាងសង់បែបនេះ អាចជាការជួយផ្សព្វផ្សាយឱ្យប្រាសាទខ្មែរកាន់តែមានភាពល្បីល្បាញ បង្កើនភ្ញៀវទេសចរណ៍ បង្កើនសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាន់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា(រូបផ្ដល់ឱ្យ)
រីឯផលអវិជ្ជមាន អាចមានការភាន់ច្រឡំនៅរយឆ្នាំក្រោយ ចំពោះអ្នកមិនបានអានប្រវត្តិសាស្ត្រខ្មែរ ដោយមិនអាចបែងចែកថារចនាបទ្មនោះ គឺជារបស់ខ្មែរ ឬរបស់ថៃ។ ជាដំណោះស្រាយ លោក ឈត ប៊ុនថង ថាគេអាចសង់សិលាចារិកនៅកន្លែងដែលសាងសង់ថ្មី នៅក្រៅប្រទេស បញ្ជាក់ថារចនាបទ្មនោះ បានចម្លងពីប្រាសាទរបស់ខ្មែរ ឬចុះក្នុងក្រាំងណាមួយកុំឱ្យមានការភាន់ច្រឡំ។
សូមស្ដាប់ប្រសាសន៍របស់លោក ឈត ប៊ុនថង ខាងក្រោម៖
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគរូបនេះ ថាការថែរក្សាមរតកវប្បធម៌ជាតិ គឺត្រូវការចាំបាច់ការយកចិត្តទុកដាក់ពីកូនខ្មែរគ្រប់រូប ក្រុមអ្នកជំនាញ ព្រមទាំងកម្រិតថ្នាក់ដឹងនាំ។
កាលពីថ្ងៃទី៥ តុលា សណ្ឋាគារ Le Palais នៅប្រទេសថៃ ដែលបានយករចនាបថប្រាសាទខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត តុបតែងលម្អនៅសណ្ឋាគារនោះ បានសុំអភ័យទោសកម្ពុជា ក្រោយមានប្រតិកម្មពីសំណាក់ពលរដ្ឋខ្មែរ ។
បើតាមកាសែតបាងកកប៉ុស្តិ៍ សណ្ឋាគារ Le Palais បានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដោយប្តីជនជាតិបារាំង និងប្រពន្ធជនជាតិខ្មែរ បានចូលភាគហ៊ុនជាមួយអ្នកវិនិយោគថៃ ដើម្បីកសាងសណ្ឋាគារ ដែលមានរចនាបទ្មបែបខ្មែរនេះឡើង៕