COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា ព្យាបាល​ជា​អ្នកជំងឺ​កូ​វីដ-១៩​ ២​នាក់​ទៀត ខណៈ​រកឃើញ​អ្នក​ឆ្លង​ម្នាក់​ថែម
25, Nov 2020 , 9:39 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នា​ថ្ងៃទី​២៥ ខែវិច្ឆិកា បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​កូ​វីដ​-១៩​ថ្មី​ម្នាក់ លើ​បុរស​ជនជាតិ​នេ​ប៉ាល់ ដែល​មកពី​ប្រទេស​នេ​ប៉ាល់ ហើយ​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​។ ទន្ទឹមនេះ​ក្រសួង ក៏​ប្រកាស​ករណី​ជាសះស្បើយ​ចំនួន​២​នាក់​ដែរ​។

 
​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា បុរស​នេ​ប៉ាល់​នោះ មាន​អាយុ​៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ បើតាម​ក្រសួងសុខាភិបាល មុន​មកដល់​កម្ពុជា បុរស​នេ​ប៉ាល់​នោះ ធ្លាប់​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ម្តង​រួចហើយ កាលពី​នៅ​ប្រទេស​នេ​ប៉ាល់​ហើយ កាលពី​អំឡុង​ខែតុលា​។ បច្ចុប្បន្ន​បុរស​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​
 
​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​មាន​ករណី​ជាសះស្បើយ​ចំនួន​២​នាក់ លើ​បុរស​ជនជាតិខ្មែរ​អាយុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែតុលា និង​បុរស​ជនជាតិ​អាមេរិក អាយុ​៦៩​ឆ្នាំ ស្នាក់នៅ​ក្នុង​អា​ផាត​មិន (Apartment) ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្វើដំណើរ​មកពី​អាមេរិក ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​។ 
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣០៧​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​២៩៨​នាក់ និង​នៅសល់​៩​នាក់​ទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​៕

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com