អន្តរជាតិ
អ​បិ​យ​ជំនឿ​ត្រូវបាន​គេ​បន្ទោស​ថា​ជា​មូលហេតុ​នៃ​ការកើនឡើង​ករណី​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​ម៉ាឡាវី​
28, Dec 2020 , 6:59 pm        
រូបភាព
​រូប​ឯកសារ​៖ បាតុករ​នាំ​តវ៉ា​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង Blantyre ប្រឆាំងនឹង​ការកើនឡើង​ការបំពាន​ផ្លូវភេទ​ទៅលើ​កុមារី និង​ស្ត្រី​ក្នុងប្រទេស​ម៉ាឡាវី កាលពី​ខែវិច្ឆិកា​។​
​រូប​ឯកសារ​៖ បាតុករ​នាំ​តវ៉ា​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង Blantyre ប្រឆាំងនឹង​ការកើនឡើង​ការបំពាន​ផ្លូវភេទ​ទៅលើ​កុមារី និង​ស្ត្រី​ក្នុងប្រទេស​ម៉ាឡាវី កាលពី​ខែវិច្ឆិកា​។​
ដោយ: VOA
​ប៉ូលិស​នៅក្នុង​ប្រទេស​ម៉ាឡាវី​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទ្វីបអាហ្វ្រិក​បានប្រកាស​នៅ​ពាក់កណ្តាល​ខែធ្នូ​ថា ករណី​រំលោភ​សេពសន្ថវៈ​ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រទេស​នេះ​កើនឡើង​លើស​ទ្វេដង​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ដោយ​ក្មេងស្រីៗ​គឺជា​ជនរងគ្រោះ​ខ្លាំងជាងគេ​។​

 
​ប៉ូលិស​បាន​បន្ទោស​ដល់​អ​បិ​យ​ជំនឿ​ចំពោះ​ការកើនឡើង​នៃ​ការរំលោភ​សេពសន្ថវៈ និង​ការរំលោភបំពាន​ផ្លូវភេទ​នេះ​។ នៅក្នុង​ប្រទេស​នេះ គេ​មានជំនឿថា ការបំផ្លាញ​ភាព​បរិសុទ្ធ​របស់​អនីតិជន​នាំមក​នូវ​សំណាង ឬ​ទ្រព្យសម្បត្តិ​។ ប៉ុន្តែ​អ្នក​ចិត្តសាស្ត្រ​គ្លីនិក​បាន​និយាយថា គេ​គួរតែ​បន្ទោស​ដល់​សុខភាព​ផ្លូវចិត្ត​ជាង​។​
 
​អ្នកនាំពាក្យ​សម្រាប់​ស្នងការ​ប៉ូលិស​ម៉ាឡាវី​លោក James Kadadzera មាន​ក្តីកង្វល់​ដោយសារតែ ការកើនឡើង​នៃ​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​អនីតិជន​កាន់តែច្រើន បើ​ប្រៀបធៀប​ទៅនឹង​ករណី​រំលោភ​សេពសន្ថវៈ​លើ​មនុស្សពេញវ័យ​។​
 
​លោក James Kadadzera បាន​និយាយថា​៖ «​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​នៅក្នុង​ឆ្នាំ​២០២០ យើង​មាន​ករណី​ដែល​ត្រូវបាន​កត់ត្រា​ចំនួន ៤២៣ ករណី​រួចទៅហើយ ដោយ​យើង​មិនទាន់​គិតពី​រយៈពេល​ដែល​នៅ​សេសសល់​ក្នុង​ខែធ្នូ​នោះទេ​។ ទោះជា​យ៉ាងនេះ​ក្តី តួលេខ​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ភាព​បរិសុទ្ធ​របស់​អនីតិជន​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ នៅក្នុង​ឆ្នាំ​២០២០ ទោះបីជា​ខែធ្នូ​មិនទាន់​បញ្ចប់​ក្តី យើង​មាន​ករណី​ដែល​ត្រូវបាន​កត់ត្រា​ចំនួន ១.៧៣៨ ករណី​រួចទៅហើយ​»​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ម៉ាឡាវី​នាពេល​ថ្មីៗ​នេះ​មាន​សុទ្ធតែ​ព័ត៌មាន​អំពី​ការរំលោភ ការរួម​ភេទ​រវាង​សាច់ញាតិ និង​ការបំផ្លាញ​ភាព​បរិសុទ្ធ​របស់​អនីតិជន​។​
 
​តួលេខ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​បង្ហាញថា សម្រាប់​៣​ខែ​ចុងក្រោយ​នៃ​ឆ្នាំនេះ​តែប៉ុណ្ណោះ អត្រា​នៃ​ការរំលោភបំពាន​ផ្លូវភេទ​មាន​ចំនួន ៣៥% ខ្ពស់ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
 
​ស្ថានភាព​នេះ​បង្ខំ​ឱ្យ​ប្រធានាធិបតី​ម៉ាឡាវី លោក Lazarus Chakwera ប្រកាស​កាលពី​សប្តាហ៍​មុន​ពី​វិធានការ​ដ៏​តឹងរ៉ឹង​ប្រឆាំងនឹង​អ្នកប្រព្រឹត្ត​អំពើ​នេះ​។​
 
​នៅក្នុង​ហេតុការណ៍​នាពេល​ថ្មីៗ​នេះ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​អាយុ​៣១​ឆ្នាំ​ម្នាក់​នៅក្នុង​ស្រុក Zomba ពីបទ​រំលោភ​ទារក​អាយុ​៥​ខែ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា​។​
 
​ហេតុការណ៍​នេះ​កើតឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ប៉ូលិស​នៅក្នុង​ក្រុង Blantyre ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​រំលោភ​ក្មេងស្រី​អាយុ​២​ឆ្នាំ​ម្នាក់ និង​បានសម្លាប់ និង​កប់​សាកសព​របស់​នាង​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​ពណ៌​ខ្មៅ​។​
 
​លោក​Kadadzera និយាយថា ការស៊ើបអង្កេត​របស់​ប៉ូលិស​បាន​បង្ហាញថា បុរស​ជាច្រើន​បាន​ដេក​ជាមួយនឹង​អនីតិជន​ភាគច្រើន​ដោយសារតែ​អ​បិ​យ​ជំនឿ​ថា ប្រសិនបើ​អ្នកណាម្នាក់​បាន​ដេក​ជាមួយ​អនីតិជន គេ​នឹង​ជាសះស្បើយ​ពី​ជំងឺ​រ៉ាំរ៉ៃ មានទ្រព្យ ឬ​ឡើង​តំណែង​នៅ​កន្លែងធ្វើការ​។​
 
​លោក​វេជ្ជបណ្ឌិត Chiwoza Bandawe សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​គ្លីនិក​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្នុងប្រទេស​ម៉ាឡាវី​មាន​ទស្សនៈ​ផ្សេង​ពីនេះ​។​
 
​លោក​បាន​និយាយថា ការកើនឡើង​នៃ​ករណី​រំលោភបំពាន​ផ្លូវភេទ​អាចជា​កត្តា​រួមផ្សំ​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ទំនោរ​របស់​បុរសៗ​នៅក្នុង​ប្រទេស​នេះ​ដែល​គិតថា ខ្លួន​មានអំណាច​លើ​ស្ត្រី​។​
 
​លោក​វេជ្ជបណ្ឌិត Chiwoza Bandawe បាន​និយាយថា​៖«​យើង​ក៏​រកឃើញ​នូវ​អ្វីដែល​យើង​ហៅថា បញ្ហា​សតិអារម្មណ៍​ដែល​មនុស្ស​ម្នាក់​ពេញចិត្ត​នឹង​អារម្មណ៍​ផ្លូវភេទ​ជាមួយនឹង​កុមារ​។ ដូច្នេះ​នេះ​ក៏​អាចជា​មូលហេតុ​ដែលថា មនុស្ស​មួយចំនួន​យល់ថា កុមារ​មាន​ភាព​ទាក់ទាញ ប៉ុន្តែ​បើ​និយាយ​ពី​តួលេខ ថា​តើ​វា​មាន​កម្រិតណា​នោះ យើង​មិនដឹង​នោះទេ ដោយសារតែ​មិនមាន​ប្រវត្តិ​ចិត្តសាស្ត្រ​លម្អិត​របស់​អ្នកប្រព្រឹត្ត​នោះទេ​»​។​
 
​ទោះជា​យ៉ាងនេះ​ក្តី អ្នកធ្វើ​យុទ្ធនាការ​លើ​សិទ្ធិ​ស្ត្រី​បានស្នើ​សុំឱ្យ​មានការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការអនុវត្ត​បែប​ប្រពៃណី​ណា​ដែលនាំឱ្យ​មានការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ត្រី និង​ក្មេងស្រី​។​
 
​អ្នកស្រី Rachel Warren ជា​គ្រូបង្រៀន​ផ្នែក​នរវិទ្យា​ម្នា​ក់នៅ​សាកលវិទ្យាល័យ Catholic​។ អ្នកស្រី​និយាយថា វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​សម្រាប់​ប្រទេស​ម៉ាឡាវី និង​សម្រាប់​ប្រទេស​អាហ្វ្រិក​ជាច្រើន​ផ្សេងទៀត ក្នុងការ​ដើរចេញ​ពីបទ​ល្មើស​ដែល​កើតឡើង​ពី​អ​បិ​យ​ជំនឿ​នេះ​។​
 
​អ្នកស្រី Rachel Warren បាន​និយាយថា «​វា​នឹងមិន​បញ្ចប់​ទេ​។ វា​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ជំនឿ ដែលមាន​នៅក្នុង​ចំណោម​យើងទាំងអស់គ្នា​។ វា​ចាក់​ដោត​ជ្រៅ​នៅក្នុង​ខ្លួន​យើង​។ ដូច្នេះ បញ្ហា​គឺថា យើង​ត្រូវ​ដឹង​ពី​របៀប​គ្រប់គ្រង​វា ដោយសារតែ​អ្វីដែល​យើង​មាន​គឺ​វា​ជា​ទម្លាប់​នៅក្នុង​ប្រព័ន្ធ​មួយ​ដែល​ជំនឿ​ប្រពៃណី​ត្រូវបាន​បញ្ចូល​ក្នុង​ជីវិត​របស់​យើង​»​។​
 
​អ្នកនាំពាក្យ​ប៉ូលិស លោក Kadadzera និយាយថា ក្រៅពី​ការចាប់ខ្លួន​អ្នកប្រព្រឹត្ត ប៉ូលិស​បាន​សហការ​ជាមួយនឹង​មេដឹកនាំ​តាម​លក្ខណៈ​ប្រពៃណី​នៅក្នុង​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​ថ្នាក់ជាតិ​ប្រឆាំងនឹង​ការរំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី និង​ក្មេងស្រី​៕
 
​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com