អន្តរជាតិ
លោក ស៊ូហ្កា ថា អត់ទាន់គិតរឿងប្រជែងតំណែងអាណត្តិក្រោយ តែផ្តោតរឿងប្រយុទ្ធកូវីដ-១៩ នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ជួបជាមួយអ្នកសារព័ត៌មាននៅការិយាល័យលោកក្នុងទីក្រុង តូក្យូ នាថ្ងៃទី ២៤ ខែធ្នូ ។ រូបពី Kyodo
× នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី២៧ ខែធ្នូ បានបដិសេធឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងរឿងប្រជែងតំណែងអាណត្តិក្រោយ ខណៈប្រជាប្រិយភាពលោកធ្លាក់ចុះ ដោយសារចំណាត់ការរដ្ឋាភិបាលលោកប្រឆាំងកូវីដ-១៩។ លោក អះអាងថា បច្ចុប្បន្ន កិច្ចការស្នូលគឺប្រយុទ្ធជំងឺកូវីដ-១៩។
អំឡុងពេលចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយនៅថ្ងៃទី២៧ ខែធ្នូ លោក ស៊ូហ្កា យូស៊ីហ៊ីដេ ត្រូវបានសាកសួរអំពីការចូលប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានបក្សកាន់អំណាច ប្រជាធិបតេយ្យសេរី (LDP) ។ លោក ស៊ូហ្កា ឆ្លើយតបវិញថា៖«ខ្ញុំនឹងផ្ដោតសំខាន់លើការងារដ៏មមាញឹករបស់ខ្ញុំ រាល់ថ្ងៃ»។ ត្រង់ចំណុចនេះ លោកចង់សំដៅលើការប្រយុទ្ធជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នសម្លាប់មនុស្ស៣០៦២នាក់ និងចម្លងជាង២១ម៉ឺននាក់នៅជប៉ុន។
លោក ស៊ូហ្កា បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ក្នុងខែកញ្ញា ដោយកាន់អាណត្តិសេសសល់ពីលោក ស៊ិនហ្សូ អាបេ ដែលនឹងអស់នាខែកញ្ញា ឆ្នាំ២០២១ខាងមុខ។ ទោះបីជាលោកអាចស្នើឲ្យរៀបចំការបោះឆ្នោតទូទៅ មុនពេលអាណត្តិសភាតំណាងបញ្ចប់នាថ្ងៃទី ២១ ខែតុលាឆ្នាំក្រោយ លោកត្រឹមតែបញ្ជាក់ថា លោកចង់ប្រាកដថាលោកសម្រេចជោគជ័យតាមការសន្យាសិន។
ការអះអាងនេះ ធ្វើឡើងខណៈករណីជំងឺកូវីដ-១៩ បន្តកើនឡើងជាលំដាប់ និងការគាំទ្រលើរដ្ឋាភិបាលរបស់លោកបន្តដាំក្បាលចុះ។ នេះគឺជាបង្ហាញការមិនពេញចិត្តចំពោះការឆ្លើយតបរបស់ពលរដ្ឋជប៉ុនលើចំណាត់ការរបស់លោក ស៊ូហ្កា ។
យោងតាមការស្ទង់មតិរបស់កាសែត Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ការគាំទ្រសាធារណៈលើរដ្ឋាភិបាលលោកស៊ូ ហ្កា បានធ្លាក់ចុះយ៉ាងគំហុកមកត្រឹម ៤២ភាគរយ ដែលជាការថយចុះ ១៦ភាគរយ បើធៀបនឹងការស្ទង់មតិលើកមុន ដែលធ្វើឡើងក្នុងខែវិច្ឆិកា។
និយាយដល់ការថមថយប្រជាប្រិយភាព លោក ស៊ូហ្កា កាលពីថ្មីៗនេះ ក៏រងការរិះគន់ចាស់ដៃក្រោយបានចូលរួមកម្មវិធីជួបជុំដំណាច់ឆ្នាំមួយ ទោះបីជាបានប្រាប់ឲ្យពលរដ្ឋជប៉ុនកុំឲ្យជួបជុំ ក្នុងពេលដែលករណីឆ្លងកូវីដ-១៩ក្នុងប្រទេសហក់ឡើងខ្ពស់ក្ដី។
ទាក់ទិននឹងចំណាត់ការកូវីដ-១៩ចុងក្រោយ លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា កាលពីថ្ងៃទី២៥ ខែធ្នូ បានអំពាវនាវឲ្យពលរដ្ឋជប៉ុនចំណាយពេលអំឡុងបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២១ដោយស្ងៀមស្ងាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលរាលជំងឺកូវីដ-១៩ និងបង្ការការដួលរលំនៃប្រព័ន្ធសុខាភិបាល។ ខណៈធ្លាប់កាន់តំណែងជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនអស់ពេលជិត៨ឆ្នាំ លោកស៊ូហ្កា អះអាងថា លោកនៅតែពេញចិត្តធ្វើការទោះស្ថិតក្នុងអំឡុងរដូវកាលឈប់សម្រាក៕
Tag:
ជប៉ុន
ស៊ូហ្កា យូស៊ីហ៊ីដេ
© រក្សាសិទ្ធិដោយ thmeythmey.com