អន្តរជាតិ
លោក Pierre Cardin កំពូលអ្នកច្នៃម៉ូដបារាំង ទទួលមរណភាពក្នុងអាយុ៩៨ឆ្នាំ
29, Dec 2020 , 8:35 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Pierre Cardin អ្នកច្នៃម៉ូដជនជាតិបារាំងដ៏ល្បីល្បាញ បានទទួលមរណភាពក្នុងអាយុ៩៨ឆ្នាំ នាថ្ងៃទី២៩ ខែកញ្ញា នៅមន្ទីរពេទ្យ Neuilly ភាគខាងលិចក្រុងប៉ារីស។ នេះបើតាមការផ្សាយរបស់ AFP។



«ថ្ងៃដ៏សោកសៅបំផុតសម្រាប់គ្រួសារយើងខ្ញុំ លោក Pierre Cardin បានលាចាកលោកហើយ។ ជាច្នៃម៉ូដម្នាក់ដែលឆ្លងសតវត្សរ៍ ហើយបន្សល់សម្រាប់ប្រទេសបារាំង និងពិភពលោកទាំងមូលនូវស្នាដៃសិល្បៈម៉ូតដ៏ល្អឯក និងស្នាដៃជាច្រើនទៀត»។ ក្រុមគ្រួសារបស់លោកបានរៀបរាប់យ៉ាងដូច្នេះក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។

លោក Pierre Cardin ត្រូវបានចាត់ទុកជាកំពូលអ្នកច្នៃម៉ូតចុងក្រោយប្រចាំសតវត្សរ៍ទី២០ ហើយចាប់ផ្តើមល្បីឈ្មោះនាអំឡុងឆ្នាំ១៩៦០។ ក្រៅពីបារាំង ម៉ូតសម្លៀកបំពាក់របស់លោក Pierre Cardin ទទួលបាននូវការពេញនិយមយ៉ាងខ្លាំងនៅអាស៊ី ជាពិសេសជប៉ុន និងចិន។

លោក Cardin កើតនៅក្រុង San Biagio di Callalta ប្រទេសអ៊ីតាលី ដោយឪពុកម្តាយរបស់ជាអ្នកមានទ្រព្យធន ប៉ុន្តែបានគេចេញពីរបបហ្វាស៊ីល ហើយទៅរស់នៅបារាំងនៅឆ្នាំ១៩២៤។ ឪពុកលោកជាអ្នកជំនួញស្រា ហើយចង់ឲ្យកូនសិក្សាផ្នែកស្ថាបត្យកម្ម ប៉ុន្តែលោក Cardin ស្រឡាញ់ខាងច្នៃម៉ូដ។

ចាប់ពីឆ្នាំ១៩៥០មក លោក មាន Brand ផ្ទាល់ខ្លួន គឺ Pierre Cardin ដែលក្រៅពីសម្លៀកបំពាក់ មានផលិតផលផ្សេងទៀតដូចជាទឹកអប់ គ្រឿងអលង្ការ នាឡិកា ប៊ិច និងសម្ភារផ្សេងទៀត ហើយបានទទួលជោគជ័យជាបន្តបន្ទាប់។

នៅឆ្នាំ១៩៩១ លោកត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈអង្គការយូណេស្កូ និងជាទូតសុច្ឆន្ទៈអង្គការស្បៀងអាហារពិភពលោក នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៩៕


© រក្សាសិទ្ធិដោយ thmeythmey.com