អន្តរជាតិ
Jill Biden ផ្ញើសារលើកទឹកចិត្តគ្រូបង្រៀននៅថ្ងៃដំបូងក្នុងនាមជាស្ត្រីទី១អាមេរិក
24, Jan 2021 , 10:59 pm        
រូបភាព
ដោយ: ធីតា
មួយថ្ងៃបន្ទាប់ពីលោក Jo Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦អាមេរិក (POTUS) លោកស្រី Jill Biden ដែលជាភរិយា បានរៀបចំជំនួបជាមួយថ្នាក់ដឹកនាំសហជីពគ្រូបង្រៀន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនលើវិស័យអប់រំ ក្នុងនាមជាស្ត្រីទី១របស់សហរដ្ឋអាមេរិក (FLOTUS)។

 
ក្នុងជំនួបតាមអនឡាញប្រមាណ២០នាទី ជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ លោកស្រី Jill Biden ដែលមានរហស្សនាមថា «Dr.B,» បានសន្យាលើកកម្ពស់ការងារគ្រូបង្រៀន និងសហជីព ជាពិសេសនាអំឡុងពេលនៃការរាតត្បាត COVID-19 នេះ។ លោកស្រី ក៏ដូចជាលោកប្រធានាធិបតី បៃឌិន និងលោកស្រីអនុប្រធានាធិបតី Kamala Harris សុទ្ធតែដឹងគុណចំពោះការជួយជ្រែងកន្លងនាការបោះឆ្នោតសម្រាប់រដ្ឋបាលថ្មី។
 
 
 
លោកស្រី  បៃឌិន ជាសាស្ត្រាចារ្យសកលវិទ្យាល័យម្នាក់ ដែលមានសញ្ញាប័ត្របរិញ្ញាមួយ អនុបណ្ឌិត២ និងបណ្ឌិតមួយពីសកលវិទ្យាល័យ Delaware ក្នុងឆ្នាំ២០០៧។ ក្នុងអាជីពអប់រំ អ្នកស្រីចំណាយពេលជាច្រើនឆ្នាំបង្រៀននៅសាលារដ្ឋក្នុងរដ្ឋ Delaware ក្នុងនោះក៏មាន វិទ្យាល័យ Brandywine។ 
 
កាលពីជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា លោកស្រីជាគ្រូបង្រៀនអង់គ្លេសពេញម៉ោងនៅសាលា Northern Virginia Community College ជាយក្រុងវ៉ាស៊ីនតោនដែលកាលណោះ លោកស្រីជាស្ត្រីទីពីរអាមេរិក។ ពេលនេះ លោកស្រី ជាស្ត្រីទី១អាមេរិកតែមួយគត់ក្នុងប្រវត្តិសាស្ត្រ២៣១ឆ្នាំរបស់ប្រជាជាតិមួយនេះ ដែលរក្សាការងារពេញម៉ោងជាគ្រូបង្រៀន ខណៈប្ដីអ្នកស្រី លោក ចូ បៃឌិន មានតំណែងជាប្រធានាធិបតីអាមេរិកទី៤៦។
 
 
កើតនៅខែមិថុនា ឆ្នាំ១៩៥១ ក្នុងរដ្ឋ New Jersey អ្នកស្រី ជៀល បៃឌិន ជាកូនច្បងក្នុងចំណោមបងប្អូនស្រី៥នាក់ ហើយ អ្នស្រីបានធំធាត់ឡើងក្នុងតំបន់ជាយក្រុង Willow Grove នៃរដ្ឋ Pennsylvania ។ មុនរៀបការនឹងលោក ចូ បៃឌិន អ្នកស្រីបានរួមរស់ជាមួយអតីតកីឡាបាល់ទាត់ប្រចាំមហាវិទ្យាល័យម្នាក់ ឈ្មោះថា Bill Stevenson ។ 
 
លោក បៃឌិន បានបាត់បង់ភរិយាទីមួយ និងកូនស្រីអាយុមួយឆ្នាំម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងឆ្នាំ១៩៧២ ខណៈកូនប្រុសលោក២នាក់ទៀត រួមមាន Beau និង Hunter នៅរស់ ។ ៣ឆ្នាំក្រោយគ្រោះកាចនេះ អ្នកស្រី ជៀល ត្រូវបានណែនាំឲ្យស្គាល់លោកបៃឌិន តាមរយៈបងប្រុសលោកបៃដិន ឈ្មោះ Frank ។ 
 
នៅពេលនោះ លោក បៃឌិន ជាសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់និងជាប្រុសពោះម៉ាយ ខណៈអ្នកស្រី ជៀល នៅជានិស្សិត ។ ប្រាប់សារព័ត៌មាន Vogue អំពីការណាត់ជួបលើកដំបូងរបស់ពួកគេ អ្នកស្រីនិយាយដូច្នេះថា៖«គាត់មានអាយុលើសខ្ញុំ៩ឆ្នាំ។ ក៏ប៉ុន្តែយើងបានទៅមើលរឿងស្នេហា A Man and A Woman នៅរោងភាពយន្តមួយ ក្នុងទីក្រុង Philadelphia ហើយយើងពិតជាស៊ីសង្វាក់គ្នាណាស់»។ 
 
 
និយាយពីជីវិតស្នេហា អ្នកស្រី និយាយថា ប្ដីអ្នកស្រីបានសារភាពស្នេហ៍មក៥ដង ទម្រាំតែអ្នកស្រីព្រមទទួលយក។ «ខ្ញុំមិនអាចឲ្យពួកគេ (កូនៗរបស់លោកចូ) បាត់បង់ម្ដាយម្នាក់ទៀតទេ។ ដូច្នេះខ្ញុំត្រូវតែប្រាកដក្នុងចិត្ត១០០ភាគរយសិន»។ អ្នកស្រីពន្យល់បែបនេះ។ បន្ទាប់ស្គាល់ចិត្តគ្នាអស់២ឆ្នាំរួចមក គូស្នេហ៍ទាំងពីរ បានសម្រេចរៀបការជាមួយគ្នាក្នុងទីក្រុង ញ៉ូវយ៉ក ក្នុងឆ្នាំ១៩៧៧ ហើយមានកូនស្រីម្នាក់ឈ្មោះថា Ashley ក្នុងឆ្នាំ១៩៨១។ 
 
អ្វីដែលគួរឲ្យស្ញប់ស្ញែងនោះ ទោះក្លាយជាស្ត្រីទី២អាមេរិក ក្រោមរដ្ឋបាលបារ៉ាក់ អូបាម៉ា អ្នកស្រី បៃឌិន នៅបន្តធ្វើគ្រូបង្រៀនភាសាអង់គ្លេសក្នុងមហាវិទ្យាល័យសហគមន៍ Northern Virginia ៨ឆ្នាំពេញតែម្ដង។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CBS ក្នុងខែសីហា អ្នកស្រី ជៀល បញ្ជាក់ថា ប្រសិនអ្នកស្រីក្លាយជាស្ត្រីទីមួយមែននោះ អ្នកស្រីនឹងបន្តបង្រៀនដដែល។ អ្នកស្រី សង្កត់ធ្ងន់ថា អ្នកស្រីចង់ឲ្យមនុស្សរាល់គ្នាឲ្យតម្លៃគ្រូបង្រៀន ហើយដឹងគុណចំពោះការរួមចំណែករបស់ពួកគេ ព្រមទាំងដើម្បីលើកតម្កើងអាជីពមួយនេះផងដែរ។ 
 
 
ទោះរវល់បង្រៀន អំឡុងពេលធ្វើស្ត្រីទី២អាមេរិកចន្លោះឆ្នាំ២០០៩និងឆ្នាំ២០១៧ អ្នកស្រី ជៀល ក៏បាមឆ្លៀតបម្រើការងារនយោបាយផងដែរ។ ភរិយាអតីតអនុប្រធានាធិបតី បៃឌិន បានប្រឹងប្រែងលើកកម្ពស់មហាវិទ្យាល័យសហគមន៍, ធ្វើយុទ្ធនាការសម្រាប់ក្រុមគ្រួសារទាហាន និងបង្កើនការយល់ដឹងពាក់ព័ន្ធការបង្ការជំងឺមហារីកដោះ ជាដើម។ 
 
ទន្ទឹមនេះ អ្នកស្រី ជៀល ក៏បានបង្កើតគំនិតផ្ដួចផ្ដើមមួយឈ្មោះថា រួមកម្លាំង ឬ Joining Forces ជាមួយនឹងអតីតស្ត្រីទី១ អ្នកស្រី មីឈែល អូបាម៉ា ដែលផ្តោតសំខាន់លើ ការជួយដល់អតីតយុទ្ធជន និងជួយឲ្យក្រុមគ្រួសារពួកគេទទួលបានការអប់រំគ្រប់គ្រាន់ ក៏ដូចជា ធនធានចាំបាច់ជាដើម។ 
 
មួយអាជីពជាគ្រូបង្រៀន អ្នកស្រីបាននិពន្ធសៀវភៅ២ចំណងជើង រួមមាន Don't Forget, God Bless Our Troops: With Audio Recording បោះពុម្ភឆ្នាំ២០១២ និង Joey: The Story of Joe Biden បោះពុម្ភឆ្នាំ២០២០។
 
«ខ្ញុំសន្យាថា អ្នកនៅតែមានកន្លែងអង្គុយ។ ជូនអ្នកអប់រំទាំងអស់ នេះជាពេលវេលារបស់ពួកយើង ពីព្រោះយើងដឹងពីការផ្លាស់ប្តូរស្ថានភាពឲ្យទៅជាស្រស់បំព្រង។ យើងធ្វើវាជារៀងរាល់ថ្ងៃនៅថ្នាក់រៀន»។ លោកស្រី បានលើកឡើងយ៉ាងដូច្នេះទៅកាន់សហជីពផ្នែកអប់រំ និងគ្រូបង្រៀនទាំងអស់៕
 

Tag:
 អាមេរិក
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com