ជាតិ
លោក ផៃ ស៊ីផាន រៀបការថ្ងៃ២៦ កក្កដា លោក រស់ ចន្ត្រាបុត្រ ធ្វើមេបា លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី
×
× រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នឹងចូលរោងការនៅថ្ងៃសៅរ៍ទី២៦កក្កដាចុងសប្តាហ៍នេះហើយ ដោយមានលោករស់ ចន្ត្រាបុត្រ ដែលជាទេសរដ្ឋមន្ត្រី ជាមេបា។ លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកនឹងមិនយកថ្ងៃ Holiday ក្រោយថ្ងៃរៀបការនោះឡើយ។
កូនកំលោះរដ្ឋលេខាធិការ ផៃ ស៊ីផាន ជាគូនឹង កូនក្រមុំ ង៉ែត ពត នឹងត្រូវចូលក្នុងរោងការនៅថ្ងៃទី២៦កក្កដានេះ។ លោក ផៃ ស៊ីផានបានអះអាងអំពីថ្ងៃមង្គលរបស់លោកប្រាប់គេហទំព័រព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីលិខិតអញ្ជើញរៀបការ ត្រូវបានគេបង្ហោះនៅតាមបណ្តាញសង្គមហ្វ៊េសប៊ុក។
នៅក្នុងលិខិតអញ្ជើញនោះ គេឃើញលោកទេសរដ្ឋមន្ត្រី រស់ ចន្ត្រាបុត្រ និងភរិយារបស់លោកគឺជា មេបារបស់លោក ផៃ ស៊ីផាន។ លោក រស់ ចន្ត្រាបុត្របានពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា លោកត្រូវបានលោក ផៃ ស៊ីផាន ស្នើអោយធ្វើមេបា។ លោកប្រវត្តិវិទូបញ្ជាក់យ៉ាងដូច្នេះថា៖«លោកផៃ ស៊ីផានគឺជាប្អូនធម៌របស់ខ្ញុំ។ គាត់បានសុំអោយខ្ញុំធ្វើជាមេបារបស់គាត់ ក្នុងនាមជាបងប្រុស»។ អនាគតភរិយារបស់លោក ផៃ ស៊ីផាន គឺបុគ្គលិកនៅធនាគារ នេះបើតាមការការបញ្ជាក់របស់លោករស់ ចន្ត្រាបុត្រ ដែលបន្តថា« កញ្ញា ង៉ែត ពត គឺជាកូនស្រីរបស់គ្រួសារសាមញ្ញប៉ុណ្ណោះ គឺមិនមែនជាគ្រួសាររបស់អ្នកធំមានអំណាចណាឡើយ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីដែលជាកូនកំលោះឯណោះវិញបានថ្លែងថាអរគុណចំពោះការចាប់អារម្មណ៍ពីសាធារណៈជនទៅលើជីវិតឯកជនរបស់លោក តាមរយៈការបង្ហោះលិខិតអញ្ជើញអាពាហ៍ពិពាហ៍នោះ។ «ខ្ញុំអរគុណពួកគេ។ ប៉ុន្តែវាជាការរំលោភទៅលើភាពជាឯកជនរបស់ពួកយើង។ ពួកយើងរៀបចំតូចតាចទេ ដោយអញ្ជើញតែមិត្តជិតស្និទ្ធ និងថ្នាក់ដឹកនាំរបស់ខ្ញុំប៉ុណ្ណោះ» នេះជាការអត្ថាធិប្បាយរបស់លោក ផៃ ស៊ីផាន។ ពិធីពិសារភោជនីយហារនឹងប្រព្រឹត្តិទៅនៅភោជនីយដ្ឋានពិភពថ្មី អគារ D ។
បើទោះជាស្ថិតនៅក្នុងពិធីរៀបការក៏ដោយ មន្ត្រីរដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា លោកនឹងមិនយកថ្ងៃឈប់សំរាកក្រោយអាពាហ៍ពិពាហ៍នោះទេ ហើយថាអ្នកកាសែតអាចនៅបន្តទូរសព្ទសួរព័ត៌មាន ពីលោកបានដូចធម្មតា៕
© រក្សាសិទ្ធិដោយ thmeythmey.com