ជាតិ
សេដ្ឋកិច្ច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចង់ឃើញចិន និងឥណ្ឌាប្រកួតប្រជែងគ្នាខ្លាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាវេទិកាសេដ្ឋកិច្ចអន្តរជាតិ។ រូបថតហ្វេសប៊ុក Kem Gunawadh
× លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ ប្រទេសចិន និងឥណ្ឌាមិនគួរមានការប្រកួតប្រជែងគ្នានៅក្នុងតំបន់អាស៊ី ព្រោះការប្រឈមមុខដាក់គ្នានេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់អាស៊ី ។ លោកបានបញ្ជាក់ថា «ប្រទេសដែលបានត្រៀមលក្ខណៈរួចរាល់ចំពោះបញ្ហានេះ នឹងទទួលបានផលប្រយោជន៍ ក៏ប៉ុន្តែ ប្រទេសដែលដែលកំពុងជាប់គាំងនយោបាយ និងមានបញ្ហានៅក្នុងស្រុក នឹងមិនទទួលបានអ្វីទាំងអស់»។
យោងតាមសេចក្តីប្រកាសរបស់វេទិកាសេដ្ឋកិច្ចពិភពលោកថ្ងៃទី២៣ មករានេះ ដែលបានដកស្រង់សុន្ទរកថារបស់មេដឹកនាំ ប្រទេសនីមួយៗដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រទេសចិន និងឥណ្ឌាមិនគួរប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងតំបន់អាស៊ីឡើយ ព្រោះសកម្មភាពនេះវានឹងផ្តល់ផលប្រយោជន៍តែប្រទេសដែលត្រៀមលក្ខណៈរួចរាល់ប៉ុណ្ណោះពោលគឺប្រទេសដែលមិនមាន វិបត្តិនៅក្នុងស្រុក។ ចំណែកប្រទេសដែល កំពុងតែជាប់ផុងក្នុងបញ្ហារចនាសម្ព័ន្ធ និងមានវិបត្តិក្នុងស្រុក នឹងមិនទទួលបានអ្វីសោះក្នុងការប្រកួតប្រជែងទីផ្សារសេដ្ឋកិច្ចនេះ។
ក្រោមប្រធានបទ «អាស៊ីត្រូវការអភិបាលកិច្ចកាន់តែប្រសើរ» នៃវេទិកាសេដ្ឋកិច្ចពិភពលោក ទីក្រុងហ្សឺណែវប្រទេសស្វីស លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបន្ថែមទៀតថា ទោះបីជាធនាគារជាតិកំពុងដំណើរការគោលនយោបាយរូបិយវត្ថុ អោយមានលក្ខណៈធម្មតាក៏ដោយ ការដកចេញនូវរង្វាស់សារពើពន្ធនៅក្នុងអាស៊ីមិនមែនជាជម្រើសល្អនោះទេ។
លោកក៏បានបញ្ជាក់ទៀតថា « ការវិនិយោគវិស័យឯកជន មិនទាន់បានវិលត្រលប់ដើម្បីជាក្បាល ម៉ស៊ីននៃកំណើនសេដ្ឋកិច្ចនោះទេ ហើយប្រទេសក្រីក្រ គឺនៅតែទទួលរងគ្រោះ»។ ដើម្បីឆ្លើយតបនឹងភាពទន់ខ្សោយនៃវិស័យឯកជនរបស់ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឈន៍ដូចជាកម្ពុជា លោកស្នើរអោយរដ្ឋផ្សេងៗទៀត ចាប់ដៃគូក្នុងការ វិនិយោគ វិស័យឯកជន ដើម្បីជាស្តារ និងធ្វើអោយមានលូតលាស់លើវិស័យសេដ្ឋកិច្ចឡើងវិញ។
គួរបញ្ជាក់ផងដែរ វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាស្ថាប័នអន្តរជាតិមួយដែលបង្កើតឡើងក្នុងគោលបំណងធ្វើអោយ មានភាពល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិការ ការវិនិយោគ លើវិស័យសាធារណៈ និងឯកជនរវាងរដ្ឋជាដៃគូ។ ដោយឡែក វត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោកនេះ គឺអាចនឹងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកកម្ពុជា ជាពិសេសនោះលើវិស័យហេដ្ឋរចនាសម្ព័ន្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com