ជាតិ
EU ផ្តល់​រង្វាន់​ឲ្យ​យុវជន ៩ រូប ដែល​ឈ្នះ​សំណេរ​ទាក់ទង​នឹង​អាស៊ាន បញ្ហា​ធម្មជាតិ និង​ការរៀប​គោលដៅ​អនាគត​
19, Dec 2016 , 5:39 pm        
រូបភាព
​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​(EU) នៅ​ថ្ងៃទី​១៩ ខែធ្នូ បានប្រគល់​រង្វាន់​ដល់​ជ័យលាភី​ចំនួន​៩​រូប ដែល​បានឈ្នះ​លើ​ការប្រកួត​និពន្ធ​អត្ថបទ​ទាក់ទង​នឹង​អាស៊ាន បញ្ហា​ធម្មជាតិ និង​ការរៀប​គោលដៅ​អនាគត​។ EU សហការ​ជាមួយ KYA  បានរៀបចំ​ការប្រកួត​និពន្ធ​អត្ថបទ​លើក​ទី​៣ ដើម្បី​លើកកម្ពស់​ទស្សនៈ​របស់​យុវជន​កម្ពុជា និង​សមត្ថភាព​នៃ​ការសិក្សា​របស់​ពួកគេ​ទៅលើ​ប្រធានបទ​ផ្សេងៗ​។



​នៅ​ថ្ងៃទី​១៩ ខែធ្នូ​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​រវាង​អ្នកសារព័ត៌មាន និង​យុវជន​ចំនួន​៩​រូប ដែល​ទទួល​ជ័យលាភី ក្នុងការ​ប្រកួត​និពន្ធ​អត្ថបទ​ដែល​រៀបចំ​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។ ជំនួប​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​បេក្ខជន​ជ័យលាភី ចែករំលែក​ទស្សនៈ​រប​ស់​ខ្លួន​ជុំវិញ ប្រធានបទ​ដែល​ពួកគេ​ជ្រើសរើស និង​ទទួល​ជ័យលាភី​។​

​លោក ច​ច អេ​ដ​ហ្គា​(George EDGAR) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែងថា​៖«​ខ្ញុំ​បាន​អាន​អត្ថបទ​ទាំង​៩ ដែល​ជាប់​ជ័យលាភី​នេះ ហើយ​ខ្ញុំ​ភ្ញាក់ផ្អើល​អំពី​គំនិត និង​ចំណុច​ល្អៗ​ជាច្រើន​ទៀត​ដែល​ពួកគេ​បានលើកឡើង​នៅក្នុង​អត្ថបទ​ទាំងនេះ​។ នេះ​ជា​ភស្តុតាង​ដែល​បង្ហាញថា​យុវជន​កម្ពុជា​ចាប់អារម្មណ៍​លើ​ប្រធាន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ជាមួយ​ពួកគាត់​»​។ លោក អេ​ដ​ហ្គា បន្តថា​៖«​វា​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​យុវជន​មានការ​គិត​ដ៏​ទូលំទូលាយ​ទាក់ទង​នឹង​ប្រធានបទ​ដែលមាន​សារៈសំខាន់​សម្រាប់​ប្រទេស​របស់ខ្លួន​។ យុវជន​គឺជា​អ្នក​ស្នង​របស់​ប្រទេសជាតិ ហើយ​ខ្ញុំ​ជឿថា នៅក្នុង​ចំណោម​យុវជន​ទាំងនេះ នឹង​កា្ល​យ​ទៅជា​អ្នកដឹកនាំ អ្នកសម្រេចចិត្ត​ក្នុង​កិច្ចការ​ប្រទេសជាតិ​នៅ​ថ្ងៃ​អនាគត ក្នុង​វិស័យ​ផ្សេងៗ​»​។



​លោកស្រី សិត ហុង​អៀង ប្រធាន​សមាគមយុវជន​ខ្មែរ​(KYA) បានបញ្ជាក់​បន្ថែម​ពី​គោលបំណង​នៃ​ការដាក់​ប្រធាន​ទាំង​៣ ក្នុងការ​ប្រកួត​ថា ដើម្បី​លើកកម្ពស់​ទស្សនៈ​របស់​យុវជន​កម្ពុជា និង​សមត្ថភាព​នៃ​ការសិក្សា​របស់​ពួកគេ​ទៅលើ​ប្រធានបទ​ផ្សេងៗ​។  លោកស្រី សិត ហុង​អៀង សង្ឃឹមថា គឺជា​ទស្សនៈ​មួយ​ដែល​នឹង​ប្រើប្រាស់​នៅក្នុង​ការអភិវឌ្ឍ​សង្គម​នាពេល​អនាគត​។

​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា សហការ​ជាមួយ KYA បានប្រកាស​ប្រកួត​និពន្ធ​អត្ថបទ​លើក​ទី​៣ កាលពី​ចុងខែ​កញ្ញា​កន្លងទៅ លើ​ប្រធានបទ​ចំនួន​៣​ផ្សេងគ្នា​។ ប្រធានបទ​ទាំងនោះ មាន​ទី​១ តើ​សមាគម​អាស៊ាន គួរ​មាន​លក្ខណៈ​ដូចនឹង​សហភាព​អឺរ៉ុប​ឬទេ​? ទី​២ ហេតុអ្វី​បានជា​ធម្មជាតិ គឺជា​បញ្ហា​ដែល​គួរ​យកចិត្តទុកដាក់​? និង​ប្រធានបទ​ទី​៣ តើ​យុវជន គួរ​ធ្វើ​អ្វីខ្លះ ដើម្បី កែប្រែ​អនាគត​ឲ្យ​ល្អប្រសើរ​? អ្នករៀបចំ បានទទួល​អត្ថបទ​ប្រកួត​ចំនួន​៦៩ ហើយ​មានតែ​អត្ថបទ ៣ ប៉ុណ្ណោះ ដែល​ត្រូវ​ជ្រើសរើស​ជា​ជ័យលាភី សម្រាប់​ប្រធានបទ​នីមួយៗ​។​

​កញ្ញា ឆេង សុថា​រត្ន ដែល​ទទួល​លា​ភី​លេខ​១ លើ​ប្រធានបទ​ទី ១ បាន​រំលែក​ទស្សនៈ​របស់ខ្លួន​ថា អាស៊ាន​មិនគួរ​មាន​លក្ខណៈ​ដូច​សហភាព​អឺរ៉ុប​ឡើយ​។ កញ្ញា សុថា​រត្ន បានលើកឡើង​ហេតុផល​ចម្បង​២ ។ ទី​១ អាស៊ាន​បង្កើតឡើង​មាន​គោលបំណង​ផ្សេងគ្នា ពី​បំណង​នៃ​ការបង្កើត​សហភាព​អឺរ៉ុប​។ រក្សា​នូវ​អ្វីដែល​ជាការ​គោរព​អធិបតេយ្យភាព​របស់រ​ដ្ឋ​នីមួយៗ​ក្នុងចំណោម​សមាជិក ទាំង​កិច្ចការ​ការទូត កិច្ចការ​សេដ្ឋកិច្ច នយោបាយ​ជាដើម ដោយ​គ្មាន​ការ​លូកដៃ​ពី​ប្រទេស​ផ្សេង​។

​ជ័យលាភី លេខ​១ លើ​ប្រធាន​ទី​២ ហេតុអ្វី​បានជា​ធម្មជាតិ គឺជា​បញ្ហា​ដែល​គួរ​យកចិត្តទុកដាក់​? បាន​ទៅលើ កញ្ញា ហេង សូ​រីតា​។ សូ​រីតា បាន​លើកឡើងថា​មនុស្ស​និង​ធម្មជាតិ​មាន​ប្រភព​តែមួយ គឺជា​បងប្អូន​គ្នា ដូច​បងប្អូន​សាច់​ជិត និង​សាច់​ឆ្ងាយ​។ កញ្ញា សូ​រីតា​បញ្ជាក់ថា​៖«​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​គិត​អ៊ីចឹង គិតថា​យើង​ជា​ធម្មជាតិ ពេលដែល​គិតបែបនេះ យើង​នឹងមាន​អារម្មណ៍​ថា​ចង់​ថែរក្សា​អ្វីដែល​នៅ​ជុំវិញខ្លួន​យើង ដូច​យើង​ស្រឡាញ់​បងប្អូន​យើង​ដែរ​»​។

​សម្រាប់​ប្រធានបទ​ទី​៣ កញ្ញា រ៉ាវី សុភា​រ័ត្ន ដែល​ទទួល​ជ័យលាភី​លេខ​១ លើ​ប្រធានបទ​ទី​៣ បាន​សរសេរ​អំពី​ទស្សនៈ និង​បទពិសោធន៍​ផ្ទាល់ខ្លួន ចំពោះ​ការរៀបចំ​អនាគត​ឲ្យ​ល្អប្រសើរ​។ សម្រាប់​ថា​រ៉ាវី សុភា​រ័ត្ន ដើម្បី​រៀបចំ​អនាគត​ឲ្យ​ប្រសើរ យុវជន​ម្នាក់ៗ​ត្រូវតែមាន ក្តី​ស្រមៃ​ដែល​ពិតប្រាកដ​មួយ មាន​ទេពកោសល្យ​ទាក់ទង​នឹង​ស្រមៃ​របស់ខ្លួន​កម្រិតណា ពង្រឹង​ចំណេះដឹង ការចូលរួម​ការងារ​សង្គម និង​ការរៀនសូត្រ​ពី​បរាជ័យ​របស់ខ្លួន​។


Tag:
 EU
  KYA
 ​ យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com