ជាតិ
ទោះបើកសាលារៀន​ក្តី តែសម្ដេច ហ៊ុន សែន នៅតែឱ្យក្រសួងបន្តពង្រឹងការអប់រំតាមប្រព័ន្ធឌីជីថល
11, Jan 2022 , 7:59 am        
រូបភាព
រូបភាពពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
រូបភាពពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ:
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងការអប់រំតាមប្រព័ន្ធឌីជីថល និងការអប់រំពីចម្ងាយ ឱ្យស្របនឹងការវិវត្តនៃសង្គម និងពិភពលោក បើទោះជាគ្រឹះស្ថានអប់រំបើកដំណើរការធម្មតាក្ដី ។ នេះបើតាមសារលិខិតប្រមុខរដ្ឋាភិបាលកម្ពុជា ​ក្នុងឱកាសនៃការបើកបវេនសនកាលសិក្សា ឆ្នាំ២០២១-២០២២ នាព្រឹកថ្ងៃទី១០មករា។



ក្នុងសារលិខិតអបអរនៃការបើកបវេនសនកាលថ្មី ឆ្នាំ២០២១-២០២២ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល ឱ្យគ្រឹះស្ថានអប់រំ ត្រៀមខ្លួនឆ្លើយតបនឹងបញ្ហាជាយថាហេតុដូចជា ជំងឺរាតត្បាត និងគ្រោះធម្មជាតិនានា ឱ្យមានប្រសិទ្ធភាព ដើម្បីបន្តការអប់រំក្នុងប្រទេសប្រកបដោយគុណភាព។ 
 
ជាមួយគ្នានេះ ទោះគ្រឹស្ថានអប់រំបើកដំណើរការ ដែលអនុញ្ញាតឱ្យសិស្សអាចចូលរៀនក្នុងថ្នាក់វិញ តែសម្ដេចឱ្យក្រសួងអប់រំ យកចិត្តទុកដាក់បន្តបង្កើតវិធីសាស្ត្របង្រៀនច្រើនរបៀប ស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ ។ ជាពិសេសក្រសួងត្រូវបន្តពង្រឹងការអប់រំតាមប្រព័ន្ធឌីជីថល និងការសិក្សាពីចម្ងាយ ឆ្លើយតបនឹងការវវិត្តនៃសង្គម និងពិភពលោក ។ 
 
ក្នុងសារលិខិត ប្រមាណ៥ទំព័ររបស់ សម្ដេច ហ៊ុន សែន ក៏បានសរសេរដែរថា គ្រឹះស្ថានអប់រំទាំងអស់ត្រូវ អនុវត្តសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសាលារៀន និងការពារសុខភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំ។
 
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យអាណាព្យាបាល ដែលមានកូនគ្រប់អាយុចូលរៀន យកកូនទៅចុះឈ្មោះចូលរៀន និងបន្តការគាំទ្រលើការអប់រំគ្រប់រូបភាពទាំងអស់ ៕

© រក្សាសិទ្ធិដោយ thmeythmey.com