អន្តរជាតិ
ហ្វីលីពីន ជំរុញឱ្យឥណ្ឌូណេស៊ីដកបម្រាមនាំចេញធ្យូងថ្ម
11, Jan 2022 , 8:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
រដ្ឋមន្រ្តីថាមពលហ្វីលីពីន លោក Alfonso Cusi បានអំពាវនាវឱ្យឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្មដ៏ច្រើន លុបចោលការហាមឃាត់ការនាំចេញធ្យូងថ្មរបស់ខ្លួន។ លោករដ្ឋមន្រ្តីបានបន្តថា គោលនយោបាយនេះ​ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើធ្យូងថ្មសម្រាប់ផលិតថាមពល។ ក្រសួងថាមពលហ្វីលីពីន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១០ ខែមករា។

 
 
​ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មដ៏ធំបំផុតរបស់ពិភពលោក កាលពីថ្ងៃទី១ ខែមករា បានប្រកាសថា  ខ្លួនផ្អាកការនាំចេញធ្យូងថ្ម ក្រោមហេតុផលព្រួយបារម្ភជុំវិញការខ្វះខាតធ្យូងថ្មសម្រាប់ផ្គត់ផ្គង់រោងចក្រថាមពលក្នុងស្រុក។ វិធានហាមឃាត់នេះ បានធ្វើឱ្យប៉ះពាល់បណ្តាប្រទេសជាច្រើនដូចជា កូរ៉េខាងត្បូង ចិន ជប៉ុន រួមទាំងហ្វីលីពីនផង។ 
 
ក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងថាមពល រដ្ឋមន្រ្តីថាមពលហ្វីលីពីន​ លោក​ Alfonso Cusi បានដាក់សំណើតាមក្រសួងការបរទេសខ្លួន ដើម្បីជូនទៅរដ្ឋមន្រ្តីថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Arifin Tasrif ។ រដ្ឋមន្រ្តីថាមពល លោក Cusi បានស្នើឱ្យក្រសួងការបរទេសហ្វីលីពីនដោះស្រាយបញ្ហា តំណាងឱ្យហ្វីលីពីន តាមរយៈយន្តការកិច្ចសហប្រតិបត្តិការអាស៊ាន។ យ៉ាងណាមិញ សេចក្តីប្រកាសព័ត៌មាននោះ មិនបានបញ្ជាក់ពីពេលវេលា ដែលបានលិខិតទៅឥណ្ឌូណេស៊ីឡើយ។ 
 
នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីឧស្សាហកម្មជប៉ុន រដ្ឋមន្រ្តីថាមពលឥណ្ឌូណេស៊ី លោក Arifin Tasrif បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី រំពឹងថានឹងចាប់ផ្តើមការចរចានាំចេញធ្យូងថ្ម ក្នុងពេលខាងមុខឆាប់ៗ ប៉ុន្តែវាត្រូវការនីតិវិធីម៉ត់ចត់ ដើម្បីត្រួតពិនិត្យ។ 
 
បម្រាមបិទការនាំចេញធ្យូងថ្មនេះ បានជំរុញឱ្យតម្លៃធ្យូងថ្មនៅចិននិងអូស្រ្តាលីហក់ឡើងខ្លាំង កាលពីសប្តាហ៍មុន ខណៈនាវាជាច្រើនដែលគ្រោងដឹកធ្យូងថ្មទៅកាន់អ្នកទិញសំខាន់ៗដូចជាជប៉ុន ​ចិន កូរ៉េខាងត្បូង និងឥណ្ឌា ស្ថិតក្រោមការជាប់គាំងនៅកំពង់ផែ​ Kalimantan ដែលជាកន្លែងនាំចេញធ្យូងថ្មដ៏សំខាន់របស់ឥណ្ឌូណេស៊ី។
 
ហ្វីលីពីន នៅតែជាប្រទេសដែលពឹងផ្អែកខ្លាំងលើប្រភពធ្យូងថ្មសម្រាប់ផលិតថាមពលផ្គត់ផ្គង់ក្នុងស្រុកដោយការទិញភាគច្រើនមកពីឥណ្ឌូណេស៊ី ហើយការផ្គត់ផ្គង់មួយចំនួនផ្សេងទៀតដែលមានតម្លៃថ្លៃចេញពី អូស្ត្រាលី និងវៀតណាម។ តាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន បានបញ្ជាក់ថា​ ៧០ភាគរយនៃការផ្គត់ផ្គង់ធ្យូងថ្មរបស់ហ្វីលីពីន ចំនួន៤២,៥លានតោនក្នុងឆ្នាំ២០២០​ត្រូវបាននាំចូល។ នៅឆ្នាំ២០២១ប្រទេសនេះ បាននាំចូលធ្យូងថ្មចំនួន ២,៣លានតោនក្នុងមួយខែពីឥណ្ឌូណេស៊ីសម្រាប់ផ្គត់ផ្គង់រោងចក្រថាមពល៕

Tag:
 ហ្វីលីពីន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com