ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណីមីយ៉ាន់ម៉ា៖ កម្ពុជា ជួយឈឺឆ្អាល ក៏ខុស នៅស្ងៀម ក៏ខុស
11, Jan 2022 , 9:30 am        
រូបភាព
រូបរង្វង់មូលឆ្វេងដៃ គឺសម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែតមួយនៅវិមានសន្តិភាព កាលពីខែឧសភា ឆ្នាំ២០២០។ រូបរង្វង់មូលស្តាំដៃ គឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ស្ថិតក្នុងសន្និសីតកាសែតអន្តរជាតិមួយ នៅទីក្រុងមូស្កូ ប្រទេសរុស្ស៊ី កាលពីខែមិថុនា ឆ្នាំ២០២១។ រូបរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានប្រជាជនកាន់ ក្នុងពេលប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ រូបពី AFP
រូបរង្វង់មូលឆ្វេងដៃ គឺសម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែតមួយនៅវិមានសន្តិភាព កាលពីខែឧសភា ឆ្នាំ២០២០។ រូបរង្វង់មូលស្តាំដៃ គឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ស្ថិតក្នុងសន្និសីតកាសែតអន្តរជាតិមួយ នៅទីក្រុងមូស្កូ ប្រទេសរុស្ស៊ី កាលពីខែមិថុនា ឆ្នាំ២០២១។ រូបរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានប្រជាជនកាន់ ក្នុងពេលប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ រូបពី AFP
បើជួយ ក៏ខុស មិនជួយ ក៏ខុស តើគួរឲ្យកម្ពុជា ដើរផ្លូវណា?



ការទទួលបានតំណែងជាប្រធានអាស៊ានប្តូរវេន ក្នុងឆ្នាំ២០២២នេះ គឺជាកិត្តិយសដ៏ធំមួយ សម្រាប់កម្ពុជា តែការទទួលបានតំណែងជាប្រធានអាស៊ាន ក៏អាចចាត់ទុក ជាការរងថ្មបាក់មួយដែរ។

កម្ពុជា ធ្វើជាប្រធានអាស៊ាន ចំពេលសមាជិកមួយរបស់អាស៊ាន គឺប្រទេសមីយ៉ាន់ម៉ា កំពុងធ្លាក់ចូលក្នុងវិបត្តិនយោបាយកាន់តែជ្រៅទៅៗ ដែលទាមទារឲ្យប្រធានអាស៊ាន ចាំបាច់ត្រូវចូលខ្លួនជួយស្វែងរកដំណោះស្រាយនៅប្រទេសមួយនេះ។ រឿងដ៏លំបាក សម្រាប់កម្ពុជា នៅត្រង់ថា ការជួយឈឺឆ្អាលក្នុងជម្លោះមីយ៉ាន់ម៉ា មិនត្រឹមតែមិនទទួលបានការលើកទឹកចិត្ត ពីប្រជាជនមីយ៉ាន់ម៉ា ដែលគាំទ្រអ្នកស្រី អ៊ុងសាន ស៊ូជី នោះទេ គឺបែរជារងការទិតៀនទៅវិញ។

រងការទិតៀន ដោយសារប្រជាជន ដែលគាំទ្រអ្នកស្រី អ៊ុងសាន ស៊ូជី យល់ថា ការដែលមេដឹកនាំកម្ពុជា ទៅជួបលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដល់មីយ៉ាន់ម៉ា មិនមែនដើម្បីជួយស្វែងរកដំណោះស្រាយឡើយ តែជាការគាំទ្ររបបយោធានៅមីយ៉ាន់ម៉ា ហើយហាក់ដូចជាចូលរួមទទួលស្គាល់ភាពស្របច្បាប់នៃរបបយោធានេះដែរ។ ពួកគេ បាននាំគ្នាយករូបថតរបស់មេដឹកនាំកម្ពុជា ទៅដុតចោល និងជាន់ឈ្លី ហើយបង្ហាញពីការមិនចង់ឃើញវត្តមានមេដឹកនាំកម្ពុជាលើទឹកដីមីយ៉ាន់ម៉ា។ បន្ថែមពីនេះ ក៏មានជនបរទេសខ្លះ ទិតៀនមេដឹកនាំកម្ពុជាដែរ ក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា។

ផ្ទុយមកវិញ បើមិនអើពើនឹងបញ្ហានៅមីយ៉ាន់ម៉ា ក៏កម្ពុជា គង់ចៀសមិនផុតពីការរិះគន់ដូចគ្នា។ បើមិនអើពើ កម្ពុជា ច្បាស់ជារងការរិះគន់ថា កម្ពុជា ទទួលបានតំណែងជាប្រធានអាស៊ាន ដែលមានចំណែកក្នុងការជួយរកដំណោះស្រាយនៅមីយ៉ាន់ម៉ា តែបែរជាមិនអើពើទៅវិញ។

ការដែលជួយឈឺឆ្អាលនឹងបញ្ហាមីយ៉ាន់ម៉ា ក៏ខុស ហើយបើមិនជួយឈឺឆ្អាល ក៏ខុសនេះហើយ ទើបការទទួលបានតំណែងជាប្រធានអាស៊ាន ហាក់ប្រៀបដូចជា ការរងថ្មបាក់។

«សូមបងប្អូនមីយ៉ាន់ម៉ា បានជ្រាបថា កម្ពុជា អត់មានចង់បានអ្វីទេ។ ឥឡូវ កម្ពុជា ស្ថិតក្នុងស្ថានភាព ធ្វើក៏ខុស មិនធ្វើក៏ខុស»។ នេះជាសម្តីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ដែលជាជំនួយរបស់រដ្ឋាភិបាល ជប៉ុន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

និយាយពាក្យនេះរួចហើយ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ងាកបែរចំហៀងទៅកាន់លោក មិកាមិ ម៉ាសាហិរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលអញ្ជើញទៅចូលរួមដែរនោះ ដើម្បីសូមឲ្យជួយពិចារណាថា រវាងការទៅជួយស្វែងរកដំណោះស្រាយនៅមីយ៉ានម៉ា និងការមិនទៅជួយ តើមួយណាត្រឹមត្រូវ?

មេដឹកនាំកម្ពុជារូបនេះ បែរមុខទៅកាន់ឯកអគ្គរាជទូតជប៉ុន ហើយក៏ថ្លែងថា៖«ឥឡូវឯកឧត្តមឯកអគ្គរាជទូត ជួយពិចារណាខ្ញុំមើល បើខ្ញុំ នៅស្ងៀម អត់ធ្វើសកម្មភាព រឿងមីយ៉ាន់ម៉ា នៅតែដដែលហ្នឹង។ ដល់ពេលខ្ញុំ ទៅធ្វើ គេ ថាខ្ញុំខុស ខ្ញុំ មិនធ្វើ ក៏គេថា ខ្ញុំខុស អ៊ីចឹងធ្វើទៅល្អជាងមិនធ្វើ ហើយលទ្ធផល នឹងចេញតាមក្រោយ វា មិនមែនចេញមួយថ្ងៃពីរថ្ងៃទេ...»។

នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនក្នុងការស្វែងដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយបានទៅដល់មីយ៉ាន់ម៉ាផ្ទាល់ នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ មេដឹកនាំកម្ពុជា បានជួបលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលកំពុងដឹកនាំរបបយោធានៅមីយ៉ាន់ម៉ា។

របបយោធាមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់ជាមួយកម្លាំងប្រដាប់អាវុធរបស់ជនជាតិដើមភាគតិច ក្នុងរយៈពេល៥ខែ គឺរហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់បន្ថែមទៀត គឺពន្យារពេលរហូតដល់ចុងឆ្នាំ២០២២តែម្តង។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន ដោយមានទាំងលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ផង បានប្រជុំគ្នានៅប្រទេសប្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញគោលការណ៍ប្រាំចំណុច ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។

ទីមួយ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់។ ទីពីរ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន។ ទីបី បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទីបួន អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន។ ទីប្រាំ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវខាងលើ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវអ្នកខ្លះ ប្រសិទ្ធនាមជាបុរសខ្លាំងកម្ពុជា បានលើកឡើងពីការទទួលបានជោគជ័យលើគោលការណ៍ទីមួយ។ មេដឹកនាំកម្ពុជារូបនេះ បាននិយាយថា៖«ខ្ញុំ ទៅយកបានទាំងការអត់ធ្មត់ហើយ ទាំងឈប់បាញ់ទៀត»។

សូមរម្លឹកថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងលោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។

វា មានរយៈពេលជិតមួយឆ្នាំហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានបញ្ចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានប្រជាជន១៤៥៩នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៤៦១នាក់ កំពុងជាប់ឃុំ។

មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទីមួយ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទីពីរ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ នៅខែសីហា ឆ្នាំ២០២៣។ 

អ្នកស្រី អ៊ុងសាន ស៊ូជី ពីអ្នកប្រឆាំង ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលវិញម្តង ក្រោយអ្នកស្រី ឈ្នះការឆ្នោះឆ្នោត នៅឆ្នាំ២០១៦។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។

មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ គេ អាចនិយាយបានថា មីយ៉ាន់ម៉ា បានវិលទៅរករបបយោធាសាជាថ្មី៕

Tag:
 កម្ពុជា
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com