អន្តរជាតិ
កូរ៉េខាងជើងតេស្តមីស៊ីលជាលើកទី២ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍
11, Jan 2022 , 12:59 pm        
រូបភាព
កូរ៉េខាងជើង នៅថ្ងៃទី១១ ខែមករា បានបាញ់មីស៊ីលជាលើកទី២ក្នុងរយៈពេលមិនដល់មួយអាទិត្យផង បន្ទាប់ពីមេដឹកនាំកំពូល ជំរុញឱ្យបង្កើនសមត្ថភាពយោធាបន្ថែមទៀត។ យោធាកូរ៉េខាងត្បូងអះអាងថា ខ្លួនបន្តរក្សាការត្រៀមខ្លួន ខណៈនាយករដ្ឋមន្រ្តីជប៉ុនបង្ហាញការសោកស្ដាយចំពោះទង្វើរបស់ទីក្រុងព្យុងយ៉ាង។

 
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ការបាញ់មីស៊ីល ធ្វើនៅម៉ោងប្រហែល៧និង២៧នាទីព្រឹក (ម៉ោងនៅកូរ៉េខាងត្បូង) នៅថ្ងៃទី១១ ខែមករា ពីតំបន់ដី​គោករបស់កូរ៉េខាងជើង ឆ្ពោះទៅសមុទ្រភាគខាងកើត។ កូរ៉េខាងត្បូង សង្ស័យថា នេះជាមីស៊ីលបាលីស្ទិក។
 
យោធាកូរ៉េខាងត្បូងបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដដែលថា ខ្លួនកំពុងរក្សាជំហរត្រៀមខ្លួន ខណៈកំ​ពុង​តាមដានសកម្មភាពកូរ៉េខាងជើងយ៉ាងដិតដល់ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​អាម៉េរិក។ លើស​ពី​នេះ ​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងអាម៉េរិកកំពុង​វិភាគលម្អិត​សម្រាប់​ព័ត៌មាន​បន្ថែម។
 
បន្ថែមពីនេះ ទីភ្នាក់ងារព័ត៌មានក្យូដូបានដកស្រង់ព័ត៌មានពីប្រភពរដ្ឋាភិបាលនៅទីក្រុងតូក្យូ ថា មីស៊ីលរបស់កូរ៉េខាងជើងប្រហែលជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន (EEZ)។ 
 
ជុំវិញរឿងនេះ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ប្រាប់អ្នកសារព័ត៌មានថា ការណ៍ដែល​កូរ៉េខាង​ជើង​បន្តបាញ់មីស៊ីល គឺជារឿងគួរឲ្យសោកស្តាយបំផុត។ លោក ក៏កត់សម្គាល់ថា អង្គការ​សហ​ប្រជាជាតិ (UN) ទើបតែបានបញ្ចប់ការពិភាក្សាអំពីការឆ្លើយតបទៅនឹង​ការបាញ់​មីស៊ីល​កាលពីសប្តាហ៍មុន​ដែល​ទីក្រុងព្យុងយ៉ាងអះអាងថា ជាការបាញ់មីស៊ីលល្បឿន​លឿនជាង​សំឡេង​។
 
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១០ ខែមករា អគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានរិះគន់សកម្មភាព របស់កូរ៉េខាងជើងថា បង្កើនហានិភ័យ និងបង្ក​ការ​គំរាមយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់។ លោកស្រីបន្តថា ការធ្វើតេស្តបែបនេះ​មិនត្រឹម​តែ​ធ្វើឱ្យសមត្ថភាពរបស់កូរ៉េខាងជើងប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រីកការជួញដូរអាវុធខុសច្បាប់នៅ ជុំវិញ​ពិភពលោក៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com