ជាតិ
​​​ន​យោ​បាយ​ជាតិ​
អគ្គនាយកអង្គការអន្តរជាតិមួយ ហៅទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ា ថាជា «ទស្សនកិច្ចសន្តិភាព»
11, Jan 2022 , 4:00 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សាជាមួយលោក យុន យ៉ុង ហូ អគ្គនាយកអង្គការសន្តិភាពពិភពលោក តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១១មករា ឆ្នាំ២០២២។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សាជាមួយលោក យុន យ៉ុង ហូ អគ្គនាយកអង្គការសន្តិភាពពិភពលោក តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១១មករា ឆ្នាំ២០២២។
ដោយ: ថ្មីៗ
លោក យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅមីយ៉ាន់ម៉ា ថាជាដំណើរទស្សនកិច្ចសន្តិភាព។ លោក បានពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១១មករា ឆ្នាំ២០២២នេះ។

 
ព័ត៌មាន ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងថា លោក យុន យ៉ុង ហូ បានគាំទ្រសម្ដេច ដែលមានទស្សនៈសន្តិភាព។ បន្ថែមពីនេះ លោក បានអបអរសាទភាពជោគជ័យមួយចំនួន ដែលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅមីយ៉ាន់ម៉ា ដូចជា ការជំរុញឲ្យមានបទឈប់បាញ់នៅមីយ៉ាន់ម៉ា រហូតដល់ចុងឆ្នាំ២០២២ និងការផ្ដល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា ជាដើម។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧មករា ឆ្នាំ២០២២ និងបានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៨មករា។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំកម្ពុជា បានជួបលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលកំពុងគ្រប់គ្រងយោធាមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងរបបយោធាឡើងវិញ បន្ទាប់មានការធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាច និងចាប់អ្នកស្រី ដាក់គុក។
 
ឆ្នាំ២០២២នេះ គឺជាវេនរបស់កម្ពុជា ដែលធ្វើជាប្រធានអាស៊ាន។ សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ប្រទេសនេះ ដោយប្រើឋានៈរបស់សម្តេច ជាប្រធានអាស៊ាន។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ត្រូវបានតែងតាំងជាបេសកជនពិសេស សម្រាប់ដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា៕ 

Tag:
 ហ៊ុន សែន
  ទស្សនកិច្ចនៅមីយ៉ាន់ម៉ា
  Yun Young Ho
© រក្សាសិទ្ធិដោយ thmeythmey.com