កីឡាជាតិ
ជាតិ
ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ឈ្នះជើងឯកថ្នាក់ជាតិ ២០២១
11, Jan 2022 , 5:04 pm        
រូបភាព
ការប្រកួតហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១ នៅមណ្ឌលហែលទឹកបាត់ដំបង នាថ្ងៃទី៨-១០ ខែមករា ឆ្នាំ២០២២ ដោយមានក្លិបចូលរួម៦ ។ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន បានឈ្នះមេដាយមាស ១២ ប្រាក់៧ និងសំរិទ្ធ៧ ឈរ ចំណាត់ថ្នាក់លេខ១ ខណៈ ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស៥ ប្រាក់៦ និងសំរិទ្ធ២ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាស២ ប្រាក់៤ និងសំរិទ្ធ៧ ។ ការប្រកួតនេះ បានបញ្ចប់ទៅក្រោមអធិបតីភាព សម្ដេច ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។



ជ័យលាភីមេដាយ ដែលក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានដោយកីឡាការិនី កាំង ម៉ុយនីន មេដាយមាស និងមេដាយប្រាក់ ដោយកីឡាការិនី ឃឹន ប៊ុនពេជ្យមរកត ក្នុងវិញ្ញាសាតែមួយ ហែលរបៀបមេអំបៅ ១០០ម៉ែត្រ ។ ប៊ាន សុខហ៊ុយ ឈ្នះមេដាយមាស ក្នុងវិញ្ញាសាហែលបួនរបៀបឯកត្តជន ២០០ម៉ែត្រ ។ 
 
ចំពោះវិញ្ញាសា ហែលបណ្ដាក់របៀបសេរីជាក្រុម ១០០x៤ ផ្នែកនារី ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាត់ថ្នាក់លេខ១ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណាត់ថ្នាក់លេខ២ និងក្លិបព្រឹទ្ធាចា្យ ហែម ថុន ចំណាត់ថ្នាក់លេខ៣។ មេដាយមាស ក្នុងវិញ្ញាសាហែលបណ្ដាក់៤របៀប ១០០x៤ ផ្នែកបុរស បានទៅលើក្រុមកីឡាករក្រសួងសាធារណការ និងដឹកជញ្ជូន, មេដាយប្រាក់ ក្រសួងមហាផ្ទៃ និង មេដាយសំរឹទ្ធ ក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
 
ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានមេដាយមាស ច្រើនជាងគេ។ ដោយឡែក ៣ក្លិបផ្សេងទៀតមិនបានឈ្នះមេដាយមាសសោះ ។ ក្រសួងពត៌មាន បានត្រឹមទទួល មេដាយប្រាក់២ និងសំរឺទ្ធ១ ខណៈ ក្លិបហែលទឹកនាគរាជ កំពងចាម និងក្លិបហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន ទទួលបានសំរឹតមួយម្នាក់ ។ 


 
ដោយឡែកក្នុងវិញ្ញាសាហែលបែបសេរី ១០០ម៉ែត្រ ផ្នែកជនពិការ ជ័យលាភីលេខ១ បានទៅលើ យ៉ាវ វណ្ណៈ ចំណាត់ថ្នាក់លេខ២ ជូ ជុំ និងលេខ៣កីឡាករ យ៉ុន មួយ ។ អ្នកទាំងបីមកពីក្លិបប៉ារ៉ាឡាំពិកកម្ពុជា ។
 
គួរបញ្ជាក់ដែរថា ការប្រកួតជម្រើសជើងឯកឆ្នាំ២០២១នេះ បានធ្វើឡើងស្របនឹងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាងហែលទឹកបាត់ដំបង ដែលចំណាយអស់ថវិកា១ ៩៦០ ០០០ ដុល្លារអាមេរិក ដោយចំណាយពេលសាងសង់អស់រយៈពេល២៤ខែ ចាប់តាំងពីឆ្នាំ២០១៩មក ៕ 

Tag:
 ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com