អន្តរជាតិ
បុរសម្នាក់​រងរបួសក្រោយធ្លាក់ឧទ្ធម្ភាគចក្រ តែគេចផុតពីគ្រោះថ្នាក់​រថភ្លើង
13, Jan 2022 , 7:59 am        
រូបភាព
ដោយ: ធីតា
ឧទ្ធម្ភាគចក្រ​ទេសចរណ៍មួយគ្រឿង បាន​បង្ខំ​ចិត្ត​ចុះចត​ដោយសារបញ្ហា​បច្ចេក​ទេសនៅ​លើ​ផ្លូវ​រថភ្លើងមួយក្នុង​ក្រុងហូលីវូដ រដ្ឋឡូសអេនជឺលែស សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗកន្លងមកនេះ។ អ្នក​បើកបរឧទ្ធម្ភាគចក្រ​បានរ​ងរបួស ប៉ុន្តែសំណាង​រួច​ផុតជីវិត ដោយប៉ូលិស​បានជួយសង្គ្រោះ តែប៉ុន្មាន​វិនាទីប៉ុណ្ណោះ ក្រោយ​រថភ្លើងក្នុងល្បឿនដ៏លឿនឆ្លងកាត់។

 
រូបភាពវីដេអូមួយ​ត្រូវបាន​ផ្សព្វផ្សាយនៅ​លើបណ្តាញសង្គម Twitter ដោយមនុស្សមួយចំនួន​យល់​ច្រឡំ​ថា ជាការ​ថតកុន។ រូបភាពបង្ហាញពីសកម្មភាព​ក្រុម​ប៉ូលិសជួយ​សង្គ្រោះ​អ្នក​បើក​បរឧទ្ធម្ភាគចក្រម្នាក់ ដែលរង​របួស និងឈាមពេញមុខ ដោយសារ​ឧទ្ធម្ភាគចក្រ បាន​ចុះចតដោយ​បង្ខំ​នៅ​លើ​ផ្លូវ​រថភ្លើងដោយ​សារបញ្ហា​បច្ចេកទេស។
 
ប៉ុន្តែ​អ្វីដែលគួរឲ្យ​រីករាយគឺ ក្រុម​ប៉ូលិស​បាន​ជួយ​សង្គ្រោះ បុរសវ័យ​ប្រមាណ​៧០​ឆ្នាំ​រូបនោះ ​គេ​ចផុតពីគ្រោះថ្នាក់​មួយទៀត ពោលគឺ​៥​វិនាទីប៉ុណ្ណោះ មុនពេលដែល​រថភ្លើង​បានឆ្លងកាត់។ នេះបើតាម​វីដេអូ បង្ហោះនៅ​លើ Twitter របស់ប៉ូលិស​មូលដ្ឋាន LAPD HG-Foothill Division Officers។
 
ប៉ូលិសម្នាក់ឈ្មោះ Robert Sherock បាន​និយាយ​ប្រាប់ NBC ថា៖ «ខ្ញុំគិតថា ករណីនេះ អាច​យកទៅទិញ​ឆ្នោតបាន ព្រោះ​គាត់​បាន​រួច​ផុតពីគ្រោះថ្នាក់ដល់​ជីវិត​២លើកក្នុងគម្លាតពីគ្នា​ត្រឹម​១០នាទី។
 
តាមរបាយការណ៍ អ្នក​បើកបរឧទ្ធម្ភាគចក្រ ត្រូវ​បានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ កាលពី​ចុង​សប្តាហ៍កន្លងមក ប៉ុន្តែ​ស្ថានភាព​សុខភាពមិនមាន​លក្ខណៈ​ធ្ងន់ធ្ងរនោះឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com