កីឡាជាតិ
ជាតិ
«កីឡារស់ក្នុងសន្តិភាព» ផ្អែកលើគុណតម្លៃ៨ចំណុច
10, Feb 2022 , 10:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន បកប្រែ បទបង្ហាញ Nicolas Kwan
លោក វ៉ាត់ ចំរើន បកប្រែ បទបង្ហាញ Nicolas Kwan
កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានរៀបចំ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីអភិបាលកិច្ចល្អនៃការគ្រប់គ្រងព្រឹត្តិការណ៍ Sea Games-Asean Para Games ឆ្នាំ២០២៣។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ នៅសណ្ឋាគារសុខា ភ្នំពេញ។ ក្នុងសន្និបាតនេះ អ្នកជំនាញបាន​បកស្រាយ​ អត្ថន័យ ពាក្យស្លោក “កីឡា រស់ក្នុងសន្ដិភាព” ដោយផ្អែកលើគុណតម្លៃ៨យ៉ាង ។



កម្ពុជាបានដាក់បញ្ចូលគ្នានូវ Logo តំណាងឲ្យស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមតែមួយ ដោយកម្ពុជា និងគណៈកម្មការៀបចំ បានហៅថា កម្ពុជា២០២៣ (Cambodia 2023) ។ លោក Kwan Nicholas អ្នកជំនាញការ បានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំសន្និបាតថា៖«ពាក្យស្លោក “កីឡា រស់ក្នុងសន្ដិភាព” បានដាក់បញ្ចូលនូវគុណតម្លៃ៨យ៉ាង រួមមាន មោទកភាព សុចរិតភាព ឆន្ទៈដ៏រឹងមាំ ការងារក្រុមដ៏អស្ចារ្យ ការកំណត់ ការបញ្ចូលគ្នា ចំណេះដឹង និងសេរីភាព» ។ 
 
​អ្នកជំនាញការរូបនេះ ពន្យល់ថា ការជំរុញឲ្យមានគុណភាពជីវិត ដែលជំរុញឲ្យម្នាក់ៗយល់ច្បាស់ពីតួនាទី ក្នុងការចូលរួមសកម្មភាពសង្គម និងកីឡា ជាពិសេស ការចូលរួមធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ កីឡាករ និងប្រជាជន ត្រូវមានមោទកភាព ជាពិសេសទៀតនោះ ត្រូវមានឆន្ទៈខ្ពស់ក្នុងការ ប្រកួតដើម្បីជាតិ និងខ្លួនឯង ។ ម្យ៉ាងវិញទៀត កម្ពុជា២០២៣ ជំរុញ និងពង្រឹងនូវ ចំណងមិត្តភាព សន្ដិភាព តាមរយៈកីឡា ។
 
«សន្ដិភាព អាចចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ សន្ដិភាពនៅក្នុងគ្រួសារ សន្ដិភាពក្នុងសហគម ហើយសន្ដិភាពក្នុងសង្គម ដោយបានដាក់បញ្ជូលនូវគុណតម្លៃទាំង៨ យកមកអនុវត្ត ។ យើង នឹងទទួលបានការស្រឡាញ់ និងឈ្នះចិត្តប្រជាជនកម្ពុជា ដោយតាមរយៈការជំរុញការជឿជាក់ និងក្ដីសង្ឃឹម ក្នុងការរក្សាសន្ដិភាព» ។ លោក Nicolas និយាយយ៉ាងដូច្នេះ ។
 
ចំណុចសំខាន់កម្ពុជា ចង់បាននោះ គឺចង់បំផុសគំនិត ទេពកោសល្យ និងសមត្ថភាព ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដែលកម្ពុជាមិនធ្លាប់ធ្វើពីមុនមក ។ តាមរយៈព្រឹត្តិការណ៍នេះ គឺជាការឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យឡើងដល់កម្រិតមធ្យម ហើយក៏ស្ថិតនៅក្នុងផែនការមួយ ឆ្ពោះទៅកីឡាយុវជនអាស៊ី ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៩ ដោយស្ថិតក្នុងទស្សនវិស័យ “កីឡារស់ក្នុងសន្ដិភាព” ។
 
គួរបញ្ជាក់ដែរថា លោក Nicolas ក៏បានពន្យល់នូវអត្ថន័យ រូបតំណាងស៊ីហ្គេម គឺទន្សាយ២នេះ បុរី និងរំដួល ។ ទន្សាយឈ្មោះបុរី ជានិមិត្តរូបតំណាងឲ្យសាមគ្គីភាពនៃជាតិកម្ពុជា ខណៈ ទន្សាយរំដួល ជាឈ្មោះផ្កាតំណាងឲ្យជាតិ ។ ម្យ៉ាងវិញទៀតជាការពិពណ៌នា នូវគុណគុណតម្លៃខ្ពស់ នៃការបង្រៀនរបស់ព្រះពុទ្ធសាសនា ឲ្យមាននូវការជំរុញទឹកចិត្ត យុត្តិធម៌ ចំណេះដឹង និងឲ្យជាប្រយោជន៍ដល់សហគមន៍ទាំងមូល ។ ម្យ៉ាងវិញទៀត រូបទន្សាយញីឈ្មោលនេះ ក៏ជានិមិត្តរូបតំណាងឲ្យសមភាពយេនឌ័រ នៅក្នុងសង្គមផងដែរ ៕
 
 

Tag:
 ស៊ីហ្គេម
  អាស៊ីប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com