ជាតិ
បុណ្យអុំទូក ប្រាសាទ រមណីយដ្ឋាន និង សារមន្ទីរ៩កន្លែង ស្ថិតក្នុងបញ្ជីត្រៀមស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូ
11, Feb 2022 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តរៀបចំបញ្ជីត្រៀម ដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ ដែលមានសក្ដានុពលផ្សេងៗ ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ។ ការត្រៀមនោះ មានប្រាសាទចំនួន៣ទីតាំងផ្សេងគ្នា រមណីយដ្ឋាន៣ទីតាំងផ្សេងគ្នា សារមន្ទីរនិងមជ្ឈមណ្ឌលប្រល័យពូជសាសន៍២ទីតាំងផ្សេងគ្នា អតីតមន្ទីរឃុំឃាំង និងព្រះរាជពិធីបុណ្យអុំទូក។


លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំពីការរៀបចំបញ្ជីត្រៀមនេះ ក្នុងសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ។
 
លោកស្រី សកុណា បញ្ជាក់ថា សម្បត្តិវប្បធម៌ ដែលមានសក្ដានុពល គ្រោងស្នើសុំចុះបញ្ជីបេតិកភណ្ឌទៅអង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានគូលែន  រមណីយដ្ឋានអង្គរបុរីនិងភ្នំដា រមណីយដ្ឋានឧដុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក អតីតមន្ទីរឃុំឃាំង ម-១៣ និងព្រះរាជពិធីបុណ្យអុំទូក។
  


ទោះជាយ៉ាងណា ក្រសួងវប្បធម៌ក៏បានបន្តរៀបចំ និងសហការរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីសម្បត្តិវប្បធម៌មួយចំនួនទៀត ទៅអង្គការយូណេស្កូផងដែរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បញ្ជាក់ថា៖«យើងក៏បានបន្តរៀបចំ និងសហការរៀបចំឯកសារ ស្នើសុំចុះ ប្រាសាទកោះកេរ នំបញ្ចុក ក្បាច់គុនល្បុកក្កតោ និងទីក្រុងបាត់ដំបង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិត(Creative Cities Network) របស់អង្គការយូណេស្កូផងដែរ»៕  
 
 

Tag:
 វប្បធម៌
  ប្រាសាទ
  រមណីយដ្ឋាន
  យូណេស្កូ
 
© រក្សាសិទ្ធិដោយ thmeythmey.com