ជាតិ
រដ្ឋាករស្វយ័តដឹកជញ្ជូន អំពាវនាវឲ្យ​ពលរដ្ឋប្រើប្រាស់សេវារថយន្តក្រុងដើម្បីសម្រួលចរាចរណ៍ និងទប់ស្កាត់ការបំពុល
11, Feb 2022 , 9:29 am        
រូបភាព
រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ពិសេសការបំពុលបរិស្ថាន ក្នុងរាជធានីភ្នំពេញ។ បើតាមលោក ឃ្លី នរៈ ប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក្រោយដំណើរការឡើងវិញក្នុងរយៈពេល២ខែនេះ ពលរដ្ឋធ្វើដំណើរដោយរថយន្តក្រុង ថយចុះខ្លាំង ប្រមាណ៣ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

 
លោក ឃ្លី នរៈ បានអះអាងថា បច្ចុប្បន្នពលរដ្ឋដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈរថយន្តក្រុងនេះ បានថយចុះខ្លាំងសល់ត្រឹម៣ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ បើធៀបនឹងមុនមានការរាលដាលជំងឺកូវីដ-១៩ មានអ្នកដំណើរជាង៣ម៉ឺននាក់ឯណោះក្នុងមួយថ្ងៃ។ «យើងដំណើរឡើងវិញនេះតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ គិតមកដល់ឥឡូវវាជាង២ខែ។ អ្នកជិះនៅតែមានរាល់ថ្ងៃអ៊ីចឹង គ្រាន់តែថយចុះ​។ ថយចុះច្រើន»។ នេះបើតាមការលើកឡើងរបស់លោក ឃ្លី នរៈ។
 
ប្រធានការិយាល័យរដ្ឋបាលរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ដាក់ឱ្យប្រើប្រាស់រថយន្តសាធារណៈចំនួន៦០គ្រឿងប៉ុណ្ណោះ ធ្វើដំណើរលើផ្លូវចំនួន៤ខ្សែ ដែលជាតំបន់អាទិភាព មានមនុស្សជិះច្រើនជាងគេ។ «ខ្សែលេខ១ ចេញពីចំណតខណ្ឌព្រែកព្នៅ ទៅដល់ចំណតបឹងឈូក, ខ្សែលេខ២ ចេញពីរង្វង់មូលគួចកាណុង ទៅដល់ក្រុងតាខ្មៅ, ខ្សែលេខ៣ ចេញពីសួនឫស្សីកែវ ទៅដល់បុរីសន្តិភាព២ និងខ្សែលេខ៤ ចេញពីចំណតសហព័ន្ធរុស្សី ទៅដល់តំបន់សេដ្ឋកិច្ចពិសេសនៅអង្គស្នួល»។ នេះបើតាមការរៀបរាប់របស់លោក ឃ្លី នរៈ​ ដដែល៕
 

Tag:
 រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ​រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com