COVID-19
អន្តរជាតិ
ស៊ុយអែត ប្រកាសបញ្ចប់ជំងឺឆ្លងសកល និងការធ្វើតេស្តទ្រង់ទ្រាយធំ
11, Feb 2022 , 11:14 am        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលស៊ុយអ៊ែត នៅថ្ងៃទី៩ ខែកុម្ភៈ បានលើកឡើងថា ជំងឺកូវីដ-១៩ លែងត្រូវបានចាត់ទុកជាជំងឺដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សង្គមទៀតហើយ។​​​ បន្ថែមពីនេះ ស៊ុយអែត នឹងលុបចេញវិធានការរឹតត្បិតស្ទើរតែទាំងអស់ ព្រមទាំងបញ្ចប់ការតេស្តរកជំងឺ កូវីដ-១៩ ទ្រង់ទ្រាយធំផងដែរ ដោយសារត្រូវចំណាយថវិកាច្រើន។

 
ខណៈវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងភាពមិនធ្ងន់ធ្ងរនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង មិនបណ្ដាលឱ្យចំនួនអ្នកឈឺធ្ងន់ធ្ងរ ឬករណីស្លាប់កើនឡើងច្រើន រដ្ឋាភិបាលស៊ុយអែត បាន ប្រកាសលុបចោល ការរឹត្បិតដែលនៅសេសសល់ និងបញ្ជាក់ប្រាប់ប្រជាជនថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ 
 
ទន្ទឹមនេះ រដ្ឋមន្ត្រីសុខាភិបាលស៊ុយអែត លោកស្រី Lena Hallengren បានលើកឡើងថា៖ «ដូចអ្វីដែលពួកយើងបានដឹង ចំពោះជំងឺរាតត្បាតនេះ ខ្ញុំអាចនិយាយថា វាបានបញ្ចប់ហើយ»។ លោកស្រី បានបន្តថា ទោះបីជាការឆ្លងរាលដាល មិនទាន់បាត់ទាំងស្រុងក៏ដោយ តែស្ថានការណ៍បច្ចុប្បន្នមិនធ្ងន់ធ្ងរខ្លាំង និងអាចទប់ទល់បាន ហើយមិនតម្រូវវិធានរឹតត្បិតទៀតនោះឡើយ។
 
ក្រោមការប្រកាសនេះ ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ រង្គសាល និងភោជនីយដ្ឋាន ត្រូវបានអនុញ្ញាតឱ្យបន្តបើក លើសពីម៉ោង១១យប់ ហើយមិនត្រូវបានកំណត់ចំនួនភ្ញៀវទៀតឡើយ។ ការកំណត់ចំនួនអ្នកចូលរួមកម្មវិធីផ្សេងៗ នៅកន្លែងបិទជិត ក៏ត្រូវបានលុបចេញដែរ។
 
ទន្ទឹមនេះ ការតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំ និងមិនគិតថ្លៃ ដែលត្រូវបានកាត់បន្ថយកន្លងមក ក៏ត្រូវបានលុបចោលដែរ។ ទីភ្នាក់ងារសុខភាពរបស់ស៊ុយអែតក្នុងសប្តាហ៍នេះ បានបញ្ជាក់ថា ការធ្វើតេស្តទ្រង់ទ្រាយធំ បានចំណាយប្រាក់អស់ជាច្រើន ហើយក៏មិនផ្ដល់ប្រយោជន៍ច្រើននោះដែរ។ ស៊ុយអែត បានចំណាយប្រាក់ប្រហែល ៥៤លានដុល្លារ ក្នុងមួយសប្តាហ៍ លើការធ្វើតេស្តរកជំងឺកូវីដ-១៩  និងបានចំណាយប្រាក់ជាង ២ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្តើមនៃការឆ្លងរាតត្បាតដំបូងមក។
 
យ៉ាងណាមិញ សាស្រ្តាចារ្យផ្នែករោគឆ្លងនៅសកលវិទ្យាល័យ Umea និងជាអ្នករិះគន់ខ្លាំងបំផុត ចំពោះគោលនយោបាយមិនរឹតត្បិតរបស់ស៊ុយអែត លោក Fredrik Elgh បានសង្កត់ធ្ងន់ថា ជំងឺកូវីដ-១៩ នៅតែផ្ដល់ហានិភ័យខ្ពស់ចំពោះស៊ុយអែត ហើយរដ្ឋាភិបាលមិនគួរដកចេញវិធានការលឿនបែបនេះនោះឡើយ។

គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ ករណីឆ្លងសរុបមានប្រមាណ ២ លានករណី និងអ្នកស្លាប់សរុបមានជាងចំនួន ១ម៉ឺននាក់៕ 
 
 

Tag:
 ស៊ុយអែត
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com