COVID-19
អន្តរជាតិ
WHO៖ អាហ្រ្វិក កំពុងឆ្លងកាត់ដំណាក់កាលដើរចេញពីជំងឺឆ្លងសកល
11, Feb 2022 , 4:27 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអាហ្រ្វិក លោកស្រី Matshidiso Moeti បានលើកឡើងថា អាហ្រ្វិក កំពុងឆ្លងកាត់ដំណាក់កាលដើរចេញពីការរាតត្បាត​នៃជំងឺកូវីដ-១៩  និងឈានទៅរកស្ថានភាពមួយដែលអនុញ្ញាតឱ្យអាហ្រ្វិកគ្រប់គ្រងជំងឺឆ្លង ក្នុងរយៈពេលវែង។

 
ទ្វីបអាហ្រ្វិក ដែលកន្លងមកទទួលបានវ៉ាក់សាំងតិចតួច គឺជាតំបន់ប្រឈមខ្លាំងនឹងការវាយប្រហារពីជំងឺកូវីដ-១៩។ លើសពីនេះ អាហ្រ្វិកក៏ជាទ្វីបដំបូងដែលបានរកឃើញករណីឆ្លងនៃវីរុសអូមីក្រុង និងបច្ចុប្បន្នកំពុងរីកសាយពាសពេញពិភពលោកផងដែរ។ 
 
ក្នុងសន្និសីទកាសែតថ្ងៃទី១០ ខែកុម្ភៈ វេជ្ជបណ្ឌិត Matshidiso Moeti ប្រធានអង្គការ WHO ប្រចាំទ្វីបអាហ្រ្វិក បានថ្លែងថា លោកស្រីជឿជាក់ អាហ្រ្វិកកំពុងវិវដ្តចេញពីដំណាក់កាលរាតត្បាតសកល ហើយទ្វីបមួយនេះ កំពុងគ្រប់គ្រងវត្តមាននៃវីរុស ក្នុងរយៈពេលវែង។ 
 
«ជំងឺឆ្លងសកល កំពុងឈានទៅដំណាក់កាលផ្សេង... ជាពិសេសជាមួយការរំពឹងទុកថាការចាក់វ៉ាក់សាំងនឹងមានចំនួនកើនឡើង យើងសង្ឃឹមថានឹងឈានដល់ដំណាក់កាលរស់ជាមួយជំងឺកូវីដ-១៩»។​ លោកស្រី Moeti បានលើកឡើងបែបនេះ ដោយបន្តថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ អាហ្រ្វ៊ិកកាន់តែឆ្លាតវៃ លឿន និងប្រសើរជាងមុនក្នុងការឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ។ 
 
ទន្ទឹមនេះ លោកស្រី Moeti បានបន្ថែមថា ខណៈជួបប្រទះនឹងវិសមភាពទទួលបានវ៉ាក់សាំង អាហ្រ្វិក បានដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដោយភាពអត់ធន់ និងការតាំងចិត្ត។ ទាក់ទិននឹងវិសមភាពវ៉ាក់សាំង លោកស្រីក៏បានរិះគន់ប្រទេសអ្នកមានផងដែរ។ ខណៈប្រទេសអ្នកមានជាច្រើន កំពុងផ្តល់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋខ្លួន ប្រជាជន ៨៥ ភាគរយ ក្នុងទ្វីបអាហ្រ្វិក នៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសដំបូងឡើយ។ 
 
បើតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក ជំងឺកូវីដ-១៩ បានរុញច្រានមនុស្សរហូតដល់ជាង ៤០ លាននាក់ ធ្លាក់ក្នុងភាពក្រីក្រខ្លាំងនៅទ្វីបអាហ្រ្វិក។ ស្របគ្នានេះ ការដាក់វិធានការរឹតបន្តឹង បានធ្វើឱ្យអាហ្រ្វិកខាតបង់ផលិតផលក្នុងស្រុកសរុបចំនួន ១៣,៨ ពាន់លានដុល្លារ។ ប្រជាជនត្រឹមតែ ១១ ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនពេញវ័យនៅទ្វីបអាហ្រ្វ៊ិក ទទួលបានចាក់វ៉ាក់សាំងពេញលេញ បើទោះបីជាទ្វីបនេះទទួលបានវ៉ាក់សាំងជាង ៦៧០ លានដូសក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Moeti។ 
 
គួររំលឹកថា កន្លងទៅប្រមុខ WHO Tedros Adhanom Ghebreyesus បានព្រមានប្រទេសនានាថា កុំឆាប់សន្មត វីរុសបង្កជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ជាដំណាក់កាលបញ្ចប់នៃជំងឺកូវីដ-១៩។ លោកក៏បានក្រើនរំលឹកថាវីរុសបំប្លែងខ្លួនថ្មី ទំនងជាអាចកើតមានបន្ថែមទៀត ដរាបណាប្រជាជនលើពិភពលោកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្នា។ ប្រមុខ WHO​ រូបនេះ ក៏បានសង្កត់ធ្ងន់ថា ប្រជាជននៅក្នុងទ្វីបអាហ្រ្វិកក៏ជាប្រជាជនស្ថិតក្នុងចំណោមក្រុមងាយរងគ្រោះបំផុតផងដែរ៕
 

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com