ជាតិ
សេដ្ឋកិច្ច
គយ និងដៃគូពាក់ព័ន្ធ ត្រៀមចេញវិធានការមួយចំនួន ដើម្បីជំរុញពាណិជ្ជកម្ម
× អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមនឹងក្រសួងស្ថាប័នរដ្ឋ គ្រោងចេញវិធានការចាំបាច់នានា ជាមូលដ្ឋានសម្រាប់តួអង្គពាក់ព័ន្ធយកទៅអនុវត្ត ដើម្បីបន្តកែលម្អនីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវមុខងារស្ថាប័ន។ ការត្រៀមចេញវិធាននេះ គឺដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។
បើតាមលោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការអនុវត្តតាមវិធានការកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មនេះ គឺដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ដែលក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីបំពេញបែបបទដែលមានលក្ខណៈសាមញ្ញ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅកាត់បន្ថយទាំងពេលវេលានិងចំណាយរបស់ធុរកិច្ចពាណិជ្ជកម្មនៅកម្ពុជា។
នាសិក្ខាសាលាស្តីពីការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣ ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) សហការជាមួយរដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO) កាលពីថ្ងៃទី២៤វិច្ឆិកា សែ សុឃន បានបញ្ជាក់ថា ការសិក្សារយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣នេះ ជាឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវបញ្ហាប្រឈមក្នុងការបំពេញបែបបទនៅគ្រប់ដំណាក់កាល»។
លោកបន្តនិយាយយ៉ាងដូច្នេះ ៖ « នេះគឺជាការចាប់ផ្តើមនៃដំណើរការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ ទាំងមូល ដែលការងារបន្ទាប់ គឺការប្រមូលទិន្នន័យនៅ(អគ្គនាយកដ្ឋាន) និងតាមបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សាឆ្នាំ២០២៣ ដែលរំពឹងថានឹងផ្សព្វផ្សាយជាសាធារណៈនៅត្រីមាសទី១ ឆ្នាំ២០២៤»។
ជាមួយគ្នានេះ លោកអគ្គនាយករង ក៏បានស្នើដល់អង្គភាពគយនិងរដ្ឋាករ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំនីតិវិធីផ្ទៃក្នុង និងចូលរួមសហការជាមួយក្រុមការងារ និងអ្នកជំនាញការ ដើម្បីឱ្យការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា៕
© រក្សាសិទ្ធិដោយ thmeythmey.com