ជាតិ
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើង២កន្លែង នៅខេត្តព្រះសីហនុ
× នាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ មករា សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើង២កន្លែង នៅខេត្តព្រះសីហនុ។
«មិនបាច់មកបាញ់កាំភ្លើងទេ មកខេត្តព្រះសីហនុ មកដើរលេងកោះទៅ កុំបាច់បាញ់កាំភ្លើង»។ នេះជាបញ្ជាររបស់នាយករដ្ឋមន្រ្តី ដែលបានប្រាប់អាជ្ញាធរខេត្តព្រះសីហនុ ឈប់ផ្ដល់អាជ្ញាបណ្ណដល់ឯកជន បើកកន្លែងបាញ់កាំភ្លើងបន្តទៀត។
មូលហេតុ ដែលសម្ដេច ហ៊ុន ម៉ាណែត មិនចង់ឱ្យមានកន្លែងបាញ់កាំភ្លើង នៅខេត្តព្រះសីហនុ ព្រោះវានាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលមកលេងខេត្តមាត់សមុទ្រនេះ មានការភ័យខ្លាច និងព្រួយបារម្ភពីសុខសុវត្ថិភាពផ្ទាល់ខ្លួន។
ម្យ៉ាងទៀត បើបន្តឱ្យមានកន្លែងបាញ់កាំភ្លើងនោះ វាក៏មានការចរាចរទិញគ្រាប់កាំភ្លើង និងអាវុធ សម្រាប់ទីតាំងអាជីវកម្មនោះដែរ។ ដូច្នេះមិនគួរឱ្យមានកន្លែងបាញ់កាំភ្លើងទេ។ នេះជាការយល់ឃើញរបស់សម្ដេច ដែលបានបន្ថែមថា ការងារប្រើប្រាស់អាវុធ និងបាញ់កាំភ្លើង ទុកឱ្យក្រុមកងកម្លាំងហ្វឹកហាត់ចុះ មិនចាំបាច់ឱ្យស៊ីវិល ឬសាធារណជន អនុវត្តនោះទេ។
សម្ដេច ហ៊ុន ម៉ាណែត ក៏កំពុងព្រាងអនុក្រឹត្យ ទាក់ទងនឹងការផ្ដល់អាជ្ញាបណ្ណបើកកន្លែងបាញ់កាំភ្លើងដែរ។
Tag:
ហ៊ុន ម៉ាណែត
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com