ជាតិ
រដ្ឋមន្ត្រីផែនការ ស្នើសហភាពអឺរ៉ុបឱ្យជួយផ្នែកបច្ចេកទេសជំរឿនឆ្នាំ២០២៤
21, Feb 2024 , 6:59 pm        
រូបភាព
លោក  ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ(ខាងស្ដាំ) ជួបជាមួយ លោក lgor DRIESMANS ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអឺរ៉ុប(European Union) ប្រចាំកម្ពុជា។ រូបពី ហ្វេសប៊ុកក្រសួងផែនការ
លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ(ខាងស្ដាំ) ជួបជាមួយ លោក lgor DRIESMANS ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអឺរ៉ុប(European Union) ប្រចាំកម្ពុជា។ រូបពី ហ្វេសប៊ុកក្រសួងផែនការ
ភ្នំពេញ៖ លោក  ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានស្នើទៅ លោក lgor DRIESMANS ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអឺរ៉ុប(European Union) ប្រចាំកម្ពុជា ឱ្យជួយជ្រោមជ្រែងលើផ្នែកជំរឿនបន្ថែមទៀត ពិសេសផ្នែកបច្ចេកទេស និងឧបករណ៍។

 
រដ្ឋមន្ត្រីក្រសួងផែនការ បានជួបជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអឺរ៉ុប នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១៩កុម្ភៈ ដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការ រវាងក្រសួងផែនការនិងសហភាពអឺរ៉ុប។ 
 
ក្នុងជំនួបនេះ លោក  ប៊ិន ត្រឈៃ បានលើកពីបំណងចង់ប្រែក្លាយការធ្វើជំរឿន និងអង្កេត ដែលផ្អែកលើការប្រើប្រាស់ក្រដាស ទៅជាឧបករណ៍ Digital។ ហេតុនេះ លោកបានស្នើទៅកាន់សហភាពអឺរ៉ុប យ៉ាងដូច្នេះ៖ «ស្នើដល់សហភាពអឺរ៉ុប ផ្តល់ការគាំទ្របន្ថែមទៀតលើគម្រោងដែលបានឯកភាពគ្នា ជាជំនួយបច្ចេកទេស និងសម្ភារៈ ICT លើការងារជំរឿន និងអង្កេត ដែលក្នុងឆ្នាំ២០២៤នេះ ក្រសួងផែនការនឹងរៀបចំការធ្វើអង្កេតចន្លោះជំរឿនប្រជាជនផងដែរ»។ 
 
ឆ្លើយតបនឹងការស្នើនេះ លោក lgor DRIESMANS ថា ប្រតិភូអឺរ៉ុបប្រចាំកម្ពុជា នឹងពិនិត្យលទ្ធភាពជាក់ស្តែង ដើម្បីផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ។ ជាមួយគ្នាដែរ ភាគីសហភាពអឺរ៉ុប សន្យាផ្តល់ការគាំទ្រគម្រោងលើកកម្ពស់សមត្ថភាពដល់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើផ្នែកសម្របសម្រួល និងដំណើរការការងារ។ ការជួយជ្រោមជ្រែងនេះ គឺផ្តោតសំខាន់ចំពោះការគ្រប់គ្រងគុណភាពនៃស្ថិតិផ្លូវការ, ការលើកកម្ពស់ភាពស៊ីចង្វាក់គ្នា នៃវិធីសាស្រ្តសម្រាប់ការប្រមូល, ការផលិតនិងការផ្សព្វផ្សាយទិន្នន័យស្ថិតិ ព្រមទាំងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធបណ្តុះបណ្តាលមន្ត្រី ទាំងនៅក្នុងវិទ្យាស្ថានជាតិស្ថិតិ និងក្នុងប្រព័ន្ធស្ថិតិជាតិ។
 
សូមជម្រាបថា ចាប់តាំងពីការរាតត្បាតជំងឺកូវីដ-១៩មក សហភាពអឺរ៉ុបបានគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយពួកគេបានជួយផ្ដល់បច្ចេកទេសនិងឧបករណ៍ សម្រាប់វាយតម្លៃគ្រួសារក្រីក្រ៕ 

Tag:
 ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com