RFI
អន្តរជាតិ
ពិព័រណ៍​យន្តហោះនៅសិង្ហបុរី៖ ចិនបង្អួត​យន្តហោះ​C919 ថៃ​បញ្ជាទិញ​​Boeing ​Dreamliners ​៤៥​គ្រឿង
21, Feb 2024 , 7:39 pm        
រូបភាព
យន្តហោះ​ Comac C919 របស់ចិន ហោះបង្អួតភ្ញៀវ នៅ​ Singapore Airshow Changi Exhibition Centre ថ្ងៃទី ២០ កុម្ភៈ ២០២៤ REUTERS - EDGAR SU
យន្តហោះ​ Comac C919 របស់ចិន ហោះបង្អួតភ្ញៀវ នៅ​ Singapore Airshow Changi Exhibition Centre ថ្ងៃទី ២០ កុម្ភៈ ២០២៤ REUTERS - EDGAR SU
ដោយ៖ ម៉ម ពិសី /RFI ខេមរភាសា
 
កម្មវិធី​ពិព័រណ៍យន្តហោះនៅសិង្ហបុរី ដែលគេរៀបចំធ្វើរៀងរាល់២ឆ្នាំម្តង បានចាប់​ផ្តើម​បើកទ្វារ កាលពីថ្ងៃអង្គារ ទី​២០​កុម្ភៈ។ ជាលើកទី១ ចិនបានតាំងបង្ហាញ​យន្តហោះថ្មីផលិត​ក្នុងស្រុករបស់ខ្លួន គឺយន្តហោះ​ប្រភេទ C919។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបញ្ជាទិញយន្តហោះ Boeing Dreamliners ចំនួនដល់ទៅ​៤៥គ្រឿង ដើម្បីឆ្លើយតបទៅនឹងទំហំកើនឡើងខ្លាំង នៃវិស័យដឹកជញ្ជូនផ្លូវអាកាសរបស់ថៃ។



យ៉ាងហោចណាស់ មានសហគ្រាសផលិត​យន្តហោះ រួមទាំង​ក្រុមហ៊ុនអាកាសចរណ៍ សរុបទាំងអស់​ចំនួន​១០០០ ដែលបានមកចូលរួម ក្នុងពិព័រណ៌យន្តហោះ ឆ្នាំ​២០២៤នៅសិង្ហបុរី​។ ក្នុងចំណោម​សហគ្រាស​ផលិតយន្តហោះធំៗ គឺមាន​ដូចជា ក្រុមហ៊ុន​Airbus ក្រុមហ៊ុនBoeing ក្រុមហ៊ុនLockheed Martin និងក្រុមហ៊ុនផលិតយន្តហោះចិន២ គឺ​Comac និង Avic។
 
ជាលើកទី​១ ក្រុមហ៊ុន Comac របស់ចិនបានតាំងបង្ហាញ​ យន្តហោះ C919 ជាប្រភេទយន្តហោះ​ ហោះ​បាន​ចំងាយ​​មធ្យម ប្រជែងទីផ្សារជាមួយ យន្តហោះAirbus A320 ឬយន្តហោះ​Boeing 737។ ក្រុមហ៊ុន Comac បានអះអាងថា ក្នុងឱកាស​ពិព័រណ៌នៅសិង្ហបុរីឆ្នាំនេះ  គេបានទទួលការបញ្ជាទិញយន្តហោះ C919 ចំនួន​៤០គ្រឿង ពីសំណាក់ក្រុមហ៊ុន Tibet Airlines។
 
ចំណែក​ក្រុមហ៊ុន Boeing វិញបានឲ្យដឹងថា គេបានទទួលការបញ្ជាទិញយន្តហោះ Boeing 787 Dreamliners​ ចំនួន​ដល់ទៅ​៤៥គ្រឿង ពីក្រុមហ៊ុន​ក្រុមហ៊ុន Thai Airways។ Boeing មិន​បានបញ្ជាក់ឲ្យដឹងថា ការបញ្ជារទិញនេះមានទំហំទឹកប្រាក់ប៉ុន្មាន​ទេ តែបើផ្អែកទៅលើ​តម្លៃកាតាឡុក គឺគិតជាសរុបប្រមាណ​១៣០០០លានដុល្លារ។ បន្ថែមពីក្រុមហ៊ុន Thai Airways ដែលធ្វើការបញ្ជាទិញយ៉ាងសម្បើមនេះ ក្រុមហ៊ុន​ Royal Brunei Airlines បានបញ្ជាទិញ យន្តហោះ Boeing 787 Dreamliners ចំនួន​៤គ្រឿងដែរ។​
 
លោក អគ្គនាយក​ក្រុមហ៊ុន Thai Airways បានឲ្យដឹងថា ក្រុមហ៊ុន​លោកបានសម្រេចចិត្ត​ទិញយន្តហោះថ្មី ហោះចម្ងាយ​ឆ្ងាយ​ដល់ទៅ​៤៥គ្រឿង គឺដើម្បី​ឆ្លើយតបទៅនឹងការ​រីកចម្រើនខ្លាំង នៃវិស័យសេដ្ឋកិច្ចថៃ​។ បន្ថែមពីនេះ យន្តហោះ Boeing 787 Dreamliners មានបច្ចេកវិទ្យាទំនើប សន្សំសាំងបានដល់ទៅ​២៥%បើប្រៀបធៀបទៅ​យន្តហោះដែល Thai Airways ប្រើបច្ចុប្បន្ន​។
 
គួរកត់សំគាល់​ថា​ វិស័យដឹកជញ្ជូនផ្លូវអាកាស​ ហាក់​បានកើនឡើងសន្ទុះខ្លាំង ស្មើនឹងមុន​ពេលមាន​វិបត្តិ​កូវីដ​១៩។ លោក Steven Townend អគ្គនាយក BOC Aviation ប្រចាំនៅសិង្ហបុរី បានអះអាងថា ឧស្សាហកម្ម​​យន្តហោះ កំពុងរីកចម្រើន ហើយក្រុមហ៊ុនអាកាសចរណ៍វិញ បានត្រឡប់​មកចំណេញ​បានប្រាក់​​វិញ​ហើយ នៅទូទាំងពិភពលោក។
 
តែទន្ទឹមនឹងនេះ គេសង្កេតឃើញថា​ សហគ្រាសផលិតយន្តហោះ កំពុងជួបការលំបាកខ្លាំង ដើម្បី​បំពេញ​កាតព្វកិច្ចទៅ​ការបញ្ជាទិញ ដែលកាន់តែសំបូរ។ មានកត្តាជាច្រើន ដែល​ផ្តល់ការលំបាក​ដល់​បណ្តាញផលិត ក្រោយ​វិបត្តិកូវីដ១៩ នោះគឺ​កង្វះ​បុគ្គលិក ព្រមទាំងបញ្ហា​មួយចំនួនទាក់ទិន​នឹងការយឺតយ៉ាវ នៃ​ការផលិត​​និងដឹកជញ្ជូន​គ្រឿងផ្សំយន្តហោះ។
 
ដោយសារតែបញ្ហាយឺតយ៉ាវទាំងនេះ ក្រុមហ៊ុន Airbus បច្ចុប្បន្ន​ផលិតយន្តហោះ A320neo បានចំនួន​៥០​គ្រឿង​ក្នុង​មួយខែ ខណៈកម្មវត្ថុ​ផលិត​កំណត់កាលចុងឆ្នាំ​ គឺ៥៨គ្រឿង។ ក្នុងឱកាស ពិព័រណ៍យន្តហោះនៅសិង្ហបុរី​នេះដែរ Airbus បានប្រកាសថាគេនឹង​លើកពេលប្រគល់យន្តហោះប្រភេទថ្មី A321XLR ពីពាក់កណ្តាល​ឆ្នាំ ទៅ​ត្រីមាសទី​៣​ឆ្នាំ​នេះ​វិញ។
 
ជាការកាត់សំគាល់ដែរ ថ្វីបើកក្រុមហ៊ុនBoeing ញញឹមរីករាយនឹងការបញ្ជាទិញដ៏សន្ធឹកក្នុងពេលនេះ តែ​ក្រុមហ៊ុននេះ កំពុងតែជួបបញ្ហា​ធ្ងន់ធ្ងរ ទាក់ទិននឹងសុវត្ថិភាពនៃយន្តហោះ 737 Max ក្រោយជួបហេតុការណ៍​​របើក​ទ្វារយន្តហោះ​​Alaska Airlines កាលពីដើមខែមករា។ ការិយាល័យសុវត្ថិភាពផ្លូវអាកាសអាមេរិក ​បានបញ្ជា​​ឲ្យ Boeing ផលិត​​យន្តហោះត្រឹមតែ​៣៨គ្រឿងក្នុង​មួយខែបានហើយ​​ ដើម្បី​មានពេលពិនិត្យសុវត្ថិភាពគ្រប់គ្រាន់៕

© រក្សាសិទ្ធិដោយ thmeythmey.com