កីឡាជាតិ
ជាតិ
FFC និង CPL ដកសិទ្ធប្រកួតអង្គរស៊ីធីនៅលីគ២ ហើយពិន័យ១ពាន់ដុល្លារ និងបម្រាម១ឆ្នាំ
21, Feb 2024 , 8:19 pm        
រូបភាព
កីឡាករក្លិប Angkor City រូបពី Cambodian League 2
កីឡាករក្លិប Angkor City រូបពី Cambodian League 2
ក្លិបបាល់ទាត់ អង្គរស៊ីធី ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា (FFC) និងក្រុមហ៊ុនលីគកម្ពុជា (Cambodian Premier League) ដកសិទ្ធិប្រកួតនៅលីគទី២កម្ពុជារដូវកាល ២០២៣-២៤ រួមទាំងពិន័យ១០០០ដុល្លារ និងមិនឲ្យចូលរួមការប្រកួតរយៈពេលមួយឆ្នាំ។ លោក Charlie Pomroy គ្រូបង្វឹក និងជាស្ថាបនិកក្លិបអង្គរស៊ីធី ដែលរងពិន័យរយៈពេលមួយឆ្នាំដែរនោះ មិនពេញចិត្តនឹងការដាក់ពិន័យនេះឡើយ។ គ្រូបង្វឹកអង់គ្លេស នឹងយកពេលជាប់ពិន័យនេះ កសាងសមត្ថភាព បណ្ដុះកីឡាករ ត្រៀមចូលរួមលីគ២ នារដូវកាលបន្តបន្ទាប់។



ក្លិបអង្គរស៊ីធី ដែលរដូវកាលមុនមានឈ្មោះថា Next Step FC កំពុងប្រកួតក្នុងលីគ២កម្ពុជា  ជួបបញ្ហាហិរញ្ញវត្ថុ ២រដូវកាលជាប់គ្នា។ បញ្ហារបស់ក្លិប បានប៉ះពាល់ទៅដល់ការវិភាគ និងការប្រកួតលីគ២ ព្រោះមិនអាចរៀបចំការប្រកួតរបស់ខ្លួនជាមួយក្រុមផ្សេងបាន ដោយសារគ្មានលុយ។ ដោយឡែកកាលពីរដូវកាលមុន ក្លិបនេះ បន្ដប្រកួតយ៉ាងត្រដាបត្រដួស រហូតដល់ចប់រដូវកាល ប៉ុន្ដែក្នុងរដូវកាលនេះ Angkor City ត្រូវបានបញ្ចប់ពាក់កណ្ដាលទីត្រឹមសប្ដាហ៍ទី១៤។
 
យោងទៅលើការផ្សាយរបស់ក្លិប ដែលមានទីតាំងនៅសៀមរាបនេះ Angkor City ព្រមទទួលយកការពិន័យពីសហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមហ៊ុន CPL។ ការពិន័យនេះ មានដូចជា៖ ហាមក្លិបមិនឲ្យចូលរួមការប្រកួតរយៈពេលមួយឆ្នាំ, ពិន័យជាសាច់ប្រាក់ ១០០០ដុល្លា និងពិន័យលោក Charly Pomroy ឲ្យជាប់បម្រាមរយៈពេល១ឆ្នាំ។ ក្លិបនេះ នឹងមិនប្ដឹងទៅឧទរណ៍ឡើយ ហើយប្រឹងអភិវឌ្ឍក្លិបឲ្យបានល្អ អំឡុងពេលជាប់ពិន័យរយៈពេលមួយឆ្នាំពេញនោះ។
 
ដោយឡែក លោក Charly Pomroy ជនជាតិអង់គ្លេស មិនពេញចិត្តចំពោះការពិន័យនេះឡើយ ប៉ុន្ដែក្លិបមិនអាចបដិសេធបានទេ ព្រោះជាអាជ្ញារបស់សហព័ន្ធបាល់ទាត់កម្ពុជា និង CPL។

លោក Charly Pomroy គ្រូបង្វឹកក្លិប Angkor city រូបពី Cambodian League2

គ្រូបង្វឹករូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា៖«ការពិន័យ គឺធ្ងន់ធ្ងរ ហើយគ្មានហេតុសមស្របសោះ។ កំហុសរបស់យើង គឺមិនមានលុយគ្រប់គ្រាន់ ហើយជាហេតុធ្វើឲ្យយើងមិនអាចទៅប្រកួតបាន។ នៅក្នុងសង្គម យើងជួយគ្រួសារ ដែលមានលុយតិច ហើយជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ប៉ុន្ដែក្នុងបាល់ទាត់ ការអត់ថវិការ គឺជារឿងមួយ ដែលត្រូវគេពិន័យទៅវិញ។ ខ្លួនខ្ញុំ និងមនុស្ស ដែលខ្ញុំបាននិយាយជាមួយ គេយល់ពីហេតុផល ដែលខ្ញុំរងពិន័យ ប៉ុន្ដែយើងមិនអាចតវ៉ាបាន។ ម្យ៉ាងវិញទៀត ខ្ញុំមានកិច្ចការមិនទាន់ធ្វើជាច្រើន ហើយយើងនៅតែចង់ត្រឡប់មកវិញ។ ប្រសិនជាខ្ញុំតវ៉ា ច្បាស់ណាស់ ខ្ញុំនឹងមិនអាចដឹកនាំក្រុមត្រឡប់មកវិញឡើយ។»។ លោក Charly Pomroy និយាយដូច្នេះ។
 
ស្ថាបនិកក្លិបរូបនេះ បានបន្ថែមទៀតថា អំឡុងពេលជាប់ពិន័យ នឹងព្យាយាមបណ្ដុះធនធានកីឡាករ ហើយសាងសមត្ថភាពកីឡាករ ដែលមានរួចស្រាប់ឲ្យកាន់តែមានគុណភាព។ លោក Charly ក៏នឹងយកឱកាស នេះសម្រាប់ក្លិប សាងសង់ទីលានបាល់ទាត់របស់ខ្លួន រួចស្នើយកអាជ្ញាប័ណ្ណក្លិបក្នុងប្រទេសផងដែរ៕

ប្រកួតរវាង Angkor City និងឈុតB កងយោធពលខេមរភូមិន្ទ រូបពី Cambodian League 2

Tag:
 បាល់ទាត់
  លីគ២
  អង្គរស៊ីធី
© រក្សាសិទ្ធិដោយ thmeythmey.com