ជាតិ
លោក ហ៊ុន ម៉ានី ​តំណាង​ឱ្យ​ក្ដី​សង្ឃឹម​ ស្នាម​ញញឹម និងការ​ជឿ​ជាក់!
21, Feb 2024 , 5:19 pm        
រូបភាព
ភ្នំពេញ៖ រូបថតលោក ហ៊ុន ម៉ានី និងសារជូនពរ បានហោះអណ្ដែតនៅលើបណ្ដាញសង្គមហ្វេសប៊ុក សារព័ត៌មាន និង ឆានែលតេឡេក្រាម​យ៉ាងព្រោងព្រាត តាំងពីព្រឹកថ្ងៃទី២១ខែកុម្ភៈនេះ។



មកដល់​ថ្ងៃទី​២១ កុម្ភៈនេះ មាន​រយៈពេល​៦ខែហើយ​ ដែល​លោក ហ៊ុន ម៉ានី កាន់​តំណែងជា​រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ។ កន្លះ​ឆ្នាំ​ក្នុងតំណែង​ជារដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ានី បាន​ដឹក​នាំ​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្រ្តីរាជការ ចំនួន​២លើក​យ៉ាងលេចធ្លោផងដែរ ក្នុងចំណោមសកម្មភាពកំណែទម្រង់ផ្សេងទៀត។
 
នៅ​លើ​បណ្ដាញ​សង្គម​ គេ​សង្កេត​ឃើញ​មាន​ការ​បង្ហោះសារ​អបអរសាទរ ដល់​លោក ហ៊ុន ម៉ានី យ៉ាង​ច្រើន។ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Ide Jep បាន​បង្ហោះរូបភាព​លោក ហ៊ុន ម៉ានី ជាមួយ​ពលរដ្ឋ​ចាស់ក្មេងចំនួន ៤សន្លឹក អមជា​មួយពាក្យ​ពេចន៍​ដូច្នេះ៖«បងប្រធាន ជា​តំណាង​ឱ្យ​ក្ដី​សង្ឃឹម​ ស្នាម​ញញឹម ការ​ជឿ​ជាក់ និង​សុទិដ្ឋិនិយមរបស់​ពួក​យើង​ទាំងអស់​គ្នា! សូម​អបអរសាទរ​បង​ប្រធាន ប្រកប​ដោយ​ក្ដី​រំភើប​បំផុត!»។ 
 

 
សម្រាប់​លោក យ៉ាន សុភ័ណ្ឌ ជា​ពលរដ្ឋ​ម្នាក់ រៀបរាប់​អារម្មណ៍​រំភើប​ដែល​ លោក ហ៊ុន ម៉ានី ក្លាយ​ជា​ឧបនាយករដ្ឋមន្រ្តី។ យុវជនរូបនេះ បរិយាយថា៖ «ក្នុងនាមខ្ញុំផ្ទាល់ តំណែងជា «ឧបនាយករដ្ឋមន្ត្រី» នេះពិតជាស័ក្តិសមបំផុតចំពោះបងប្រធាន ដែលបងប្រធានត្រូវតែទទួលបាន និងទទួលបានភាពជោគជ័យបន្ថែមទៀតនាពេលអនាគត ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់ប្រទេសជាតិយើង និងយុវជនជំនាន់ក្រោយ។ ប្រទេសជាតិយើង ពិតជាត្រូវការថ្នាក់ដឹកនាំប្រកបដោយកិត្តិបណ្ឌិតដូចជា បងប្រធាន»។


 
​គ្រូ​ពេទ្យស្ម័គ្រចិត្ត​ម្នាក់ ដែល​មាន​ឈ្មោះថា លេង ផាលី ​បាន​បង្ហាញ​អារម្មណ៍​ត្រេក​អរ​ចំពោះ​លោក ហ៊ុន ម៉ានី ដោយបានសរសេរ​សារអបអរសាទរ និង​ជូនពរ។ មិន​ខុស​ពី​គ្រូ​ពេទ្យស្ម័គ្រចិត្ត​នោះទេ លោក ឌី ពុទ្ធារិទ្ធ ជាមន្រ្តី​រាជការ​មួយរូប ក៏បាន​បង្ហោះសារអបអរអមជាមួយ​រូបភាព ​លោក ហ៊ុន ម៉ានី​ផងដែរ។
 
 
​កីឡាករជម្រើសជាតិបាល់ទាត់ ចាន់ វឌ្ឍនាកា ក៏បានបង្ហាញការសាទរចំពោះការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីនេះដែរ។ ​ក្នុងក្រសែភ្នែកកីឡាកររូបនេះ លោក ហ៊ុន ម៉ានី គឺស័ក្តិសមសម្រាប់តំណែងនេះ។ «បងពិតជាស័ក្តិសម ពួកយើងជឿជាក់លើការដឹកនាំរបស់បងប្រធាន»។ នេះជាទំនុកចិត្តរបស់កីឡាករជម្រើសជាតិបាល់ទាត់ ចាន់ វឌ្ឍនាកា លើលោក ហ៊ុន ម៉ានី។ 
 

 
ចំណែក​កីឡាករ​បាល់​ទះ​អង្គុយ​ជន​ពិការ​ លោក ប៉ុន ឌីណា ក៏បាន​សរសេរ​ជូនពរ​លោក ហ៊ុន ម៉ានី បែបនេះ៖«សូមជូនពរ ឯកឧត្ដម មានសុខភាពល្អ កម្លាំង​មាំមួន ដើម្បីជាម្លប់ដល់ប្រតិភូ គ្រូបង្វឹកអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា និងជួបតែសំណាងល្អ»។ 
 

 
ក្រៅ​ពី​អបអរ​ និង​ជូន​ពរដល់​ ហ៊ុន ម៉ានី យុវតី​ម្នាក់ឈ្មោះ Chorrnay Neangtulay យល់ឃើញថា ការតែងតាំងជា​ឧបនាយករដ្ឋមន្រ្តី សបញ្ជាក់ពី​ស្នាដៃយ៉ាង​ពិត​ប្រាកដ។ «ការផ្តល់ទំនុកចិត្តនេះ​ សបញ្ជាក់ពីស្នាដៃ​ សកម្មភាព​ និងស្មារតីនៃកិច្ចខិតខំប្រឹងប្រែងរបស់​ បងប្រធាន​ ដែលបានចូលរួមចំណែកបម្រើផលប្រយោជន៍ជាតិ​ មាតុភូមិ​ និងប្រជាជន»​។ នេះជា​សំណេរ​របស់​យុវតី​ខាងលើ ភ្ជាប់ជាមួយ​រូបភាពនាង​ជាមួយ​លោក​ ហ៊ុន ម៉ានី។ 
 

 
សារអបអរចំពោះការតែងតាំងលោក ហ៊ុន ម៉ានី ក៏ត្រូវបានបង្ហោះចេញពីគណនីហ្វេសប៊ុក​​ឈ្មោះ Reaksmey Yean ដែលគេជាស្គាល់ថាជារបស់សិល្បករសហសម័យដែរ។ លោក យ៉ាន រស្មី ​ក៏សង្ឃឹមដែរថា ក្នុងតួនាទីនេះនឹងជួយឱ្យជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈកាន់តែប្រសើរ។ លោក យ៉ាន រស្មី ​បញ្ជាក់ដូច្នេះ៖ «សូមឱ្យបេសកកម្ម ក្នុងការជំរុញការកំណែទម្រង់, ការពង្រឹងរដ្ឋបាលសាធារណៈ និង ការធ្វើទំនើបកម្មស្ថាប័នសាធារណៈ បានសមប្រកប»។
 
​សូម​បញ្ជាក់ថា សម័យប្រជុំដែលដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា មានវត្តមានអ្នកតំណាងរាស្ត្រចំនួន១២០នាក់ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល។ លោក ហ៊ុន ម៉ានី បច្ចុប្បន្នជារដ្ឋមន្ត្រីមុខងារសារធារណៈ ត្រូវបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាឧបនាយករដ្ឋមន្ត្រី៕

Tag:
 ហ៊ុន ម៉ានី​
  មុខងារសាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com