កីឡាជាតិ
ជាតិ
ឌូក ទទូចឱ្យចូលរួមលេងបាល់ទះតាមបច្ចេកទេស ដើម្បីគំរូដល់ជំនាន់ក្រោយ
22, Feb 2024 , 8:59 am        
រូបភាព
កីឡាករបាល់ទះ ជុក សោភា (ឌូក) ចង់ឃើញកូនខ្មែរលេងបានបាល់ទះតាមក្បួនត្រឹមត្រូវ ដោយគ្មានការចាប់បោះបោកខុសលក្ខខណ្ឌបច្ចេកទេស ដើម្បីផ្តល់ជាគំរូល្អសម្រាប់ក្មេងៗជំនាន់ក្រោយ។ ឌូក នឹងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់បាល់ទះ ៤ទល់៤ ព្រឹត្តិការណ៍ Special Volleyball Challenge Cup 2024 បន្ទាប់ពីប្រកួតប្រជែងក្នុងលីគបាល់ទះតេជោលីគ។



ការលេងបាល់ទះក្រៅផ្លូវការ ចាប់បោះបោកខុសបច្ចេកទេស បន្តកើតមានជារើយៗ តាមរូបភាពការប្រកួតមិត្តភាពតាមភូមិស្រុក ខណៈកត្តានេះនៅតែជាកង្វល់របស់សហព័ន្ធបាល់ទះកម្ពុជា និងកីឡាករអាជីព។ 
 
ក្នុងកិច្ចសម្ភាសជាមួយនឹងអ្នកសារព័ត៌មានថ្មីៗ ឌូក បានអំពាវនាវឱ្យយុវជនកូនខ្មែរលេងបាល់ទះតាមក្បួនខ្នាតផ្លូវការ ដើម្បីអាចផ្តល់គំរូល្អដល់ក្មេងៗជំនាន់ក្រោយ ដែលស្រលាញ់កីឡានេះ។ 
 
«ខ្ញុំចង់ឱ្យបងប្អូនប្រជាពលរដ្ឋកូនខ្មែរទាំងអស់លេងជាលក្ខណៈផ្លូវការ កុំលេងចាប់បោះបោកអី គឺថាយើងលេងផ្លូវការដើម្បីក្មេងៗជំនាន់ក្រោយ ព្រោះគាត់នឹងអាចយកតម្រាប់តាម។»។ ឌូន បានលើកឡើងដូច្នេះ។
 
ចំពោះការបង្ហាញវត្តមាននៅក្នុងពានរង្វាន់បាល់ទះ ៤ទល់៤ ឌូក បានបញ្ជាក់បន្ថែម ថាការប្រកួតបាល់ទះ ៤ទល់៤ មានភាពងាយស្រួលជាងការប្រកួតក្នុងលីគបាល់ទះ៦ទល់៦ ប៉ុន្តែត្រូវប្រើកម្លាំងខ្លាំងជាង ព្រោះថាមានសមាជិក ៤នាក់ នឹងត្រូវបំពេញតួនាទីច្រើន បើធៀបទៅនឹងការប្រកួតមានគ្នា ៦នាក់។
 
ជុក សោភា បានជួយឱ្យក្លិបកងពលធំអន្តរាគមន៍លេខ៣ ទទួលបានចំណាត់ថ្នាក់លេខ ៦ ក្នុងពានរង្វាន់លីគបាល់ទះតេជោលីគ រដូវកាលដំបូងរបស់កម្ពុជា ដែលបញ្ចប់ទៅកាលពីចុងសប្តាហ៍មុន។
 
កីឡាករបាល់ទះលើឆ្នេរខ្សាច់របស់ជម្រើសជាតិកម្ពុជារូបនេះ បន្តថា៖«សម្រាប់ខ្ញុំគឺគ្មានភាពលំបាកអ្វីទេទៅលើការលេងព្រោះយើងជាកីឡាករអាជីព យើងលេងរាល់គ្រប់រូបមន្តការប្រកួត គ្រាន់តែថាលេងនេះគឺស្តង់ដារដូច ៦ទល់៦ អ៊ីចឹងដែរ។ ការប្រកួតទាំង ៤ទល់៤ និង ៦ទល់៦ គឺខ្ញុំមានជំនាញដូចគ្នា តែត្រង់ថាការប្រកួត ៤ទល់៤ មានភាពងាយស្រួលលេង​ជាងព្រោះថាកីឡាករនៅលើទីលានមានតិច ហើយការប្រកួតមានត្រឹម ៣សិត។»។​
 
ចំពោះកត្តាអនាគត ឌូន ថាបើសិនមានឱកាសខ្លួនចង់ជួយបង្ហាត់ក្មេងៗជំនាន់ក្រោយ ដែលចង់ចេះលេងបាល់ទះឱ្យបានស្ទាត់ជំនាញ ដើម្បីបន្តជួយកសាងធនធានកីឡាករបាល់ទះក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕

Tag:
 ជុក សោភា
  ឌូក
  បាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com