ជាតិ
ស្នងការភ្នំពេញ៖ រថយន្តដឹកភ្ញៀវផឹកសុីចល័ត គឺច្នៃខុសបច្ចេកទេស និងបង្កភាពរញ៉េរញ៉ៃ
21, Feb 2024 , 9:13 pm        
រូបភាព
ភ្នំពេញ៖ កាលពីថ្ងៃ ២០ កុម្ភៈកន្លងទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានហៅអ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ទៅអប់រំណែនាំ និងឱ្យបញ្ឈប់សកម្មភាព ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ក្រោយមានមតិមិនគាំទ្រពីមហាជនមួយចំនួន ស្នងការរាជធានីភ្នំពេញ បានបកស្រាយថា ការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈនេះ អាចបង្កភាពរញ៉េរញ៉ៃ ជាគំរូមិនល្អនៅក្នុងសង្គម និងការកែច្នៃរថយន្តមានខុសលក្ខណៈបច្ចេកទេស។

 
ប៉ុស្តី៍នគរបាលរដ្ឋបាលចតុមុខ បានបញ្ឈប់នូវសកម្មភាពរបស់
អ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ដឹកភ្ញៀវចាក់ចម្រៀង ច្រៀងរាំ និងពិសាស្រាបៀរនៅទីសាធារណៈ ក្នុងខណ្ឌដូនពេញ ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជុំវិញករណីនេះ អ្នកលេងតាមបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិ ចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនសប្បាយចិត្តទៅលើចំណាត់ការរបស់សមត្ថកិច្ច ថាមន្ត្រីនគរបាលមិនលើកទឹកចិត្តក្នុងការលើកស្ទួយវិស័យទេសចរណ៍។
 
ទន្ទឹមនឹងនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការប្រកបមុខរបរធ្វើអាជីវកម្មលើវិស័យទេសចរណ៍ដោយស្របច្បាប់ គឺពិតជាមានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការប្រកបមុខរបរដើម្បីបង្កើនជីវភាពនិងទាក់ទាញទេសចរណ៍។ ក្នុងករណីនេះ ត្រូវតែមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ផ្លាកលេខនិងល្បឿន។ 
 
បន្ថែមពីនេះ ការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈដែលមានការចាក់ចម្រៀង ច្រៀងរាំគងរំពងនិងពិសាស្រាបៀរតាមផ្លូវសាធារណៈគឺមានហានីភ័យអាចបង្កបញ្ហាគ្រោះ បង្កភាពរញ៉េរញ៉ៃ និងជាគំរូមិនល្អនៅក្នុងសង្គម។ ម្យ៉ាងវិញទៀត ការពិសាស្រាបៀរ ច្រៀងរាំ នៅទីសាធារណៈ តាមរយៈធ្វើដំណើរចល័តលើដងផ្លូវបែបនេះជាការជំរុញឱ្យអ្នកដទៃនាំគ្នាធ្វើសកម្មភាពតតាមគ្នាបង្កប៉ះពាល់សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈខណៈដែលសមត្ថកិច្ចកំពុងពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ៕

Tag:
 ThmeyThmey
 រថយន្តកែច្នៃ
 ស្នងការរាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com