កីឡាអន្តរជាតិ
អន្តរជាតិ
Messi និង Suarez ជួយ Inter Miami រកបាន៣ពិន្ទុ​ នៅជំនួបបើកឆាក MLS
22, Feb 2024 , 10:59 am        
រូបភាព
Inter Miami បានយកឈ្នះ Real Salt Lake ២-០ ក្នុងការប្រកួតបើកឆាកលីគកំពូលអាម៉េរិក (MLS) រដូវកាលថ្មី ឆ្នាំ២០២៤។ Robert Taylor និង Diego Gomez រកបានម្នាក់១គ្រាប់ តាមរយៈការបញ្ជូន (asisst) របស់ប្រធានក្រុម Lionel Messi និង Luis Suarez។



MLS បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដោយជំនួបដំបូងធ្វើឡើងរវាង Inter Miami និង Real Salt Lake។ Robert Taylor ជាអ្នករកបានគ្រាប់ដំបូងក្នុងជំនួប​បើកឆាកនេះឱ្យ Inter Miami នៅនាទី៣៩ តាមរយៈការបញ្ជូនរបស់ Messi មុនពេល Gomez សម្រេចគ្រាប់ទី២ ពីការបញ្ជូនរបស់ Suarez នៅនាទី៨៣។
 
ក្នុងជំនួបដំបូងនេះ Miami បានដាក់កីឡាកឆ្នើមៗ ដែលសុទ្ធសឹងជាអតីតសមាជិក Barcelona រួមមានខ្សែបម្រើ Sergio Busquets ខ្សែការពារ Jordi Alba រួមជាមួយ Messi និង Suarez។
 
តាមរយៈវត្តមានកីឡាករឆ្នើមទាំង៤រូបនេះ នឹងធ្វើឱ្យក្រុមដែលមានលោក David Beckham ជាម្ចាស់ម្នាក់ នឹងមានការប្រកួតប្រជែងខ្លាំងក្នុងការដណ្តើមពានរង្វាន់លីគកំពូលអាម៉េរិក រដូវកាលឆ្នាំ ២០២៤ នេះ៕
 

Tag:
 Inter Miami
  MLS
© រក្សាសិទ្ធិដោយ thmeythmey.com