អន្តរជាតិ
អាម៉េរិកចោទបងធំយ៉ាគូហ្សាពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីមីយ៉ាន់ម៉ា
22, Feb 2024 , 3:39 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
រដ្ឋអាជ្ញាអាម៉េរិក នៅថ្ងៃទី២១ ខែកុម្ភៈ បានចោទមេដឹកនាំក្រុមយ៉ាគូហ្សា លោក Takeshi Ebisawa និងដៃគូសហការ លោក Somphop Singhasiri ពីបទប៉ុនប៉ងជួញដូរសារធាតុ នុយក្លេអ៊ែរពីមីយ៉ាន់ម៉ា ទៅកាន់អ៊ីរ៉ង់។

 
លោក Takeshi Ebisawa មេដឹកនាំក្រុមយ៉ាគូហ្សា ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០២២ ពាក់ព័ន្ធនឹងការជួញដូរអាវុធ និងថ្នាំញៀន។ ជាថ្មីម្តងទៀត បងធំយ៉ាគូហ្សា ដែលស្ថិតក្នុងការឃុំខ្លួនរូបនេះ ត្រូវបានអាម៉េរិកបន្ថែមបទចោទថ្មី នៅថ្ងៃទី២១ ខែកុម្ភៈ ពាក់ព័ន្ធនឹងការប៉ុនប៉ងជួញដូរសារធាតុអាចផលិតជានុយក្លេអ៊ែរបានពីមីយ៉ាន់ម៉ា។ «ចុងចោទ ស្ថិតក្រោមបទចោទរៀបចំផែនការសម្ងាត់ ក្នុងការលក់សារធាតុនុយក្លេអ៊ែរ ដែលអាចផលិតជាអាវុធបាន និងនីកូទីនពីមីយ៉ាន់ម៉ា និងទិញអាវុធដោយតំណាងឱ្យក្រុមយោធា»។ ជំនួយការអគ្គរដ្ឋអាជ្ញា អាម៉េរិក លោក Matthew Olsen មកពីផ្នែកសន្តិសុខជាតិ នៃក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ។ 
 
ការទិញអាវុធទាំងនោះរួមមាន មីស៊ីលបាញ់ពីដីទៅអាកាសផងដែរ។ យ៉ាងណាមិញ មន្រ្តីផ្នែកច្បាប់រូបនេះ មិនបានបញ្ជាក់ពីថ្ងៃលោក Ebisawa ត្រូវកាត់ទោសឡើយ។ ក្នុងបទចោទចុងក្រោយ ការិយាល័យរដ្ឋអាជ្ញាប្រចាំនៅតំបន់ Manhattan ក្នុងក្រុងញូវយ៉ក បានបញ្ជាក់ថា សារធាតុទាំងនោះត្រូវបានរឹបអូសហើយ ក្រោមកិច្ចសហការពីអាជ្ញាធរថៃ ដោយរកឃើញ ថា សារធាតុទាំងនោះមានផ្ទុកដូចជា សារធាតុអ៊ុយរ៉ាញ៉ូម និងសារធាតុ plutonium។ អាជ្ញាធរថៃ បានរឹបអូសក្នុងឆ្នាំ២០២២។ 
 
បទចោទដដែល បានបង្ហាញផងដែរថា លោក Ebisawa បានប្រាប់ប្រភពដ៏ទុកចិត្តមួយ ដែលជាបណ្តាញសម្ងាត់របស់ទីភ្នាក់ងារទប់ស្កាត់គ្រឿងញៀនអាម៉េរិក ជុំវិញការទទួលបានសារធាតុអាចផលិតនុយក្លេអ៊ែរបាន ដោយមានភ្ជាប់ជាមួយរូបថតសារធាតុនោះផង។ ចំណែកទីភ្នាក់ងារបង្កប់នោះ បានបញ្ជាក់ថា ប្រសិនបើសារធាតុនោះ អាចប្រើប្រាស់សម្រាប់ នុយក្លេអ៊ែរបាន អ៊ីរ៉ង់ គឺត្រូវការវា។ 
 
នៅក្នុងឆ្នាំ២០២០ លោក Ebisawa បានផ្ញើអ៊ីម៉ែលក្រោមឈ្មោះក្រុមហ៊ុនរុករករ៉ែ ទៅបណ្តាញសម្ងាត់ ដើម្បីលក់សារធាតុអ៊ុយរ៉ាញ៉ូម និងសារធាតុ plutonium ក្នុងទំហំ ៥០មេទ្រីកតោន ក្នុងតម្លៃ៦,៨៥លានដុល្លារ។ 
 
លោក​ Ebisawa បានរងបទចោទដូចជា ការជួញដូរខុសច្បាស់លើសារធាតុផលិតនុយក្លេអ៊ែរ, ការជួញដូរសារធាតុនីកូទីន, ការជួញដូរមីស៊ីលបាញ់ពីដីទៅអាកាស, ការកាន់កាប់អាវុធដោយសម្ងាត់ និងការលាងលុយកខ្វក់ជាដើម។ បងធំក្រុមយ៉ាគូហ្សារូបនេះ អាចប្រឈមនឹងជាប់ពន្ធនាគារអស់មួយជីវិត៕

Tag:
 អាម៉េរិក
  មីយ៉ាន់ម៉ា
  យ៉ាគូហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com