កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បន្តរកបានគ្រាប់បាល់ ខណៈ Al Nassr ឡើងវគ្គ ១/៤​ ផ្តាច់ព្រ័ត្រ ACL
22, Feb 2024 , 4:19 pm        
រូបភាព
Cristiano Ronaldo ស៊ុត ១គ្រាប់ចុងម៉ោង ​នៅក្នុងជ័យជម្នះ ២-០ ក្នុងជំនួបជើងទីពីរពានរង្វាន់ AFC Champions League  តំបន់ខាងលិច (West Zone) នាថ្ងៃទី២១ ខែកុម្ភៈ ក្នុងទីក្រុង Riyadh ជួយ Al Nassr ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ Al Nassr យកឈ្នះ Al Feiha ក្រុមពីលីគកំពូអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផលទាំងពីរជើង ៣-០។



២គ្រាប់ស៊ុតបញ្ចូលទី ក្នុងជ័យជម្នះនេះ ធ្វើបានដោយកីឡាករព័រទុយហ្កាល់ទាំងពីរ ដោយគ្រាប់ដំបូងធ្វើបានដោយ Otavio នៅនាទី១៧ ហើយ Ronaldo តារាបាល់ទាត់វ័យ ៣៩ឆ្នាំ ស៊ុតបាល់បញ្ចូលទីនាទី៨៦។ កាលពីប្រកួតជើងទីមួយសប្តាហ៍មុន Otavio ដដែលជាអ្នកបង្កើតឱកាសបញ្ចូលបាល់ដល់ Ronaldo ដើម្បីស៊ុតគ្រាប់ជ័យជម្នះ ១-០។
 
Ronaldo ដែលខកខានការប្រកួតមិត្តភាពក្នុងប្រទេសចិនដោយសាររបួស បន្តរកបានគ្រាប់បាល់ ៣គ្រាប់ នៅក្នុងការប្រកួត ៣លើកចុងក្រោយ ជាមួយ Al Nassr។ ៣គ្រាប់ ក្នុង ៣ប្រកួត ជាគ្រាប់បាល់ដែល Ronaldo រកបានក្នុងឆ្នាំ ២០២៤។
 
ឈ្នះការប្រកួត Ronaldo បានបង្ហាញក្តីរីករាយ នឹងបានអរគុណទៅកាន់អ្នកគាំទ្រដែលបានទៅទស្សនាការប្រកួតរបស់ Al Nassr។ ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ បានបង្ហោះសារនៅលើបណ្តាញសង្គម X អតីត Twitter ដូច្នេះ៖«ពិតជារាត្រីដ៏អស្ចារ្យ យើងបានឡើងទៅកាន់វគ្គបន្តហើយ ពិតជាអរគុណទៅកាន់អ្នកគាំទ្រទាំងអស់សម្រាប់ការគាំទ្រដល់យើង។»។
 
ជំនួបវគ្គ៨ក្រុមចុងក្រោយ Al Nassr នឹងត្រូវជួបក្រុមម្ចាស់ម្ចាស់ការពារតំណែងជើងឯក Al-Ain។  Al-Ain ជាម្ចាស់ពាន ACL កាលពីឆ្នាំ ២០០៣ បន្ទាប់ពីក្រុមមួយនេះបានវាយបកឈ្នះលើក្រុម Nasaf Qarshi របស់អ៊ូសបេគីស្ថាន លទ្ធផលសរុបទាំងពីរជើង ២-១។
 
ដោយឡែក Yokohama F Marinos បានប្រកួតយកឈ្នះលើក្រុម Bangkok United នៅចុងម៉ោងដោយលទ្ធផល ១-០ ក្នុងជើងទីពីរ ដើម្បីរក្សាលទ្ធផលឈ្នះ ៣-២ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ ហើយឡើងទៅវគ្គបន្តក្រុមជើងខ្លាំងជប៉ុន នឹងត្រូវជួបក្រុម Shandong Taishan របស់ប្រទេសចិន។
 
ក្រុមរបស់កូរ៉េខាងត្បូង Ulsan Hyundai ក៏បន្តឡើងវគ្គ ៨ក្រុម ក្រោយយកឈ្នះដោយលទ្ធផលសរុបទាំង ២ជើង ៥-១ លើក្រុមលំដាប់លីគទីពីររបស់ជប៉ុន Ventforet Kofu។
 
ក្នុងជំនួបវគ្គ ១៦ក្រុមផ្សេងទៀត ម្ចាស់ពានរង្វាន់លីគអារ៉ាប៊ីសាអូឌីត Al Ittihad នឹងត្រូវជួបក្រុម Navbahor ដែលមកពីអ៊ូបេគីស្ថាន សម្រាប់ជំនួបជើងទីពីរ បន្ទាប់ពីកាលជើងទីមួយក្រុមទាំងពីរ បានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០។ ចំណែក Al Hilal នឹងត្រូវស្វាគមន៍ការប្រកួតជើងទីពីរជាមួយក្រុម Sepahan របស់អ៊ីរ៉ង់ ក្នុងទីក្រុងរីយ៉ាដ៕

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com