ជាតិ
សុខភាព
«តេជោសែនកោះធំ» ពេទ្យដ៏ធំសម្រាប់ពលរដ្ឋនៅ៣ស្រុកក្នុងខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ
13, Mar 2024 , 10:01 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៣ ខែមីនា នេះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ដែលស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ មន្ទីរពេទ្យតម្លៃជាង១០លានដុល្លារអាម៉េរិកនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខភាពសាធារណៈដល់ពលរដ្ឋប្រមាណ៦០ម៉ឺននាក់ នៅស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក ក្នុងខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។



ដំណើរការក្រោយរបបខ្មែរក្រហម មន្ទីរពេទ្យនេះ មានឈ្មោះដើមថា មន្ទីរពេទ្យស្រុកកោះធំ ហើយបន្តដូរទៅជា មន្ទីរពេទ្យបង្អែកកោះធំ នៅឆ្នាំ១៩៩៧។ ទោះមានសភាពទ្រុឌទ្រោម តូចចង្អៀត នៅឆ្នាំ២០២១ មន្ទីរពេទ្យមួយនេះ ក្លាយជាទីតាំងចត្តាឡីស័ក និងព្យាបាលយ៉ាងសំខាន់ នាអំឡុងការរាតត្បាតកូវីដ-១៩។

ក្នុងនាមជាប្រធាន និងអនុប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយស្រុកកោះធំ លោក ស៊ុន ចាន់ថុល បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងលោក ឈាង រ៉ា បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តួចផ្តើមកសាងមន្ទីរពេទ្យបង្អែកកោះធំ សារជាថ្មី ដោយដាក់ឈ្មោះថា «មន្ទីរពេទ្យតេជោសែនកោះធំ»។

មន្ទីរពេទ្យនេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោយប្រើពេលអស់ជាង១៨ខែ ដោយថវិកាសាងសង់ ការបំពាក់សម្ភារ បរិក្ខា ឧបករណ៍ អស់ជាង១០លានដុល្លារអាម៉េរិក។ លើផ្ទៃដីទំហំជាង១ម៉ឺន ៤ពាន់ម៉ែតក្រក្រឡា និងមាន៣អគារ  «តេជោសែនកោះធំ» ជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ សម្រាប់អ្នកកោះធំ ស្អាង លើកដែក ក៏ដូចជាអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពេទ្យ «តេជោសែនកោះធំ» មាន១៧៩គ្រែ សម្រាប់ជំងឺធម្មតា ជំងឺធ្ងន់ និងក្រោយវះកាត់។ ពេទ្យត្រូវបានបំពាក់ដោយឧបករណ៍ពេទ្យមានបច្ចេកវិទ្យាខ្ពស់ ហើយសមត្ថភាពបម្រើសេវាពិគ្រោះជំងឺ ក្រៅ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំ៕



© រក្សាសិទ្ធិដោយ thmeythmey.com