សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រទេសអាហ្វ្រិកមួយប្រកាសផ្តល់ទឹក និងភ្លើងឥតគិតថ្លៃដល់ប្រជាជន
15, Mar 2024 , 7:29 pm        
រូបភាព
កុមារ​​ឆាដផឹក​ទឹក​ស្អាត​ក្នុង​រដ្ឋធានីយ៉ាមេណា។ រូបថត ៖ Anadolu
កុមារ​​ឆាដផឹក​ទឹក​ស្អាត​ក្នុង​រដ្ឋធានីយ៉ាមេណា។ រូបថត ៖ Anadolu
រដ្ឋាភិបាលប្រទេសឆាដ ប្រកាសថា ប្រជាជននឹងមានភ្លើង និងទឹកដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំនេះ។ ការផ្តល់ជូននេះ សម្រាប់ប្រជាជនដែលប្រើប្រាស់អគ្គិសនីមិនលើស ៣០០គីឡូវ៉ាត់ម៉ោង និងទឹក ១៥ម៉ែត្រគូបក្នុងមួយខែ។

 
បើតាមសារព័ត៌មាន RT នៅថ្ងៃទី១២ ខែមីនាបានដកស្រង់សម្តីរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសឆាដលោក Tahir Hamid Ngulin ថា ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងក្រសួងថាមពលនិងក្រុមហ៊ុនអគ្គិសនីជាតិ ប្រជាជនឆាដនឹងទទួលបានអគ្គិសនីដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១ ខែមីនា ដែលប្រើប្រាស់មិនលើសពី ៣០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ។
 
ទន្ទឹមនេះ ប្រទេស​ឆាដ​ ក៏​បាន​ប្រកាស​កាត់​បន្ថយ​ពន្ធ​ចំនួន ៥០ភាគរយលើ​រថយន្ត​ដឹក​អ្នក​ដំណើរ ផងដែរ។ បើតាមសារព័ត៌មាន RT ការបន្ថយពន្ធនេះ នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ដែលបានកើនឡើងចាប់តាំងពីខែកុម្ភៈ ព្រោះតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។​
 
រដ្ឋាភិបាលឆាដប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីមានវិបត្តិថាមពលរយៈពេល១ខែ ដែលការផ្គត់ផ្គង់អគ្គិសនីត្រូវបានរំខាន និងកាត់ផ្តាច់ទឹក។ កាណ៍នេះ បានធ្វើឱ្យតំបន់ជាច្រើននៅក្នុងរដ្ឋធានីយ៉ាមេណាស្ថិតក្នុងភាពងងឹតអស់ ជាច្រើនសប្តាហ៍។
 
គួរបញ្ជាក់ថា ការប្រកាសអំពីការប្រើប្រាស់ទឹក និងភ្លើងដោយឥតគិតថ្លៃនេះ ត្រូវបានធ្វើឡើងពីរខែមុនការបោះឆ្នោតប្រធានាធិបតីប្រទេសឆាដ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែឧសភា៕ 

Tag:
 ឆាដ
  ទឹក
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com