សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ស្ថាបនិក VinFast បង្កើតក្រុមហ៊ុនស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីសកល
18, Mar 2024 , 8:29 pm        
រូបភាព
រូបភាពកាត់ត ៖ VinGroup
រូបភាពកាត់ត ៖ VinGroup
ប្រធានក្រុមហ៊ុន Vingroup បានបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍ស្ថានីយ៍សាកថ្មសកល V-GREEN ដោយមានគោលបំណងជួយរថយន្តអគ្គិសនីវៀតណាម VinFast ចូលក្នុងទីផ្សារពិភពលោក។

 
ក្រុមហ៊ុន V-GREEN ដែលមានភាគហ៊ុន៩០ភាគរយជារបស់មហាសេដ្ឋីវៀតណាមលោក ផាម ញឹត វឿង ត្រូវបង្កើតឡើងដោយការផ្តាច់ពីក្រុមហ៊ុនរថយន្តអគ្គិសនី VinFast ។ ក្រុមហ៊ុននេះនឹងដំណើរការដោយឯករាជ្យក្នុងនាមជាដៃគូបណ្តាញស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី VinFast នៅលើពិភពលោក។
 
«ក្រុមហ៊ុននឹងទទួលខុសត្រូវក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនីទាំងមូល ដោយហេតុនេះកាត់បន្ថយសម្ពាធហិរញ្ញវត្ថុលើ VinFast ដូច្នេះក្រុមហ៊ុនរថយន្តអាចផ្តោតលើការពង្រីកទីផ្សារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។ នេះបើតាមសារព័ត៌មាន VnExpress ដកស្រង់ពីរបាយការណ៍របស់ V-GREEN ។ 
 
ជាមួយគោលដៅនៃការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីបៃតង V-GREEN ក៏មានឱកាសទទួលបាន និងកៀងគរប្រភពដើមទុនបៃតងជាមួយនឹងអត្រាការប្រាក់អនុគ្រោះ។ ការណ៍នេះ នឹងជួយជំរុញឲ្យ VinFast ឈានជើងចូលទីផ្សារអន្តរជាតិកាន់តែច្រើន។
 
ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន V-GREEN នឹងស្វែងរកដោយផ្ទាល់នូវទីតាំង ក៏ដូចជាដៃគូដើម្បីបង្កើត និងពង្រីកបណ្តាញស្ថានីយ៍សាកថ្ម។ ទន្ទឹមនេះ ក្រុមហ៊ុននឹងសហការជាមួយដៃគូដែលជាអ្នកផ្តល់សេវាស្ថានីយ៍សាកថ្មដទៃទៀត ដើម្បីផ្តល់សេវាសាករថយន្តសម្រាប់ម្ចាស់រថយន្តអគ្គិសនី VinFast ។
 
នៅវៀតណាម V-GREEN នឹងដំណើរការ និងគ្រប់គ្រងប្រព័ន្ធស្ថានីយ៍សាកថ្មដែលមានស្រាប់របស់ VinFast ព្រមទាំងវិនិយោគបន្ថែមចំនួន ១០ទ្រីលានដុង(៤០៤លានដុល្លារ) ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដើម្បីសាងសង់ និងធ្វើឱ្យប្រសើរឡើងប្រព័ន្ធសាកថ្មនៅទីនេះ។
 
លើសពីនេះ V-GREEN នឹងវិនិយោគលើគម្រោងដើមរបស់ VinFast ដល់ទៅបីដងក្នុងគោលបំណងធ្វើឱ្យវៀតណាមក្លាយជាប្រទេសឈានមុខគេលើពិភពលោកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មសម្រាប់រថយន្តអគ្គិសនី។
 
បើតាមក្រុមហ៊ុន​ V-GREEN បន្ទាប់ពីរយៈពេល៥ឆ្នាំ អាស្រ័យលើទីផ្សារនីមួយៗ ក្រុមហ៊ុនអាចពិចារណាប្តូរសេវាកម្មសាករថយន្តអគ្គិសនីសម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនីផ្សេងទៀត ក្រៅពី VinFast ។
 
លោក ង្វៀន ឌឹក ថាញ់នាយកប្រតិបត្តិ V-GREEN បានវាយតម្លៃថា ៖«ការសម្រេចចិត្តបង្កើត V-GREEN ជាជំហានយុទ្ធសាស្ត្រមួយរបស់ស្ថាបនិក VinFast ក្នុងការគាំទ្រយ៉ាងខ្លាំងក្លា និងជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងស្ថិរភាពរបស់ VinFast នៅលើឆាកអន្តរជាតិ»។ នេះបើតាម VnExpress នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
 
យោងតាមផែនការនៅឆ្នាំ២០២៤ VinFast នឹងពង្រីកផលិតកម្ម និងអាជីវកម្មទៅកាន់ប្រទេសយ៉ាងហោចណាស់ ៥០ផ្សេងទៀត។ ក្រៅពីទីផ្សារដូចជា អាម៉េរិក កាណាដា និងអឺរ៉ុប VinFast កំពុងពង្រីកទៅកាន់បណ្តាប្រទេសអាស៊ីដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន មជ្ឈិមបូព៌ា ឬអាហ្វ្រិកនាពេលថ្មីៗនេះ។ ក្រៅ​ពី​វៀតណាម VinFast ក៏​កំពុង​ជំរុញ​ការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​អាម៉េរិក ឥណ្ឌា និង​ឥណ្ឌូណេស៊ីដែរ៕

Tag:
 VinFast
  វៀតណាម​
  រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com