អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី តវ៉ាឱ្យបោះឆ្នោតជាថ្មី
27, Mar 2024 , 5:49 pm        
រូបភាព
គូប្រជែងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Ganjar Pranowo (ឆ្វេង) និងដៃគូខ្លួនបេក្ខជនអនុប្រធានាធិបតី Mahfud MD (ស្តាំ) ចូលរួមសវនាការជុំវិញពាក្យបណ្តឹងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែកុម្ភៈ។ រូបភាព ៖ AFP
គូប្រជែងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Ganjar Pranowo (ឆ្វេង) និងដៃគូខ្លួនបេក្ខជនអនុប្រធានាធិបតី Mahfud MD (ស្តាំ) ចូលរួមសវនាការជុំវិញពាក្យបណ្តឹងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែកុម្ភៈ។ រូបភាព ៖ AFP
បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ីពីររូប គឺលោកAnies Baswedan និង លោក Ganjar Pranowo បានតវ៉ាចំពោះលទ្ធផលបោះឆ្នោត ដែលបានប្រកាសថាលោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ ជាប់ជាប្រធានាធិបតី។ គូប្រជែងទាំងពីរនាក់នេះ បានអះអាងថា ការបោះឆ្នោតនេះមានការក្លែងបន្លំ និងទាមទារឱ្យមានការបោះឆ្នោតឡើងវិញ។

 
តាមលទ្ធផលបោះឆ្នោតផ្លូវការកាលពីថ្ងៃទី២០ ខែមីនា លោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ  បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី ក្រោយនាំមុខគូប្រជែងពីររូបគឺលោក Anies Baswedan និង លោក Ganjar Pranowo ។
 
យ៉ាងណាក៏ដោយ ជ័យជម្នះរបស់លោក ប្រាបូវ៉ូ រដ្ឋមន្ត្រីការពារជាតិដែលមានការគាំទ្រយ៉ាងខ្លាំងពីប្រធានាធិបតីដែលជិតផុតអាណត្តិលោក ចូកូ វីដូដូ មិនត្រូវបានទទួលស្គាល់ដោយគូប្រជែងទាំងពីរនោះទេ។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា លោក Baswedan និងលោក Pranowo បានបញ្ជាក់ថា ជ័យជម្នះរបស់លោក ប្រាបូវ៉ូ កើតចេញពីការគាបសង្កត់ពីរដ្ឋាភិបាលបក្សពួក និងលោកប្រធានាធិបតី វីដូដូ ដាក់គំនាបលើមន្ត្រីក្នុងតំបន់ដោយមានការប្រើប្រាស់ជំនួយសង្គម ជាឧបករណ៍ទាក់ចិត្តចំពោះលទ្ធផលបោះឆ្នោត។
 
ថ្លែងអំពីបញ្ហានេះ លោក Baswedan បាននិយាយថា ការបោះឆ្នោតនាពេលថ្មីៗនេះ បង្ហាញថា ឥណ្ឌូណេស៊ីមានហានិភ័យនៃការវិលត្រឡប់ទៅរករបបផ្តាច់ការដូចកាលពីមុន ហើយបានព្រមានថា នេះនឹងបង្កើតគំរូអាក្រក់។ លោក​បាន​ប្រាប់​តុលាការ​ធម្មនុញ្ញ​ថា​៖ «​សកម្មភាព​នេះ​នឹង​ក្លាយជា​រឿង​ធម្មតា ជាទម្លាប់មួយ»​។
 
ជុំវិញរឿងនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី វីដូដូ បានបដិសេធការចោទប្រកាន់ពីការជ្រៀតជ្រែកក្នុងការបោះឆ្នោត។ តុលាការ​​រំពឹង​ថា ​នឹង​ធ្វើ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី ២២ ខែ​មេសា។ 
 
ក្រុមរបស់លោក Baswedan បានស្នើឱ្យតុលាការលុបចោលឋានៈរបស់លោក ប្រាបូវ៉ូ នៅក្នុងប្រអប់សន្លឹកឆ្នោតដោយនិយាយថា លោកទទួលបានអត្ថប្រយោជន៍ពីការបោះឆ្នោតអយុត្តិធម៌។
 
លោក Baswedan ក៏​បាន​ស្នើ​ឲ្យ​តុលាការ​បង្ខំ​លោក វីដូដូ ឲ្យ​រក្សា​អព្យាក្រឹតភាព​ក្នុង​ការ​បោះឆ្នោត​ឡើង​វិញ ប្រសិន​បើ​អាចបោះឆ្នោតជាលើកទី២។ ជាពិសេស លោក វីដូដូ ត្រូវបានស្នើសុំមិនឱ្យប្រើប្រាស់ថវិការដ្ឋដើម្បីជួយបេក្ខជនឈរឈ្មោះបោះឆ្នោតទេ។
 
តាមក្រុមច្បាប់របស់លោក Baswedan ជម្លោះផលប្រយោជន៍របស់លោក វីដូដូ បានរំលោភលើបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញស្តីពីការបោះឆ្នោតដោយយុត្តិធម៌ និងស្របច្បាប់ ក៏ដូចជាច្បាប់ស្តីពីអំពើពុករលួយក្នុងការគ្រប់គ្រងរដ្ឋ។
 
ទន្ទឹមនេះ លោក Pranowo ក៏បានស្នើឱ្យតុលាការកាត់សេចក្តីលើការបោះឆ្នោតឡើងវិញនៅថ្ងៃទី២៦ ខែមិថុនា ហើយក្នុងពេលជាមួយគ្នានោះ ដកសិទ្ធិប្រធានាធិបតីជាប់ឆ្នោត ប្រាបូវ៉ូ និងដៃគូលោក Gibran Rakabuming Raka ដែលជាកូនប្រុសរបស់ប្រធានាធិបតីវីដូដូ ៕ 

Tag:
 ឥណ្ឌូណេស៊ី
  ប្រាបូវ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com