កីឡាជាតិ
ជាតិ
សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ គ្រោងបង្កើតមូលនិធិ និង App គុនខ្មែរ លោក វ៉ាត់ ចំរើន ពាក់អាវក្រៅពណ៌ខ្មៅ ចូលរួមក្នុងមហាសន្និបាតគុនខ្មែរអន្ដរជាតិ ឆ្នាំ២០២៣
× សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងរៀបចំការបង្កើតមូលនិធិគុនខ្មែរ ដើម្បីគាំទ្រដល់អត្ដពលិកខ្វះខាត និងការរៀបចំការព្រឹត្តិការណ៍នានា។ មូលនិធិនេះ ក៏នឹងជួយដល់ការបង្កើតគេហទំព័រ និង អេប (Application) ដែលជាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងការបំផុសចលនា នៃការផ្សព្វផ្សាយកីឡាគុនខ្មែរ។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
សហព័ន្ធប្រដាល់គុនខ្មែរអន្ដរជាតិ ទទួលបានជោគជ័យ ៤លើករួចមកហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក គឺនៅឆ្នាំ២០១៨, ២០១៩, ២០២០ និង២០២៣។ សហព័ន្ធអន្ដរជាតិនេះ បានរៀបចំការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ នៅទឹកដីអង្គរ ទីលានព្រះអង្គចេក ព្រះអង្គចម កាលពីថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ហើយប្រព្រឹតទៅដោយជោគជ័យ ព្រោះមានប្រទេសចូលរួម ១៦ប្រទេស និងទទួលបានការគាំទ្រពីប្រទេសជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ។ ចំណែកលើកទី៥ សហព័ន្ធ ក៏នឹងរៀបចំនៅអំឡុង ខែធ្នូ ឆ្នាំ២០២៤ នៅទឹកដីសៀមរាប។
យោងទៅលើវីដេអូផ្សាយរបស់ NOCC នាថ្ងៃទី២៧ ខែមីនា លោក វ៉ាត់ ចំរើន បាននិយាយថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងបង្កើត «មូលនិធិគុនខ្មែរ» ដើម្បីអភិវឌ្ឍ និងជួយដល់កីឡាករ-កីឡាការិនីដែលខ្វះខាត។ បន្ថែមជាងនេះទៀត មូលនិធិនេះ ក៏បង្កើតដើម្បីការរៀបចំការងារបច្ចេកទេស ផងដែរ។
ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤
«សហព័ន្ធគុនខ្មែរអន្ដរជាតិ នឹងរៀបចំឲ្យមានមូលនិធិគុនខ្មែរ ដើម្បីជួយដល់កីឡាករគុនខ្មែរ និងអភិវឌ្ឍគុនខ្មែរ ទៅតាមការរៀបចំ បច្ចេកទេស ក៏ដូចជាការបំផុសចលនា ព្រោះយើងនៅមានការខ្វះខាតច្រើន។ ដូច្នេះ យើង បង្កើតមូលនិធិនេះឡើងដើម្បីជួយ ដល់ការរៀបចំគុនខ្មែរ ជាមូលនិធិរបស់សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិរបស់យើង។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
ចំពោះកិច្ចការបច្ចេកទេសនោះ លោក វ៉ាត់ ចំរើន ចង់សំដៅទៅលើការងារអភិវឌ្ឍបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ មានដូចជា គេហទំព័រ (Website) និងអេប (Application)។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់បែបនេះថា៖«អ្វី ដែលយើងនិយាយគ្នា គឺយើងនិយាយពីការរៀបចំធ្វើទីផ្សារនេះ ឲ្យបានខ្លាំងក្លារពីមួយជំហាន ទៅមួយជំហាន។ យើង កំពុងពង្រឹងសមត្ថភាពការងារអភិបាលកិច្ចល្អ របស់សហព័ន្ធគុនខ្មែរអន្ដរជាតិរបស់យើង ដើម្បីអាចពង្រីកឥទ្ធិពលទៅក្រៅប្រទេស ទៅឲ្យសមាជិកទាំង៥០ប្រទេសជាងរបស់យើង មានទំនុកចិត្ត និងមានការគាំទ្រមកយើង។ យើង កំពុងតែរៀបចំ បង្កើតនៅវេបសាយ និងអេប (Application) ដែលជាបច្ចេកវិទ្យាទាន់សម័យបំផុសចលនា ការផ្សព្វផ្សាយ និងការគាំទ្រ។»៕
Tag:
គុនខ្មែរ
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com