កីឡាជាតិ
ជាតិ
អត្ដពលិកទូកកានូ និងរ៉ូអុឹង២៦រូប ជាប់ជម្រើសជាតិ ត្រៀមស៊ីហ្គេម២០២៥
28, Mar 2024 , 3:59 pm        
រូបភាព
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានធ្វើតេស្ដកីឡាករ-កីឡាការិនី សរុប៥០នាក់ ក្នុងនោះ ២៦នាក់ជាប់ជាជម្រើសជាតិ សម្រាប់ហ្វឹកហាត់បន្ថែម ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅថៃ និងព្រឹត្តិការណ៍អន្ដរជាតិនានា។ លោក គង់ សុភាព មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាននិយាយថា អត្ដពលិកជាប់ជម្រើសជាតិទាំងនោះ មានសមត្ថភាពគ្រប់គ្រាន់ តាមរយៈការឆ្លងកាត់ការធ្វើតេស្ដ ចំនួន៥វិញ្ញាសា។



យោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធ លើហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងចំណោមអត្តពលិកបានជាប់ជម្រើសជាតិកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានកីឡាការិនី៦នាក់ និងកីឡាករ២០នាក់។
 
លោក គង់ សុភាព បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា អត្ដពលិក ទាំង២៦រូបនោះ ឆ្លងកាត់ការធ្វើតេស្ដចំនួន៥វិញ្ញាសា បានយ៉ាងល្អ។ លទ្ធផលរបស់អ្នកទាំងនោះ អាចបញ្ជាក់ថាពួកគេ គួរតែត្រូវបានជ្រើសរើសជាប់ជាជម្រើសជាតិ សម្រាប់ហ្វឹកហាត់បន្ថែម និងត្រៀមសម្រាប់ព្រឹត្តិការណ៍អន្ដរជាតិនានា រួមទាំងស៊ីហ្គេម។
 
«យើង ធ្វើតេស្ដជ្រើសកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព ដើម្បីហ្វឹកហាត់បន្ថែម និងត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។»។ មន្ដ្រីបច្ចេកទេសរូបនេះ បាននិយាយដូច្នេះ។
 
ការធ្វើតេស្ដទាំង៤វិញ្ញាសានោះ មានដូចជា៖ អាវ៉ង់ (Push Up), ដូមីណូ (Abdominal Muscle), រត់ចម្ងាយ ​២គីឡូម៉ែត្រ, ឡើងរបាហ្វិច (Chin-Up), ទាញម៉ាស៊ីនរ៉ូអ៊ីង (Rowing Machine) និងពិនិត្យសុខភាពដោយក្រុមវិជ្ជបណ្ឌិត។
 
ដោយឡែកការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសទាំងនោះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕

Tag:
 ទូកកានូ
  ទូកប្រពៃណី
  គង់ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com