RFI
អន្តរជាតិ
រុស្ស៊ីប្រើវេតូរំលាយស្ថាប័នត្រួតពិនិត្យការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង
30, Mar 2024 , 7:39 pm        
រូបភាព
រុស្ស៊ីប្រើវេតូរំលាយស្ថាប័នត្រួតពិនិត្យការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង AP
រុស្ស៊ីប្រើវេតូរំលាយស្ថាប័នត្រួតពិនិត្យការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង AP
ដោយ៖ អៀង សុខម៉ិញ/RFI ខេមរភាសា
 
សម្រាប់រុស្ស៊ីនិងចិន បន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនិងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង គ្មានប្រសិទ្ធភាពសម្រាប់ពង្រឹងសន្តិសុខតំបន់ទេ។ ប៉ុន្តែសម្រាប់សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តលោកខាងលិច ការប្រើវេតូរបស់រុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខប្រឆាំងនឹងការបន្តត្រួតមើលទណ្ឌកម្មលើរបបព្យុងយ៉ាង គឺជាការប៉ុនប៉ងបាំងបិទសកម្មភាពផ្ទេរអាវុធរវាងប្រទេសទាំងពីរ។ នៅល្ងាចមិញ រុស្ស៊ីបានដាក់វេតូប្រឆាំងនឹងគម្រោងសេចក្តីសម្រេចចិត្តពន្យារបេសកកម្មរបស់គណៈកម្មាធិការត្រួតពិនិត្យការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង ពោលគឺជាការរំលាយប្រព័ន្ធត្រួតពិនិត្យទណ្ឌកម្មអង្គការសហប្រជាជាតិ។

 
ដោយហេតុតែកម្មវិធីនុយក្លេអ៊ែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មកូរ៉េខាងជើង តាំងពីឆ្នាំ២០០៦មក និងបន្ថែមទណ្ឌកម្មម្តងជាពីរទៀតនៅឆ្នាំ២០១៦ និង២០១៧។ ប៉ុន្តែតាំងពីឆ្នាំ២០១៩មក រុស្ស៊ីនិងចិនតែងទាមទារបន្ថយទណ្ឌកម្មដែលគ្មានរយៈពេលកំណត់នេះ ក្រោមហេតុផលមនុស្សធម៌។ រុស្ស៊ីធ្លាប់ស្នើឱ្យមានការវាយតម្លៃទណ្ឌកម្មឡើងវិញតាមគម្រោងរបស់ចិន។ ទាមទារមិនបាន រុស្ស៊ីក៏ងាកទៅវាយប្រហារលើគណៈកម្មាធិការត្រួតពិនិត្យទណ្ឌកម្មរបស់អង្គការសហប្រជាជាតិវិញ។ នៅថ្ងៃព្រហស្បតិ៍ទី២៨មីនា២០២៤ម្សិលមិញនេះ ក្នុងពេលក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតលើគម្រោងសេចក្តីសម្រេចចិត្តបន្តអាណត្តិមួយឆ្នាំរបស់គណៈកម្មាធិការត្រួតពិនិត្យទណ្ឌកម្ម រុស្ស៊ីបានប្រើវេតូប្រឆាំងតែម្តង ទល់នឹងសំឡេងគាំទ្រ១៣ និងសំឡេងអនុប្បវាទ១របស់ចិន។ គ្មានការអនុម័តបន្តបេសកកម្ម ប្រព័ន្ធត្រួតពិនិត្យទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ត្រូវរលាយ។
 
សម្រាប់រុស្ស៊ី គណៈកម្មាធិការជាស្ថាប័នឥតប្រយោជន៍។ ទណ្ឌកម្មរាប់ឆ្នាំលើកូរ៉េខាងជើង មិនបានធ្វើឱ្យស្ថានភាពសន្តិសុខក្នុងតំបន់បានប្រសើរសោះ។ បើគ្មានយន្តការត្រួតពិនិត្យសើរើនិងបន្ធូរទណ្ឌកម្មទេ ប្រព័ន្ធនោះគឺជាឧបសគ្គនៃការពង្រឹងទំនុកចិត្តគ្នានិងការចរចានយោបាយ។ នេះជាប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រទី ២៩មីនា។ ឯចំណែកចិនដែលបោះឆ្នោតអនុប្បវាទវិញយល់ថា ដាក់ទណ្ឌកម្មទាំងងងឹតងងុលមិនអាចដោះស្រាយបញ្ហាបានទេ។
 
ប៉ុន្តែចំពោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងសម្ព័ន្ធមិត្តលោកខាងលិច វេតូរបស់រុស្ស៊ីម្សិលមិញនេះជាការបំផ្លាញសន្តិភាពនិងសន្តិសុខនៅលើពិភពលោក និងដើម្បីសម្រួលសកម្មភាពផ្តោះប្តូរអាវុធជួយគ្នាទៅវិញទៅមករវាងរុស្ស៊ីនិងកូរ៉េខាងជើង។
 
គណៈកម្មាធិការត្រួតពិនិត្យទណ្ឌកម្មអង្គការសហប្រជាជាតិ គឺជាស្ថាប័នដ៏សំខាន់ ដោយ បានចេញរបាយការណ៍ប្រចាំឆ្នាំពីរកាលពីដើមខែមីនា ជាលើកទីមួយ និងទំនងជាលើកចុងក្រោយ ដែលបំភ្លឺឱ្យឃើញអំពីតួនាទីជាចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង ចំនួនពលករកូរ៉េខាងជើងនៅបរទេស ការរំលោភទណ្ឌកម្មនិងល្មើសកំរិតនាំចូលប្រេង ព្រមទាំងវិធីពង្វៀងទណ្ឌកម្មដើម្បីបានលុយ។ គណៈកម្មាធិការថាកំពុងបើកអង្កេតរឿងកូរ៉េខាងជើងលក់អាវុធ និងគ្រាប់រំសេវទៅរុស្ស៊ីផង។ ឥលូវគណៈកម្មាធិការត្រូវបញ្ចប់អាណត្តិត្រឹមថ្ងៃទី៣០មេសា២០២៤។ ស្ថាប័នរលាយរូបតែទណ្ឌកម្មលើកូរ៉េខាងជើងនៅដដែល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com