អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី នឹងជួបមេដឹកនាំចិនពង្រឹងទំនាក់ទំនង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian។ រូបភាពក្រសួងការបរទេសចិន
× ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី និងជារដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ នឹងបំពេញទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមីនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រាបូវ៉ូ នឹងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង ជាលើកដំបូង ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឥណ្ឌូណេស៊ី។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រកាសនៅចំពោះមុខអ្នកសារព័ត៌មានពីដំណើរទស្សនកិច្ចរបស់លោក លោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ រដ្ឋមន្រ្តីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី នៅចិនរយៈពេល ៣ថ្ងៃ។ លោក Lin Jian បានអះអាងថា មេដឹកនាំឥណ្ឌូណេស៊ីរូបនេះ នឹងជួបជាមួយលោកស៊ី ជិនភីង ប្រធានាធិបតីចិនផងដែរ។
«ប្រទេសទាំងពីរ តំណាងឱ្យប្រទេសមានសេដ្ឋកិច្ចលូតលាស់ថ្មី និងមានទំនាក់ទំនងបែបប្រពៃណីដ៏រឹងមាំ»។ មន្រ្តីក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក ប្រាបូវ៉ូ នឹងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបង្ហើតរបៀបអភិវឌ្ឍរួមគ្នាមួយ។
កន្លងមក លោកស៊ី ក៏បានអបអរលោកប្រាបូវ៉ូ ដែលបានជាប់ឆ្នោតបន្តពីលោកចូកូ វីដូដូ ប្រធានាធិបតីផុតអាណត្តិ ផងដែរ។ បើតាមលោកស៊ី លោក ប្រាបូវ៉ូ ជាបុគ្គលដ៏សំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងឥណ្ឌូណេស៊ី-ចិន ហើយក្រុងប៉េកាំង នឹងបន្តធ្វើការជាមួយក្រុងហ្សាការតា ដើម្បីសម្រេចបានការកសាងសហគមន៍រួមគ្នា។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី ក្នុងការដឹកនាំរបស់លោកវីដូដូ បានជ្រើសយកជំហរអព្យាក្រឹតរវាងប្រទេសមហាអំណាច និងរក្សាទំនាក់ទំនងល្អ ដើម្បីការការពារផលប្រយោជន៍ជាតិរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com