ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
បន្ទាប់ពីប្រេស៊ីល ឥណ្ឌា និងម៉ាឡេស៊ី ឥណ្ឌូណេស៊ីជាអតិថិជនមួយទៀត ដែលបានបញ្ជាទិញនាវាមុជទឹកបារាំង។ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនNaval Groupដែលជាក្រុមហ៊ុនឧស្សាហកម្មយោធាជើងទឹករបស់បារាំង ទទួលបន្ទុកសាងសង់នាវាមុជទឹក ការបញ្ជាទិញនាវាមុជទឹកពីរគ្រឿងប្រភេទScorpene ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ដែលបារាំង និងឥណ្ឌូណេស៊ីបានចុះហត្ថលេខា កាលពីឆ្នាំ ២០២១។ សម្រាប់ភាគីឥណ្ឌូណេស៊ី ដោយទិញនាវាមុជទឹកបារាំង ដែលមានអមជាមួយកិច្ចព្រមព្រៀងស្តីពីការផ្ទេរបច្ចេកវិទ្យា ឥណ្ឌូណេស៊ីសង្ឃឹមអភិវឌ្ឍខ្លួនក្លាយទៅជាប្រទេសដែលអាចផលិតនាវាមុជទឹក ទៅថ្ងៃអនាគត។
បន្ទាប់ពីឈឺចាប់អស់៣ឆ្នាំ ដោយសារអូស្រ្តាលីលុបចោលកិច្ចសន្យា ឈប់ទិញនាវាមុជទឹក ១២ គ្រឿង ដើម្បីងាកទៅចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹកអង់គ្លេស និងអាមេរិក បារាំងបានបើកទំព័រថ្មី ចាប់ដៃជាមួយប្រទេសដែលចាប់អារម្មណ៍ទិញ នាវាមុជទឹកបារាំង។
នៅថ្ងៃអង្គារទី ២មេសា ក្រុមហ៊ុនNaval Groupដែលជាក្រុមហ៊ុន បានទើបបានប្រកាសថា ឥណ្ឌូណេស៊ីបានបញ្ជាទិញ នាវាមុជទឹកពីរគ្រឿងរបស់បារាំង បន្ថែមពីលើយន្តហោះចម្បាំងបារាំង Rafale ចំនួន៤២គ្រឿងដែលឥណ្ឌូណេស៊ីបានទិញក្នុងតម្លៃ ៨១០០លានដុល្លារ ដើម្បីយកទៅបំពាក់ឲ្យកងទ័ពជើងអាកាសរបស់ខ្លួន។
ក្រុមហ៊ុន Naval Groupមិនបានបញ្ជាក់ពីទំហំទឹកប្រាក់នៃកិច្ចសន្យាទិញនាវាមុជទឹកScorpene របស់បារាំង ប៉ុន្តែ គ្រាន់តែនិយាយថា វាជាផ្នែកមួយនៃកិច្ចព្រមព្រៀងស្តីពីការសហការយោធាដែលបារាំងនិងឥណ្ឌូណេស៊ីបានចុះហត្ថលេខាកាលពីឆ្នាំ ២០២១។ យោងតាមក្រុមហ៊ុនNaval Group ដដែល ដំណើរការសាងសង់នាវាមុជទឹកបារាំងនឹងប្រព្រឹត្តទៅនៅការដ្ឋានកំពង់ផែរបស់ក្រុមហ៊ុនPT PAL ក្នុងប្រទេសឥណ្ឌូណេស៊ី។ ទៅតាមកិច្ចសន្យា ឆ្នាំ ២០២១ ក្រុមហ៊ុនNaval Group ត្រូវផ្ទេរចំណេះ ផ្ទេរបច្ចេកវិទ្យា ចំណែកការគ្រប់គ្រង ប្រតិបត្តិការ និងការថែទាំជួសជុលជាបន្ទុករបស់ភាគីឥណ្ឌូណេស៊ី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ ក្រុមហ៊ុនNaval Group និយាយថា ក្រុមហ៊ុនត្រេកអរដែលបានចូលរួមចំណែកនៅក្នុងកិច្ចព្រមព្រៀងយោធា បារាំង និងឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនសង្ឃឹមថា នាវាមុជទឹកថ្មីនេះមិនត្រឹមជួយឲ្យឥណ្ឌូណេស៊ីអាចការពារដែនអធិបតេយ្យដែនទឹករបស់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែ វានឹងជួយឲ្យឥណ្ឌូណេស៊ីមានកម្លាំងឥទ្ធិពល នៅសមុទ្រ ក្នុងតំបន់។ ជាប្រទេសសំបូរកោះជាង ១៧០០ នៅសមុទ្រចិនខាងត្បូង ឥណ្ឌូណេស៊ីបានបង្កើនការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឧស្សាហកម្មយោធាបារាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំមុន ឥណ្ឌូណេស៊ីទើបបានទិញ រ៉ាដាយោធា ចំនួន១៣ របស់បារាំងដើម្បីយកទៅតាមដានដែនអាកាសរបស់ខ្លួន។
សម្រាប់ក្រុមហ៊ុនបារាំងNaval Group ភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយឥណ្ឌូណេស៊ី ដែលមានភ្ជាប់ទៅជាមួយនូវការផ្ទេរបច្ចេកវិទ្យាបារាំង នឹងជួយជំរុញឧស្សាហកម្មយោធារបស់ប្រទេសអាស៊ីមួយនេះ។ ប្រធានក្រុមហ៊ុនឥណ្ឌូណេស៊ី PT PALត្រូវបានស្រង់សំដី នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Naval Groupថា កិច្ចសន្យាសាងសង់នាវាមុជទឹក នៅក្នុងទឹកដីឥណ្ឌូណេស៊ី សបញ្ជាក់ពីការជឿទុកចិត្តរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីលើសមត្ថភាពរបស់វិស្វករក្នុងស្រុក នៅក្នុងវិស័យបច្ចេកវិទ្យា។ ដូច្នេះ ឥណ្ឌូណេស៊ីសង្ឃឹមថា ទៅថ្ងៃអនាគត ឥណ្ឌូណេស៊ីនឹងអាចក្លាយជាប្រទេសផលិតនាវាមុជទឹកដូចគេឯង។
នៅ៣ឆ្នាំក្រោយអូស្ត្រាលីក្បត់កិច្ចសន្យា ឈប់ទិញនាវាមុជទឹក ១២គ្រឿង ដោយងាកទៅចាប់ដៃអភិវឌ្ឍផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក និងអង់គ្លេស នាវាមុជទឹកបារាំងចាប់ឡើងកូដមកវិញ ជាមួយបណ្តាប្រទេសអាស៊ី។ នៅមុនឥណ្ឌូណេស៊ី បារាំងបានលក់នាវាមុជទឹកដើរដោយថាមពលប្រេង និងអគ្គិសនី ចំនួន ១៤គ្រឿងទៅឲ្យឥណ្ឌា ប្រេស៊ីល ឈីលី និងម៉ាឡេស៊ី។ នៅពាក់កណ្តាលខែមីនាមុននេះ ក្រុមហ៊ុន Naval Groupរបស់បារាំងទើបដេញថ្លៃ ទទួលបានសិទ្ធិសាងសង់នាវាមុជទឹក ជាមួយប្រទេសហូឡង់ នៅក្នុងទំហំទឹកប្រាក់ ៥៦០០លានឺរ៉ូ។ នេះបើតាមរដ្ឋមន្រ្តីការពារជាតិហូឡង់។
មានប្រវែង ៧២ម៉ែត្រ និងអាចដឹកមនុស្ស៣១នាក់ រួមទាំងគ្រាប់មីស៊ីល១៨គ្រាប់ នាវាមុជទឹកប្រភេទ Scorpene ដែលឥណ្ឌូណេស៊ីបញ្ជាទិញ ពីបារាំង មានសមត្ថភាព មុជចុះក្នុងទឹកជម្រៅ ៣០០ម៉ែត្រ។ វាអាចស្ថិតនៅក្រោមទឹក រយៈពេល ១២ថ្ងៃ និងលេចមកលើសម្រាប់តែចាក់ប្រេង និងទទួលយកស្បៀងតែប៉ុណ្ណោះ៕