សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា បានតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ មានចំណងជើង «ពណ៌ពីអតីតកាល៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា» តាមរយៈគំនូរនៅតាមវត្តអារាម អំឡុងឆ្នាំ១៨៩០-១៩៧០។ ពិព័រណ៍លើជញ្ជាំងនេះ មានលក្ខណៈប្លែក ដែលលោក-អ្នកអាចចូលទស្សនាដោយឥតគិតថ្លៃ។
គំនូរនីមួយៗនៅលើជញ្ជាំងវត្តនានាទូទាំងប្រទេសកម្ពុជាពីឆ្នាំ១៨៩០ ដល់ឆ្នាំ១៩៧០ គឺបានបង្ហាញពីខ្លឹមសារសិល្បៈនៃកន្លែងប្រវត្តិសាស្ត្រសំខាន់ៗ ។ បើតាម លោក ប្លែស គីលីយ៉ង់ សហប្រធាន ស.ស.រ គំនូរ នៅលើជញ្ជាំងដែលដាក់តាំងនៅក្នុងពិព័រណ៍នេះ ជាការលាយបញ្ចូលគ្នារវាងប្រពៃណី និងសាសនា ដែលបានផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពសហសម័យ ដើម្បីបង្ហាញពីទេពកោសល្យរបស់វិចិត្រករមិនស្គាល់ឈ្មោះក្នុងស្រុក ដោយបានបន្សល់ទុកនូវតឹកតាងយ៉ាងរឹងមាំ តាមរយៈស្នាដៃរបស់ខ្លួន។
ក្នុងពិធីសម្ពោធជាផ្លូវការនូវពិព័រណ៍មិនអចិន្ត្រៃយ៍ នៅ ស.ស.រ លោក ប្លែស បានបញ្ជាក់ថា គំនូរទាំងនេះ ក៏ផ្ដល់ការយល់ដឹងយ៉ាងស៊ីជម្រៅ អំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងឥទ្ធិពលនៃការប្រែប្រួលខាងផ្នែកបច្ចេកវិទ្យា វប្បធម៌ នយោបាយ និងសង្គមនៅពេលនោះ។
ផ្តើមចេញពីមុនសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០ ស្នាដៃដែលបានជ្រើសរើសតំណាងឱ្យផ្នែកតូចមួយ នៃការស្រាវជ្រាវយ៉ាងទូលំទូលាយរបស់លោកស្រី Danielle និង លោក Dominique Guéret ចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០១៥។ « ពួកគាត់បានខិតខំប្រឹងប្រែង ចងក្រងឯកសារអំពីផ្ទាំងគំនូរដ៏សម្បូរបែប ដែលបានគូរនៅលើជញ្ជាំងក្នុងវត្តជាង ៣០០០ ចាប់តាំងពីចុងសតវត្សរ៍ទី១៩ ដល់ឆ្នាំ១៩៧៣។ ក្នុងនោះវត្តចំនួន ២០០០ ត្រូវបានថតទុកជារូបភាព»។ នេះជាការបញ្ជាក់របស់លោក ប្លែស។
ដោយផ្តោតរូបគំនូរលើវត្តអារាម ពិព័រណ៍ស្តីពី «ពណ៌ពីអតីតកាល» បានផ្តល់នូវទស្សនៈពិសេស និងប្លែក ដែលលើកឡើងពីជ្រុងម្ខាងនៃប្រធានបទនេះ។ ផ្ទាំងគំនូរនីមួយៗនៅលើជញ្ជាំង បានរៀបរាប់អំពីការវិវត្តរបស់សង្គម ចាប់ផ្តើមពីការទទួលឥទ្ធិពលពីខាងក្រៅនៅចុងសតវត្សរ៍ទី១៩ រហូតដល់មានទំនើបភាព ក្រោយទទួលឯករាជ្យ និងតួនាទីដ៏សំខាន់របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ក្នុងការរួបរួមអធិបតេយ្យភាពជាតិ។
ការតាំងពិព័រណ៍នេះ ក៏ជាការស្វែងយល់ពីការវិវត្តនៃបច្ចេកទេសសិល្បៈគំនូរលើជញ្ជាំង ដែលបានគូរក្នុងវត្តអារាមនៅកម្ពុជា ដោយប្រើពីបច្ចេកទេសបុរាណ រហូតដល់ការប្រើបច្ចេកទេសទំនើប ដូចជា ថ្នាំប្រេង វីនីល និងអាគ្រីលីក។
បើតាមលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ផ្ទាំងគំនូរដែលបានតាំងបង្ហាញក្នុងពិព័រណ៍នេះ ភាគច្រើនប្រមូលបានវត្តអារាម ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម និងរាជធានីភ្នំពេញ។ លោកស្រីបានបញ្ជាក់ថា ៖ « ការតាំងពិព័រណ៍នេះ គឺជាផ្នែកមួយនៃការរំលឹកយើងពីសារៈសំខាន់ដ៏មហិមាពីការអភិរក្សវត្តអារាម និងរូបគំនូរនៅតាមជញ្ជាំង ដែលជាផ្នែកមួយនៃបេតិកភណ្ឌជាតិរបស់យើង»។
ពិព័រណ៍ស្តីពី «ពណ៌ពីអតីតកាល» គឺជាពិព័រណ៍មិនអចិន្ត្រៃយ៍លើកទី២ ដែលត្រូវបានបង្កើតឡើងដោយ ស.ស.រ បន្ទាប់ពីទទួលបានជោគជ័យការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី៖ «ព្រះរាជដំណើររបស់ព្រះបាទស៊ីសុវត្ថិយាងទៅកាន់ប្រទេសបារាំងនៅឆ្នាំ១៩០៦» ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ កាលពីខែតុលា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣៕
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ, លោក សុខ សូកេន រដ្ឋមន្ត្រីទេសចរណ៍, លោក ជា ចាន់តូ ទេសាភិបាលកិតិ្តយសនៃធនាគារជាតិ និងលោក Pellet Jacques ឯកអគ្គរដ្ឋទូតបារាំងនៅប្រចាំ កំពុងទស្សនាវីដេអូពីដំណើររបស់វិចិត្រករ ដែលបានគូរគំនូនៅតាមវត្តអារាម (១៨៩០-១៩៧០)នៅកម្ពុជា”