RFI
អន្តរជាតិ
អាមេរិក-ចិនសន្យារក្សាកិច្ចសន្ទនា ទោះមានគំនិតខ្វែងគ្នាជុំវិញករណីតៃវ៉ាន់និងប្រព័ន្ធបច្ចេកវិទ្យា ក្នុងកិច្ចសន្ទនាគ្នាតាមទូរសព្ទ នៅថ្ងៃទី២មេសា រយៈពេល១ម៉ោងនិង៤៥នាទី ប្រធានាធិបតីអាមេរិកនិងចិន សន្យាបន្តរក្សាកិច្ចសន្ទនា ទោះបីជាមានគំនិតខ្វែងខ្លាំងគ្នាជុំវិញសំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។ AP - Doug Mills
×
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
សហរដ្ឋអាមេរិក និងចិន មានភាពខុសគ្នា ហើយនៅមានគំនិតខ្វែងគ្នាច្រើន ជាពិសេសនៅក្នុងសំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ទោះបីជាយ៉ាងនេះក្តី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និង ប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្យារួមគ្នា នៅក្នុងការឆ្លើយឆ្លងតាមទូរសព្ទពីថ្ងៃទី២មេសា ថានឹងបន្តរក្សាកិច្ចសន្ទនាតទៅទៀត។ ក្នុងដំណើរការបន្តកិច្ចសន្ទនាគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ចូនរដ្ឋមន្ត្រី ២ រូប ជាបន្តបន្ទាប់ ទៅរដ្ឋធានីប៉េកាំង។
នៅលើទិដ្ឋភាពការទូត, មន្ត្រីការបរទេសទាំងអាមេរិកនិងចិន សុទ្ធសឹងតែលើកឡើងថា ប្រមុខរដ្ឋទាំង២បានសន្ទនាគ្នាដោយត្រង់ទៅត្រង់មក និងប្រកបដោយក្តីស្ថាបនា ហើយថែមទាំងបានលាតត្រដាងអំពីសំណុំរឿងដែលយល់ឃើញដូចគ្នា និងគិតខ្វែងគ្នាផង។ ចំណុចរួមដូចគ្នា គឺថា សហរដ្ឋអាមេរិក និងចិន បង្ហាញចេតនាចង់សហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, ការប្រែប្រួលអាកាសធាតុ, បញ្ហាផលវិបាកបង្កដោយបញ្ញាសិប្បនិមិត្ត ហើយនិង រក្សាបន្តកិច្ចសន្ទនាជាមួយគ្នា។ ចំណែកបញ្ហាខ្វែងខ្លាំងគ្នា ពាក់ព័ន្ធសំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។
បើតាមសេតវិមានអាមេរិក, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទាមទារឲ្យរក្សាសន្តិភាពនិងស្ថិរភាពនៅជុំវិញកោះតៃវ៉ាន់។ តៃវ៉ាន់ដែលត្រៀមផ្លាស់ប្តូរមេដឹកនាំក្រុងតៃប៉ិ នៅពេលដ៏ខ្លីខាងមុខ។ នៅថ្ងៃពុធ ទី៣មេសានេះ ក្រសួងការពារជាតិតៃវ៉ាន់ ប្រកាសថា ក្នុង២៤ម៉ោងចុងក្រោយ យន្តហោះចម្បាំងចិន ប្រមាណ៣០គ្រឿងបានហោះកៀកក្បែរកោះតៃវ៉ាន់ជាថ្មីទៀត បន្ទាប់ពីថ្ងៃទី២២មីនា យន្តហោះចិន ៣៥គ្រឿងហោះក្បែរតៃវ៉ាន់។ ផ្ទុយទៅវិញ ចំពោះថ្នាក់ដឹកនាំចិន, ការជ្រោមជ្រែងជួយបង្កើនអាវុធឲ្យតៃវ៉ាន់ពីសំណាក់រដ្ឋបាលក្រុងវ៉ាស៊ីនតោន និងការបញ្ចូលថ្នាក់ដឹកនាំអាមេរិក ហើយសមាជិកសភាជាបន្តបន្ទាប់ ទៅការតៃវ៉ាន់ គឺធ្វើឲ្យរដ្ឋអំណាចចិនខឹងច្រឡោត។ ប្រធានាធិបតីចិន មិនលាក់លៀមភាពខឹងសម្បារនេះឡើយ។ លោក ស៊ី ជីនពីង បញ្ជាក់ទៅសមភាគីថា សំណុំបញ្ហាតៃវ៉ាន់ជាបន្ទាត់ក្រហមទី១ដំបូងគេ ដែលសហរដ្ឋអាមេរិកមិនត្រូវដើររំលងសោះឡើយ។ នេះបើតាមការពាំនាំពាក្យរបស់សារព័ត៌មានរដ្ឋចិន ទាំង ស៊ីនហួរ និងទាំង CCTV។
ក្រៅពីសំណុំរឿងតៃវ៉ាន់និងទាមទារសិទ្ធសេរីភាពធ្វើនាវាចរ, ថ្នាក់ដឹកនាំអាមេរិក ក៏បានព្រមានចិនពីការលូកដៃក្នុងដំណើរការបោះឆ្នោតនៅអាមេរិកក្នុងឆ្នាំនេះ។ បើតាមលោក ចន ឃឺប៊ី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក, លោកប្រធានាធិបតីអាមេរិក នឹងប្រើគ្រប់មធ្យោបាយវិធានការច្បាប់ហាមឃាត់មិនឲ្យចិនលួចយកបច្ចេកវិទ្យាទំនើបរបស់អាមេរិក ទៅបម្រើផលប្រយោជន៍ចិនក្នុងវិស័យយោធានោះឡើយ ហើយជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះដែរ លោក ចូ បៃដិន បញ្ជាក់ជាថ្មីថាមិនបិទប្រព័ន្ធ Tik Tok របស់ចិននៅអាមេរិក តែចង់ឲ្យប្តូរម្ចាស់។
ក្នុងកិច្ចសន្ទនាគ្នាតាមទូរសព្ទ រយៈពេល១ម៉ោងនិង៤៥នាទី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានសម្តែងក្តីបារម្ភបញ្ហាសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលចិនជួយរុស្ស៊ី ក្នុងបរិបទដ៏សង្គ្រាមសព្វថ្ងៃនេះ នៅអ៊ុយក្រែន។ពាក់ព័ន្ធសំណុំរឿងពាណិជ្ជកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុ, លោកស្រី ហ្សាណេត ល្វីស យ៉ាឡែន រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក បានចេញដំណើរស្រេចទៅហើយ នៅថ្ងៃទី៣មេសានេះ តម្រង់ឆ្ពោះទៅប្រទេសចិន ហើយនិងត្រូវជជែកជាមួយថ្នាក់ដឹកនាំចិនជាច្រើនរូប រហូតដល់ថ្ងៃទី៩មេសា។ បន្ទាប់មកទៀត គឺ ដល់វេន លោកប្រមុខការទូតអាមេរិក អង់តូនី ប្ល៊ីងកិន ដែលនឹងត្រូវអញ្ជើញទៅស្រុកចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com