ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ក្រៅពីការលេងល្បែងប្រជាប្រិយ«សង្ក្រាន្តខេត្តកណ្តាល»នឹងមានប្រកួតកីឡាច្រើនប្រភេទ ទិដ្ឋភាពរៀបចំសង្រ្កាន្តខេត្តកណ្ដាល ឆ្នាំ២០២៤
× រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំ «សង្ក្រាន្តខេត្តកណ្តាល» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។ «សង្ក្រាន្តខេត្តកណ្តាល» នឹងមានកម្មវិធីកម្សាន្តជាច្រើន រួមនឹងកម្មវិធីប្រកួតកីឡារត់ប្រណាំង ប្រណាំងកង់ បាល់ទាត់នារី និងកីឡាសីស្លាបផងដែរ។
កម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើន នឹងត្រូវបង្ហាញក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តខេត្តកណ្តាល»។ បើតាមរដ្ឋបាលខេត្តកណ្ដាល ក្នុងព្រឹត្តិការណ៍នេះ នឹងមានពិធីទទួល ទេវតាឆ្នាំថ្មី ការសម្តែងសិល្បៈ របាំប្រពៃណី-របាំបុរាណ កម្មវិធីប្រគំតន្ត្រីបុរាណ-សម័យ កម្មវិធីលេងល្បែងប្រជាប្រិយជាដើម។
ក្រៅពីកម្មវិធីកម្សាន្តសប្បាយទាំងនេះ ក៏មានកម្មវិធីប្រោះព្រំដល់ប្រជាពលរដ្ឋ ការដាក់តាំងបង្ហាញសមិទ្ធផលខេត្ត ការតាំងពិព័រណ៍ពិធីបណ្តែតគោម និងបាញ់កាំជ្រួច នាពេលរាត្រី។ លើសពីនេះ ក៏មានកម្មវិធីកីឡារត់ប្រណាំង ប្រណាំងកង់ កីឡាបាល់ទាត់នារី កីឡាទាញព្រ័ត្រ និងកីឡាសីស្លាបផងដែរ។
រដ្ឋបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ។ គួរជម្រាបថា ក្នុងឆ្នាំ២០២៤នេះ នៅបណ្ដាខេត្តនីមួយ នឹងមានការរៀបចំសង្រ្កាន្តនៅថ្ងៃចូលឆ្នាំផងដែរ៕
Tag:
កណ្ដាល
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com