អន្តរជាតិ
ក្រុមហ៊ុនហិរញ្ញវត្ថុជំរុញចាត់វិធានការខ្លាំងក្លាកាត់បន្ថយការបំពុលប្លាស្ទិក
20, Apr 2024 , 2:40 pm        
រូបភាព
រូបភាព Pixels
រូបភាព Pixels
ក្រុម​ហ៊ុន​ហិរញ្ញវត្ថុ​ចំនួន១៦០ នៅថ្ងៃទី១៩ ខែមេសា បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យល់ព្រម​លើ​សន្ធិសញ្ញា​ដើម្បី​បញ្ចប់​ការ​បំពុល​ប្លាស្ទិកដែល​នឹង​ជួយ​ជំរុញ​សកម្មភាព​វិស័យ​ឯកជន នៅ​មុន​ការ​ចរចា​ជា​សាកលស្តីពីប្លាស្ទិក​​នៅកាណាដា។

កិច្ចប្រជុំលើកទីបួននៃគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាលស្តីពីការបំពុលប្លាស្ទីក (INC-4) នឹង ត្រូវធ្វើឡើងនៅទីក្រុងអូតាវ៉ានៅសប្តាហ៍ក្រោយ ដើម្បីកំណត់មូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងមួយ មុនដំណាច់ឆ្នាំនេះ។
 
ការកាត់បន្ថយកាកសំណល់ដែលគេប៉ាន់ប្រមាណថា ៤០០លានតោនដែលផលិតជារៀងរាល់ឆ្នាំ ជាផ្នែកសំខាន់នៃកិច្ចខិតខំដើម្បីការពារជីវចម្រុះដោយមានមីក្រូផ្លាស្ទិកត្រូវបានរកឃើញគ្រប់ទីកន្លែងតាំងពីនៅតំបន់ភ្នំហិម៉ាឡៃយ៉ាដែលផ្ដល់ប្រភពទឹកដល់ទន្លេសំខាន់ៗរហូតដល់អាហារ និងសូម្បីតែឈាមរបស់មនុស្ស។ 
 
ដើម្បីជួយដោះស្រាយបញ្ហានេះ ក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើន ដែលរួមមានក្រុមហ៊ុនវិនិយោធំបំផុតរបស់អង់គ្លេស គ្រប់គ្រងការវិនិយោគ ផ្នែកច្បាប់និងទូទៅ (LGMI) និងក្រុមហ៊ុនវិនិយោគសោធននិវត្តន៍កាណាដា CDPQ នៅសេចក្តីអំពាវនាវមួយចេញថ្ងៃទី១៩ ខែមេសា បានអំពាវនាវឱ្យមានក្របខ័ណ្ឌគោលនយោបាយដែលគាំទ្រដោយច្បាប់ចង។
 
«ផ្លូវផ្លាស់ប្តូរច្បាស់លាស់មួយដែលបានដាក់ក្នុងសន្ធិសញ្ញា នឹងជួយបង្កើនហិរញ្ញវត្ថុក្នុងទំហំ សម្រាប់កិច្ចការដ៏ធំ ក្នុងការបញ្ចប់ការបំពុលប្លាស្ទិកនៅទូទាំងពិភពលោក»។ ប្រធានសកលនៃនិរន្តរភាព នៅក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុING លោកស្រីAnne-Sophie Castelnau បានលើកឡើងបែបនេះ។
 
លោក Steve Hardman  ​នាយកប្រតិបត្តិនៃអង្គការ Plastic Collective ដែលជាអង្គការក្រៅរដ្ឋាភិបាល និងបានបង្កើតមូលបត្របំណុលកាត់បន្ថយកាកសំណល់ប្លាស្ទិកដំបូងគេជាមួយធនាគារCiti និងធនាគារពិភពលោកបានស្វាគមន៍ការគាំទ្រ ប៉ុន្តែបានអំពាវនាវឱ្យ អាជីវកម្មផ្តល់ដំណោះស្រាយហិរញ្ញវត្ថុបន្ថែមទៀត។
 
ក្នុងចំណោមជំហានជាក់លាក់ ក្រុមទាំងនេះបានអំពាវនាវឱ្យសន្ធិសញ្ញាកំណត់គោលបំណង សម្រាប់ហិរញ្ញវត្ថុសាធារណៈ និងឯកជនទាំងអស់ឱ្យស្របទៅនឹងគោលដៅនៃការលុបបំបាត់ការបំពុលដោយប្លាស្ទិក ស្រដៀងទៅនឹងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងក្របខ័ណ្ឌជីវចម្រុះសកលKunming-Montreal។​ 
 
ក្របខ័ណ្ឌជីវចម្រុះសកល Kunming-Montreal មានគោលដៅរួមចំនួនបួនដែលត្រូវសម្រេចបាននៅឆ្នាំ ២០៥០ ផ្តោតលើប្រព័ន្ធអេកូឡូស៊ី និងសុខភាពប្រភេទសត្វរួមទាំងការបញ្ឈប់ការធ្វើឱ្យផុតពូជសត្វដោយសារមនុស្ស ការប្រើប្រាស់ ជីវចម្រុះប្រកបដោយនិរន្តរភាព ការចែករំលែកអត្ថប្រយោជន៍ដោយសមធម៌ និងលើការអនុវត្ត និងហិរញ្ញវត្ថុដើម្បីរួមបញ្ចូលការបិទគម្លាតហិរញ្ញវត្ថុជីវចម្រុះចំនួន៧០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
 
ក្រុមនេះក៏បានអំពាវនាវឱ្យក្រុមហ៊ុននានាវាយតម្លៃ បង្ហាញពីហានិភ័យ និងឱកាសដែលទាក់ទងនឹងប្លាស្ទិក ក៏ដូចជាកំណត់គោលនយោបាយ និងគោលដៅដែលទាក់ទងនឹងប្លាស្ទិកឱ្យកាន់តែច្បាស់ពីរដ្ឋាភិបាលនៅក្នុងតំបន់ ដូចជាការបង្កើត និងកែច្នៃកាកសំណល់។ បន្ថែមពីនេះ​ ការវិនិយោគឯកជនបន្ថែមទៀតដើម្បីតម្រង់ទៅរកការបញ្ចប់ការបំពុលប្លាស្ទិកក៏ជាផ្នែក មួយនេះការជំរុញឱ្យសម្រេចបានផងដែរ។
 
គួររំលឹកថា កាលពីខែមករា ធនាគារពិភពលោកបានចេញមូលបត្របំណុលចំនួន ១០០លានដុល្លារអាម៉េរិក ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងកាត់បន្ថយប្លាស្ទិកនៅក្នុងហ្កាណា និងឥណ្ឌូណេស៊ី។ វិនិយោគិននឹងត្រូវបានបង់ក្នុងអត្រាមួយដែលភ្ជាប់ទៅនឹងឥណទានកាត់កងចំនួនប្លាស្ទិចរបស់ពួកគេជាមួយនឹង ចំនួនប្លាស្ទិកដែលត្រូវបានកាត់បន្ថយដោយគម្រោង៕

Tag:
 (ប្លាស្ទិក)
© រក្សាសិទ្ធិដោយ thmeythmey.com