ជាតិ
វីដេអូ
​វិទ្យុ​កាស៊ែតចាស់ៗជិត១០គ្រឿង ក្លាយជាវត្ថុលម្អហាងកាហ្វេ
20, Apr 2024 , 7:00 pm        
រូបភាព
រូបភាពវត្ថុបុរាណសប្ដាហ៍ទី15
រូបភាពវត្ថុបុរាណសប្ដាហ៍ទី15
​​វិទ្យុ​ចាស់ៗជិត១០គ្រឿង ត្រូវ​បាន​គេ​ដាក់​តាំង​លម្អ នៅ​ជាន់​​លើនៃសាខា​ហាង​កាហ្វេ TEMPLE នៃ​វិថី​ឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់​បឹង​កេងកង ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ។ វិទ្យុទាំង​អស់​នោះ ​ត្រូវ​បាន​ផលិត​ក្នុង​​ទសវត្សរ៍១៩៨០ និងទសវត្សរ៍​១៩៩០។ ស្ទើរ​តែ​ទាំង​អស់មាន​ពណ៌​ខ្មៅ​ និង​ពណ៌​ប្រផេះ និងពណ៌​ក្រហម ​មានតែ​១គ្រឿងប៉ុណ្ណោះ។ មាន​ម៉ាក​ផ្សេងៗ ជា​ពិសេស​ម៉ាក​ជប៉ុន ឧទាហរណ៍​ដូច SHARP។ ភាគច្រើន​គឺជា​វិទ្យុ​ឌុបកាស៊ែត។ មាន​ន័យ​ថា ជាប្រដាប់​​ស្ដាប់​វិទ្យុ​ផង និង​ម៉ាញ៉េ​ដាក់​កាស៊ែត​២ផង។ ​វិទ្យុ​កាស៊ែត​ធម្មតា​ក៏មាន វិទ្យុ​សុទ្ធ​ក៏​មាន វិទ្យុ​ស៊ីឌី​ក៏មាន​ដែរ។ ប៉ុន្តែ​គ្មាន​ម៉ាញ៉េ​សុទ្ធ​ទេ។ ដោយ​សារ​មាន​ប្រភេទ​ផ្សេងៗ​​ដូច​នេះ វា​មានរាង​តូចធំ​​​​​​​​​​​​ វែង​ខ្លី​តាម​ប្រភេទ​ហ្នឹងហើយ។ ទាំង​អស់​នៅ​ក្នុង​សភាព​ចាស់។ ខ្លះ​មិន​ត្រូវបាន​សំអាត ដែល​ធ្វើ​ឱ្យ​នៅ​តែមាន​ធូលី​ដី​ក្នុង​ជ្រុង ដើម្បី​បង្ហាញ​អំពី​អាយុកាល​របស់​វា។ ប្រហែល​ជាក្បាល​កាស៊ែត និង​ក្បាល​ស៊ីឌី​លែង​ដើរ​ហើយ។ ក៏​ប៉ុន្តែ​ប្រហែល​ជា​នៅ​តែ​អាច​ស្ដាប់​វិទ្យុ​បាន មិន​ថារលក​ធាតុ​អាកាស FM ឬ AM ពីព្រោះ​វា​មិន​ងាយ​ខូចទេ។

សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
​​កាល​ពី​បុរាណ​កាល មនុស្ស​ប្រើ​សំឡេង​ខ្លួនឯង ឬគោះវត្ថុ បង្កើតជាភ្លេង ដោយការ​ទាក់ដៃ គោះថ្ម ឬ​ឈើ។ ឆ្នាំ១៨៥៧ នៅប្រទេសបារាំង លោក SCOTT DE MARTINVILLE Édouard-Léon បានបង្កើតម៉ាស៊ីនថតសំឡេងមុនគេបង្អស់។ ឆ្នាំ១៨៧៧ នៅសហរដ្ឋ​អាម៉េរិក លោក EDISON Thomas បង្កើតម៉ាស៊ីនថត និងចាក់​សំឡេងមុនគេទាំងអស់។ ឆ្នាំ១៨៩៦ នៅប្រទេស​អ៊ីតាលី លោក MARCONI Guglielmo បង្កើត​ប្រដាប់​មួយសម្រាប់​ទទួល​សំឡេង​ នៃ​វិទ្យុ​គម​នាគមន៍។ ដើម្បី​ផ្ទុក​សំឡេង រហូតដល់សង្គ្រាមពិភពលើកទី២ គេប្រើថាស៧៨ជុំ។ ចាប់ពីចុងទស្សវត្សរ៍១៩៤០ គេបែរទៅប្រើប្រព័ន្ធថាស៣៣ និង ៤៥​ជុំវិញ រហូតដល់ចុងទស្សវត្សរ៍១៩៨០។
 
ឆ្នាំ​១៩៦៣ ក្រុមហ៊ុន​អឺរ៉ុប PHILIPS បង្កើត​កាស៊ែត។ កាលពី​ដំបូង មិនទាន់​មាន​ម៉ាញ៉េ ដើម្បី​ថត​សំឡេងក្នុង​កាស៊ែត​ទេ មាន​តែ​ដើម្បី​ស្ដាប់​ប៉ុណ្ណោះ។ បង្កើត​ម៉ាញ៉េ​ហើយ គេ​ផ្គុំ​ម៉ាញ៉េ និង​វិទ្យុ​ជា​មួយ​គ្នា ធ្វើជាវត្ថុ​តែ​មួយ។ នៅ​ប្រទេស​ខ្មែរ នៅ​តែ​មាន​លោក​អាចារ្យ​វ័យ​ចំណាស់​មួយ​ចំនួន ដែល​បន្ត​ប្រើ​កាស៊ែត។ រីឯ CD វិញ គឺក្រុមហ៊ុន​ PHILIPS រួមជាមួយ​ក្រុមហ៊ុនជប៉ុន SONY ដែល​ជា​អ្នក​បង្កើតត្រឹម​ឆ្នាំ​១៩៧៩។ វា​ពេញ​និយម ​នា​ទសវត្សរ៍​១៩៩០ និង២០០០។ នា​ពេល​បច្ចុប្បន្ន​ គេ​បែរ​ទៅលែង​​ប្រើ​វត្ថុផ្ទុក​សំឡេង​តែ​ម្ដង វា​ក្លាយ​ទៅ​ជា​ទិន្នន័យ​សុទ្ធ។
 
ពាក្យ កាស៊ែត ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង cassette ។ ពាក្យ​ ស៊ីឌី ជា​ពាក្យ​កម្ចី​ពី​ភាសា​អង់គ្លេស និង​បារាំង Compact Disc (Compact Disque) ដែល​មាន​ន័យ​ថា ថាសណែន ព្រោះ​ជា​ឌីស ដែល​ផ្ទុក​ទិន្នន័យ​ច្រើន (៦៥០ Mo)។
 
ហាង​ TEMPLE ជា​អាហារដ្ឋាន ហាង​កាហ្វេ និង​ឌីស្កូទែក ​ដែល​តុបតែង​ជាមួយ​វត្ថុ​បុរាណ។ Temple គឺជា​ពាក្យ​បារាំង ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ប្រាសាទ។ ពី​ដំបូង​ត្រូវ​បាន​បង្កើត​យីហោ​នេះ ​នៅ​ក្រុង​សៀមរាប ពីព្រោះវត្ថុ​បុរាណ​សម​នឹង​ប្រាសាទ​បុរាណ ដែល​មាន​ចំនួន​២០០ នៅ​ឯ​អង្គរ។ ហើយ​តាំង​ពី​ជំងឺ​កូវីដ​បាន​ផ្ទុះ​ឡើង ក៏​មាន​ហាង TEMPLE នៅ​រាជធានី​ភ្នំ​ពេញ​​​ដែរ៕
 
 

Tag:
 វិទ្យុ
  ម៉ាញ៉េ
  កាសែត
  ស៊ីឌី
  សម្ភារចាស់ៗ
  ឧបករណ៍អេឡិចត្រូនិកចាស់ៗ
© រក្សាសិទ្ធិដោយ thmeythmey.com