អន្តរជាតិ
ប្រមុខការទូតអាស៊ាន ជំរុញឱ្យភាគីនៅមីយ៉ាន់ម៉ាអនុវត្តឈប់បាញ់ជាថ្មី រូបភាព AP
× រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៨ ខែមេសា បានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ដែលនៅតែបន្តនៅមីយ៉ាន់ម៉ា ជាពិសេសជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនជាប់ជាមួយថៃ។ ត្រង់ចំណុចនេះ ប្រមុខការទូតអាស៊ាន បានជំរុញជាថ្មីឱ្យមីយ៉ាន់ម៉ាមានបទឈប់បាញ់។
នៅពេលថ្មីៗនេះ ក្រុមប្រដាប់អាវុធជនជាតិភាគតិច សហភាពជាតិ Karen បានគ្រប់គ្រងប៉ុស្តិ៍យោធានៅតំបន់ព្រំដែនMyawaddy ដែលមានការធ្វើពាណិជ្ជកម្មជាច្រើនលានដុល្លាររវាងមីយ៉ាន់ម៉ា និងថៃ។ ការប៉ះទង្គិចនេះ បានធ្វើឱ្យប្រជាជនជាច្រើន បានភៀសខ្លួនចូលព្រំដែនថៃ។ កន្លងមក រដ្ឋាភិបាលថៃ បានត្រៀមកម្លាំងយោធាជាច្រើននៅតាមព្រំដែន ដើម្បីទប់ស្កាត់ការរីកសាយជម្លោះចូលប្រទេសខ្លួន។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអំពាវនាវឱ្យមានបទឈប់បាញ់ជាថ្មី នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៨ ខែមេសា។
«យើងជំរុញឱ្យភាគីទាំងអស់អនុវត្តបទឈប់បាញ់ភ្លាមៗ និងរឹតត្បិតឱ្យបានខ្លាំងបំផុត រួមទាំងអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និងចាត់វិធានការគ្រប់ទាំងអស់ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងការពារសុវត្ថិភាពប្រជាជនស៊ីវិល»។ ប្រមុខការទូតអាស៊ាន បានសង្កត់ធ្ងន់បែបនេះ។
ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានប៉ះទង្គិចជាមួយយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំង ហើយបានដណ្តើមគ្រប់គ្រងប៉ុស្តិយោធា និងប៉ូលិសជាបន្តបន្ទាប់។ ការប៉ះទង្គិចគ្នានេះ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រជាជនស៊ីវិល ខណៈប្រជាជនជាច្រើននាក់ បានភៀសខ្លួនរកកន្លែងសុវត្ថិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com