RFI
អន្តរជាតិ
សភាអាមេរិក​ដាក់​សម្ពាធ​បង្ខំ​ឲ្យ TikTok ផ្តាច់​ពី​​ក្រុម​ហ៊ុន​ចិន​ បើ​មិនដូច្នេះទេ​ ត្រូវ​បិទ​ចោល
23, Apr 2024 , 8:29 am        
រូបភាព
សភាអាមេរិកដាក់សម្ពាធបង្ខំឲ្យ TikTok ផ្តាច់ពីក្រុមហ៊ុនចិន បើមិនដូច្នេះទេ ត្រូវបិទចោល។ AFP - KIRAN RIDLEY
សភាអាមេរិកដាក់សម្ពាធបង្ខំឲ្យ TikTok ផ្តាច់ពីក្រុមហ៊ុនចិន បើមិនដូច្នេះទេ ត្រូវបិទចោល។ AFP - KIRAN RIDLEY
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
 
ទីបំផុតទៅ សភាសហរដ្ឋអាមេរិក បាន​​អនុម័ត​យល់​ព្រម​ផ្តល់​កញ្ចប់​ថវិកា​ជំនួយ​ជាច្រើន​ដល់​អ៊ុយក្រែន អ៊ីស្រាអែល និង​ជំនួយ​មនុស្សធម៌​នៅ​តំបន់​ហ្កាហ្សា កាលពី​ថ្ងៃទី​២០មេសា។ ក្នុងពេល​ជាមួយគ្នា​នោះ​ សភាសហរដ្ឋអាមេរិក​ក៏បាន​​សម្រេច​សំណើច្បាប់ថ្មី ដាក់​សម្ពាធ​បន្ថែមទៀត ​បង្ខំ​ឲ្យក្រុមហ៊ុន​បណ្តាញសង្គម​ TikTok ផ្តាច់ខ្លួន​​​ឲ្យ​ដាច់​ស្រឡះពី​​ក្រុម​ហ៊ុន​ចិន។​​​ បើ​មិនដូច្នេះទេ​ នឹង​ត្រូវហាមឃាត់​ឈប់​ឲ្យ​ប្រើប្រាស់​នៅលើទឹកដី​សហរដ្ឋ​​អាមេរិក​។​

 
ច្បាប់​ចាប់​បង្ខំ​ដាក់​សម្ពាធ​លើក្រុម​ហ៊ុន​ TikTok ឲ្យ​ផ្តាច់ខ្លួន​​​ឲ្យ​ដាច់​ស្រឡះពី​​ក្រុម​ហ៊ុន​ចិន​​​ ត្រូវ​សមាជិក​សភា​អាមេរិក បោះឆ្នោត​យល់​ព្រម ក្នុង​សំឡេង​ភាគ​ច្រើន​លើសលប់ ៣៦០សំឡេង​គាំទ្រ ទល់​នឹង សំឡេង​ប្រឆាំង តែ ​៥៨ ប៉ុណ្ណោះ។ សមាជិក​សភា គណ​បក្ស​សាធារណៈរដ្ឋ ​នៅ​រដ្ឋ​តិចសាច់​ លោក​ Michael McCaul ​​​ដែល​បោះឆ្នោត​គាំទ្រច្បាប់​នេះ បាន​ចង្អុរបង្ហាញថា  TikTok ជាការ​គំរាមកំហែង​និង​បង្ក​​គ្រោះថ្នាក់​សម្បើមណាស់​ដល់​សន្តិសុខ​ជាតិ​អាមេរិក។ អ្នក​តំណាងរាស្ត្ររូប​នេះ បាន​ប្រៀប​ធៀប​ TikTok ទៅនឹង​បាឡុងចារកិច្ច​ចិន ដែលជ្រៀត​​ចូល​ទៅក្នុង​ទូរសព្ទ​ដៃ​ពលរដ្ឋ​អាមេរិក​, ហើយ​វា​ជារនុកក្នុង​ដើម្បី​ស៊ើប​យកការណ៍​សម្ងាត់បម្រើ​ផលប្រយោជន៍​ឲ្យ​​មនោគម​​វិទ្យា​របស់​​គណ​បក្សកុម្មុយនិស្តចិន​ប៉េកាំង។​
 
អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​នៅអាមេរិក បាន​នាំគ្នារិះគន់ថា ការ​ហាមឃាត់​ TikTok ប្រៀបបាន​នឹងការ​បិទផ្តាច់​សិទ្ធសេរីភាព​បញ្ចេញ​មតិ​ដូច្នោះ​។ សូម្បីតែ​មហាសេដ្ឋី​បច្ចេកវិទ្យា Elon Musk ក៏​ប្រកាស​ជំទាស់នឹង​ការ​ហាមឃាត់​នេះដែរ បើទោះបី​ជាការ​បិទ​ TikTok អាច​នឹងនាំឲ្យ​គេ​នាំគ្នា​រត់ទៅប្រើ​បណ្តាញ​សង្គម​X របស់​លោកក្តី​។ ថ្លែង​ពីថ្ងៃសុក្រទី១៩មេសា​​ លោកយល់ថា ការ​ហាម​​ TikTok ​ប៉ះពាល់​ដល់​សិទ្ធិបញ្ចេញមតិ។​​ ទន្ទឹម​នឹង​គ្នា​នេះ អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​​ TikTok នៅសហរដ្ឋអាមេរិក បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន​បារាំង អាអេហ្វប៉េ ថា ការ​​បិទហាមឃាត់ ​ TikTol ប៉ះពាល់​បំផ្លិច​បំផ្លាញ​ដល់ ៧ លាន ​​ក្រុមហ៊ុន​សហគ្រាស ហើយ​និង​ប៉ះពាល់​ដល់​សមាជិក​គ្រួសារ​ជាច្រើន​​លាននាក់​ដែលរស់នៅ​​រំពឹង​ចំណូល​ពី TikTok។ TikTok ក្នុង​មួយឆ្នាំៗ អាច​ចូលរួម​ចំណែក​រកប្រាក់​​ចំណូល​ប្រមាណ ២៤ ពាន់​លាន​ដុល្លារ ដល់​សេដ្ឋកិច្ច​អាមេរិក។​
 
បណ្តាញ​សង្គមចិន​​ TikTok ជំនាញ​ខាង​វីដេអូកម្សាន្ត​ខ្លីៗ កំពុង​មា​នប្រជាប្រិយភាព​ខ្លាំងណាស់​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណជា ១៧០ លាន​នាក់​។​ TikTok ជាក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ របស់ក្រុមហ៊ុន​មេ ByteDance មូលដ្ឋាន​នៅស្រុក​​ចិន។ សំណើច្បាប់ថ្មីអាមេរិក​ បង្ខំ​ឲ្យ​បណ្តាញ​សង្គម​នេះ ផ្តាច់​ខ្លួន​ឲ្យ​ស្រឡះ​ពីក្រុម​ហ៊ុន​មេនៅចិន​ ដោយ​ទុករយៈ​ពេល​ចំនួន​១២ខែ​ បើ​ពុំដូច្នេះទេ វា​នឹង​ត្រូវ​បិទ​​​បាត់​ស្រមោល​ពី​ទឹកដី​អាមេរិក។​
 
ក្រោយពីឆ្លងផុតរដ្ឋ​សភា, ច្បាប់ចាប់​បង្ខំ​ចំពោះTikTok​នេះ​ នឹងត្រូវ​ដាក់​ឲ្យ​ព្រឹទ្ធសភា​អាមេរិក​ បោះឆ្នោត​សម្រេចនៅ​ថ្ងៃអង្គារ ទី​២៣ មេសា​។ ​​ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែល​​ធ្លាប់​បាន​សម្តែង​ក្តីបារម្ភ​ពីការ​ប្រើប្រាស់TikTok ​បាន​ប្រកាស​ថា​រង់ចាំ​តែ​ច្បាប់មកដល់​តុការិយា​ល័យ ហើយលោក​នឹងចុះហត្ថលេខាភ្លាម​តែម្តង៕

© រក្សាសិទ្ធិដោយ thmeythmey.com